FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ វាយតម្លៃលើការថែទាំខួបផ្លូវ ១ខ្សែ នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

01-10-2026 15:54

(កំពង់ឆ្នាំង)៖ លោក បាន បូរ័ត្ន អនុរដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ វាយតម្លៃ លើការថែទាំខួបផ្លូវចំនួន ១ខ្សែ ដោយក្រាលល្បាយក្រួសប្រវែងជាង ៨ ពាន់ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅក្នុង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលគម្រោងថែទាំនេះ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង។

នាឱកាសនោះលោកអនុរដ្ឋលេខាធិការ បានលើកឡើងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយ ភាពវៃឆ្លាត និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយនៅក្នុងផ្ទៃប្រទេស ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្ថេរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម, ជាក់ស្តែងមកដល់ពេលនេះ រាជរដ្ឋាភិបាលបានបន្តអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន កំពុងកើតឡើងជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់សេដ្ឋកិច្ច និងសង្គម ជាពិសេសការរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទផ្ទាល់។

លោក បាន បូរ័ត្ន បានបញ្ជាក់ជុំវិញការងារស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ គឺជាការវិនិយោគដ៏ចាំបាច់របស់រាជរដ្ឋាភិបាល ព្រោះការតភ្ជាប់បណ្តាញផ្លូវនៅតាមជនបទពិតជាមានសារៈសំខាន់ណាស់ ក្នុងនោះក្រៅពីការធ្វើដំណើរ ផ្លូវគឺជា សរសៃឈាមនៃសេដ្ឋកិច្ចដូចជា ការដឹកកសិផលទៅកាន់ទីផ្សារទៅឧស្សាហកម្ម រោងចក្រ និងសហគ្រាស និងការប្រកបមុខរបរផ្សេងៗ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាដើម។

លោកអនុរដ្ឋលេខាធិការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់លើការងារថែទាំខួប ផ្លូវខាងលើ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានរក្សានូវគុណភាពផ្លូវល្អប្រសើរ សម្រាប់ការប្រើប្រាស់យូរអង្វែង និងក៏ជា ការចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ មានផ្លូវល្អ បរិស្ថានស្អាត ផ្តល់ការ រស់នៅកាន់តែប្រសើរ និងជាផ្នែកមួយនៃការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទផងដែរ៕