FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី សហការជាមួយសមាគមទេសចរណ៍កម្ពុជា សាខាខេត្តសៀមរាប រៀបចំវេទិកាជំនួបទ្វេភាគី ដើម្បីជំរុញការផ្សារភ្ជាប់ទំនាក់ទំនង​វិស័យទេសចរណ៍

01-10-2026 16:00

(សៀមរាប)៖ ក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី ឬ Tourism Malaysia សហការជាមួយសមាគមទេសចរណ៍កម្ពុជា សាខាខេត្តសៀមរាប (CATA) នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ បានរៀបចំវេទិកាជំនួបទ្វេភាគី ដើម្បីជំរុញការផ្សារភ្ជាប់ទំនាក់ទំនង​វិស័យទេសចរណ៍បន្ថែម ម៉ាឡេស៊ី និងខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនោះ លោក ម៉ៅ សាវ៉ាត ប្រធានសមាគមទេសចរណ៍កម្ពុជា សាខាខេត្តសៀមរាប (CATA) មានប្រសាសន៍ថា ការរៀបចំវេទិកា Tourism Malaysia B2B & Networking Sesion 2026នេះ គឺពិតជាមានសារសំខាន់ណាស់ ក្នុងការពង្រឹងការផ្សព្វផ្សាយវិស័យទេសចរណ៍ កម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

លោកក៏បានជំរុញឱ្យប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តសៀមរាប សាកសួរព័ត៌មានបន្ថែមទៅកាន់ប្រតិបត្តិករម៉ាឡេស៊ី ស្របពេលបច្ចុប្បន្ន កំណើនទេសចរកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី មានការកើនឡើងគួរឱ្យកត់សម្គាល់។ ការកើនឡើងនេះ គឺទាំងដំណើរកម្សាន្ត និងទេសចរណ៍សុខភាព ក្រោយពេលមានជម្លោះព្រំដែនជាមួយប្រទេសថៃ។ ពលរដ្ឋកម្ពុជា បានងាកទៅរកទីផ្សារម៉ាឡេស៊ីជំនួស ខណៈដែលប្រទេសមួយនេះ មានការរីកចម្រើនវិស័យសេដ្ឋកិច្ច និងសុខាភិបាលគួរឱ្យកត់សម្គាល់។

លោក ម៉ៅ សាវ៉ាត បញ្ជាក់ថា ដើម្បីត្រៀមទទួលទេសចរមូស្លីមឲ្យបានសមរម្យ ប្រតិបត្តិករទេសចរទាំងអស់ គួរតែរៀបចំកន្លែង និងសេវាកម្មរបស់ខ្លួន ដោយផ្ដោតលើតម្រូវការសាសនា។ បន្ថែមពីនេះ លោកក៏បានជំរុញឱ្យមានការអភិវឌ្ឍវិស័យអាហារហាឡាល់ឲ្យកាន់តែច្រើន ដើម្បីបំពេញតម្រូវការទីផ្សារ ក្នុងពេលបច្ចុប្បន្ន និងអនាគត។

លោកស្រី Baizuri Baharum នាយិកាផ្នែកផ្សព្វផ្សាយអន្តរជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី (Tourism Malaysia) បានបង្ហាញសញ្ញាជាវិជ្ជមាន និងរីករាយចំពោះកំណើន​ទេសចរកម្ពុជាទៅកាន់ម៉ាឡេស៊ី។

លោកស្រី បញ្ជាក់ថា ម៉ាឡេស៊ីបានទទួលភ្ញៀវទេសចរពីកម្ពុជាចំនួន ៤៨ ០២៨ នាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៦ កើនឡើង ៥២,៣% បើធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥ ម៉ាឡេស៊ីទទួលបានទេសចរកម្ពុជា សរុប ៣១ ២៥២នាក់។ បច្ចុប្បន្នកម្ពុជា និងម៉ាឡេស៊ី មានជើងហោះហើរនឹងគ្នា ៥១ជើងក្នុងមួយសប្តាហ៍ ដែលផ្តល់កៅអីសរុប ៨ ៨៥៤។

លោកស្រី Baizuri Baharum បានចាត់ទុកវេទិកានៅពេលនេះថា មានសារសំខាន់ ក្នុងការជំរុញទីផ្សារទេសចរណ៍បន្ថែមរវាងប្រទេសទាំងពីរ។ លោកស្រីក៏បានឲ្យ​សមាគមទេសចរណ៍កម្ពុជា (CATA) ឱ្យដាក់បញ្ចូលគោលដៅទេសចរណ៍ម៉ាឡេស៊ី​ក្នុងកញ្ចប់ដំណើរកម្សាន្តរបស់ខ្លួន និងអះអាងថា Tourism​Malaysia ត្រៀមជួយរៀបចំដំណើរ​ទស្សនកិច្ច ​ស្វែងយល់សម្រាប់ប្រតិបត្តិករ ការផ្សព្វផ្សាយរួម និងជំនួបធុរកិច្ចជាមួយដៃគូជាមួយកម្ពុជាផងដែរ។

វេទិកានេះ ធ្វើឡើងស្របពេលម៉ាឡេស៊ីផ្សព្វផ្សាយយុទ្ធនាការ ឆ្នាំទស្សនាម៉ាឡេស៊ី ២០២៦-២០២៧ ឬ Visit Malaysia 2026–2027។ ក្រៅពីនៅខេត្តសៀមរាប វេទិកានេះ ក៏បានរៀបចំនៅរាជធានីភ្នំពេញ កាលពីនៅថ្ងៃទី២៩ ខែកញ្ញាកន្លងទៅ នៅសណ្ឋាគារ Sun &Moon។ វេទិកានេះ មានតំណាងពីវិស័យឯកជន មន្ទីរពេទ្យ និងទីភ្នាក់ងារសុខាភិបាលពីប្រទេសម៉ាឡេស៊ី ជួបជជែក និងចែករំលែកព័ត៌មាន ទៅកាន់តំណាងទីភ្នាក់ងារទេសចរណ៍ក្នុងខេត្តសៀមរាប។

សូមជម្រាបថា ម៉ាឡេស៊ីជាគោលដៅទេសចរណ៍ដ៏ពេញនិយមនៅក្នុងតំបន់ ដោយក្នុងនោះ ម៉ាឡេស៊ីទទួលបានភ្ញៀវអន្តរជាតិ ២១,១ លាននាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៦ កើនឡើង ២,៥% ពីចំនួន ២០,៦ លាននាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥៕