រដ្ឋមន្រ្តី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនប្រមាណ ១ ២៥៨នាក់ នៅខេត្តតាកែវ
01-10-2026 16:02
(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនមកពីស្រុកគិរីវង់ ស្រុកកោះអណ្ដែត និងស្រុកបូរីជលសារ ខេត្តតាកែវ ដោយមានការចូលរួមពីអតីតយុទ្ធជន និងនិវត្តជនសរុបប្រមាណ ១២៥៨នាក់ នៅសាលាស្រុកគិរីវង់ ខេត្តតាកែវ។
ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះអតីតយុទ្ធជន និងនិវត្តជននៅក្នុងស្រុកទាំង ៣នេះ។
លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងអស់ដែលបានកសាង និងបន្សល់ទុកនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ដូចជាការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាដើម។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានជម្រាបជូនអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សាភ្ជាប់ទៅនឹងបទពិសោធផ្ទាល់ខ្លួនដែលកាលពីឆ្នាំ១៩៩៧ លោកបានធ្វើដំណើរទៅចុះជួយមូលដ្ឋាន ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ដែលពេលនោះ ការធ្វើដំណើរដោយឡានត្រូវការរយៈពេលជាង ១១ម៉ោង និងផ្ទុយពីបច្ចុប្បន្នដែលត្រូវការត្រឹមជាង ២ម៉ោងប៉ុណ្ណោះ។
លោករដ្ឋមន្រ្តី បានអំពាវនាវឱ្យលោកយាយ លោកតា អ៊ុំ ពូ មីង បន្តដាស់តឿនក្មេងៗជំនាន់ក្រោយ ឱ្យខិតខំរៀនសូត្រ និងជៀសវាងពីគ្រឿងស្រវឹង និងចែករំលែកបទពិសោធល្អៗ ដើម្បីក្មេងៗជំនាន់ក្រោយអាចបន្តចូលរួមអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គពិធីអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសេដ្ឋកិច្ច និងដោះស្រាយបញ្ហាជម្លោះព្រំដែន និងចូលរួមដោះស្រាយបញ្ហាជម្លោះព្រំដែនតាមយន្តការនៃការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រជាមួយនឹងប្រទេសថៃ ជាដើម។
មុននឹងបញ្ចប់ លោករដ្ឋមន្រ្តី បានជម្រាបជូនលោកយាយ លោកតា អ៊ុំ ពូ មីង ដែលជាអតីតយុទ្ធជន និងនិវត្តជន អំពីអត្ថប្រយោជន៍ផ្សេងៗ រួមមានសេវាសុខាភិបាល ការជួយសាងសង់លំនៅដ្ឋាន និងប្រាក់ឧបត្ថម្ភជាដើម ព្រមទាំងបានលើកទឹកចិត្តឱ្យលោកយាយ លោកតា អ៊ុំ ពូ មីង ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះ ក្នុងការថែទាំសុខភាពឱ្យបានល្អផងដែរ៕







