FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាល ប្តេជ្ញាលើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់ (Video inside)

01-10-2026 15:59

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់អាទិភាពខ្ពស់ក្នុងការយកចិត្តទុកដាក់លើការងារមនុស្សវ័យចាស់ ដោយបានបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលជាយន្តការស្នូលសម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០។ នេះបើយោងតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។

សម្តេចធិបតីបានគូសបញ្ជាក់ថា គ្រប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល តែងតែផ្តល់ការយកចិត្តទុកដាក់លើការងារមនុស្សវ័យចាស់ ជាអាទិភាពក្នុងចំណោមអាទិភាពនានា។ ជាក់ស្តែង រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះការអភិវឌ្ឍវិស័យសង្គមកិច្ចជាអាទិភាពសំខាន់មួយនៅក្នុងបញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស និងក្នុងមុំទី៤ ការពង្រឹងប្រព័ន្ធគាំពារសង្គមនិងប្រព័ន្ធស្បៀង ដែលមានគោលដៅជាយុទ្ធសាស្ត្រ គឺការកសាងនិងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំនិងសង្គតិភាពទាំងក្នុងប្រព័ន្ធជំនួយសង្គមនិងប្រព័ន្ធសន្តិសុខសង្គម និង ការពង្រឹងប្រព័ន្ធស្បៀងនិងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលបានជំរុញការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងកាត់បន្ថយភាពក្រីក្រជាអតិបរមា។ ជាក់ស្តែងកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារក៏បានផ្តល់ការគាំពារយ៉ាងសកម្មដល់គ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងនោះរួមមាន ការឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង) ផងដែរ។ ស្របជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ជំនួយមនុស្សធម៌ ការសង្គ្រោះដល់មនុស្សចាស់ ដែលទទួលរងផលប៉ះពាល់ពីការឈ្លានពានរបស់យោធាថៃ តាមបណ្តោយព្រំដែន ដើម្បីធានាឱ្យជនចាស់ជរាទទួលបានសុខសុវត្ថិភាព អាហារហូបចុក សេវាសុខភាព ទីជម្រកសមរម្យ ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការភៀសសឹកក៏ដោយ។

ក្នុងពេលជាមួយគ្នានេះដែរ សមាគមមនុស្សចាស់និងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ដើម្បីថែរក្សាឧត្តមប្រយោជន៍ និងគាំទ្រដល់ស្ថានភាពជីវភាពរស់នៅរបស់មនុស្សវ័យចាស់។ មនុស្សវ័យចាស់ត្រូវទទួលបាននូវការជួយឧបត្ថម្ភគាំទ្រដោយក្រសួង ស្ថាប័ន ដែលមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា សប្បុរសជននានា និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។

សម្តេចបវរធិបតីបន្ថែមថា «សកម្មភាពប្រកបដោយសប្បុរសធម៌ទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីវប្បធម៌ជួយឧបត្ថម្ភគាំទ្រគ្ នានិងការរួបរួមគ្នាជួយជ្រោមជ្រែងដោះស្រាយ នូវទុក្ខលំបាករបស់ជនរួមជាតិ ជាពិសេសមនុស្សវ័យចាស់ ជរា ព្យាធិ មានពិការភាព ក្រីក្រ គ្មានទីពឹងនៅក្នុងសង្គមជាតិយើង។»

ទន្ទឹមគ្នានេះ សម្តេចបានកោតសរសើរចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលបាននិងកំពុងយកចិត្តទុកដាក់អនុវត្ត ហើយបាននិងបន្តអនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ និងសូមកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងសមាគមនានា ដែលបានធ្វើសកម្មភាពគាំទ្រប្រកបដោយមនុស្សធម៌និងសាមគ្គីធម៌ចំពោះមនុស្សចាស់នៅតាមសហគមន៍នានា៕