គ្រោះទឹកជំនន់ប៉ះពាល់ ១០ខេត្តក្នុងប្រទេសកម្ពុជា គ្រួសាររងគ្រោះកើនឡើងដល់ជាង ៨ ម៉ឺនគ្រួសារ ខណៈជំនួយសង្គ្រោះបន្ទាន់ត្រូវបានចាត់ចែងជាបន្តបន្ទាប់
01-10-2026 16:24
(ភ្នំពេញ)៖ យោងតាមរបាយការណ៍បច្ចុប្បន្នភាពរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៥ និង០០នាទី ស្ថានភាពគ្រោះទឹកជំនន់នៅកម្ពុជាបានជះឥទ្ធិពល និងបង្កផលប៉ះពាល់ដល់រាជធានី-ខេត្តចំនួន១០ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ ដោយគ្របដណ្តប់លើក្រុង និងស្រុកសរុបចំនួន ៥៥។
លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ចំនួនប្រជាពលរដ្ឋរងផលប៉ះពាល់សរុបបានកើនឡើងដល់ ៨០,៤៦០គ្រួសារ ដែលជាចំនួនកើនឡើង ៦,៥៣៨គ្រួសារ បើធៀបនឹងថ្ងៃម្សិលមិញ។
ក្នុងនោះ មានផ្ទះសម្បែងរងផលប៉ះពាល់ចំនួន ៦៨,៣៣៤ខ្នង និងគ្រួសារដែលត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាពមានចំនួន ៨,០៤២គ្រួសារ។ ជាមួយគ្នានេះ ផ្ទៃដីបង្កបង្កើនផលស្រូវរបស់ប្រជាកសិករត្រូវបានទឹកជន់លិចអស់ប្រមាណ ១៥៦,១២៥ហិកតា។
លោក បានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមខេត្តទាំង ១០ខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេគឺ ខេត្តបាត់ដំបង ដោយមានប្រជាជនរងគ្រោះ ៤២,៦១២គ្រួសារ ជម្លៀស ៣,៦២០គ្រួសារ និងផ្ទៃដីស្រូវរងការខូចខាតប្រមាណ ៩៥,៣៤៨ហិកតា។ បន្ទាប់មកគឺ ខេត្តបន្ទាយមានជ័យ ដែលប៉ះពាល់ប្រជាជន ៧,៨៧៧គ្រួសារ ជម្លៀស ២,៧២៣គ្រួសារ និងស្រូវ ២១,៩៤២ហិកតា ព្រមទាំងខេត្តសៀមរាប ដែលប៉ះពាល់ប្រជាជន ១៩,៩២៦គ្រួសារ ជម្លៀស ២១គ្រួសារ និងស្រូវ ២៨,៥៣៣ហិកតា។
ដើម្បីឆ្លើយតបចំពោះស្ថានការណ៍បន្ទាន់នេះ អាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូបាននិងកំពុងចុះអន្តរាគមន៍យ៉ាងសកម្ម ដោយក្នុងនោះ ប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានផ្តល់កញ្ចប់ស្បៀងសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋចំនួន ២,០០០គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា បានចែកកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋចំនួន ១,៥០០គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ហើយ ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយ អង្គការ UNICEF បានផ្តល់សម្ភារៈអនាម័យ និងទឹកស្អាតជូន ១,៥០០គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យផងដែរ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា ទោះបីជាចំនួនប្រជាពលរដ្ឋរងផលប៉ះពាល់មានការកើនឡើង (ភាគច្រើននៅខេត្តបន្ទាយមានជ័យ និងសៀមរាប) ក៏ដោយ ប៉ុន្តែយោងតាមរបាយការណ៍ និងការព្យាករណ៍របស់ក្រសួងជំនាញ បរិមាណទឹកភ្លៀងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះមានការថយចុះយ៉ាងខ្លាំង ហើយកម្រិតទឹកភ្លៀងត្រូវបានរំពឹងថានឹងបន្តថយចុះបន្ថែមទៀតក្នុងរយៈពេល ៣ថ្ងៃខាងមុខនេះ៕

