រដ្ឋាភិបាលទម្លាក់ថវិកា ១០៨លានដុល្លារ សម្រាប់អន្តរាគមន៍គាំពារសង្គម ឆ្លើយតបបន្ទាន់ចំពោះសម្ពាធសេដ្ឋកិច្ច ការកើនឡើងថ្លៃប្រេងឥន្ធនៈ និងវិបត្តិនានា
01-10-2026 15:51
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់ថវិការដ្ឋបន្ថែមរហូតដល់ប្រមាណ ១០៨លានដុល្លារអាម៉េរិក សម្រាប់អនុវត្តកម្មវិធីអន្តរាគមន៍ គាំពារសង្គមឆ្នាំ ២០២៥-២០២៦ ដើម្បីឆ្លើយតបបន្ទាន់ចំពោះសម្ពាធសេដ្ឋកិច្ច ការកើនឡើងថ្លៃប្រេងឥន្ធនៈ បណ្តាលមកពីវិបត្តិជម្លោះព្រំដែន និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
នៅក្នុងពិធី «សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦» ដែលប្រារព្ធកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់អន្តរាគមន៍ថវិការដ្ឋបន្ថែមចំនួន ១០៨លានដុល្លារ ដើម្បីទ្រទ្រង់ជីវភាព ប្រជាពលរដ្ឋរងគ្រោះ និងងាយរងហានិភ័យ។
បើតាមលោក ចន ណារិទ្ធ កញ្ចប់ថវិការប្រមាណ ១០៨លានដុល្លារនេះនឹងត្រូវបែងចែកលើកម្មវិធីអន្តរាគមន៍ អាទិភាពចំនួន៤ រួមមាន៖ ការជួយឧបត្ថម្ភដល់ គ្រួសារភៀសសឹក, ការគាំទ្រ ពលករទេសន្តរប្រវេសន៍ វិលត្រឡប់មកពីប្រទេសថៃ, ការផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលរងផល ប៉ះពាល់ពីការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ និងការគាំទ្រផលិតកម្មកសិកម្មនៅតាមសហគមន៍។
អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីឆ្លើយតបទៅនឹងស្ថានភាពលំបាកៗ ដែលប្រទេសកម្ពុជាយើងជួបប្រទះ គឺរាជរដ្ឋា ភិបាលបានដាក់ចេញនូវអន្តរាគមន៍ជាបន្តបន្ទាប់ នៅក្នុងប្រព័ន្ធគាំពារសង្គមនេះ គឺយើងផ្ដោតជាពិសេសទៅលើការទ្រទ្រង់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋគោលដៅ»។
ចូលរួមក្នុងកម្មវិធីនេះដែរ អ្នកស្រី សែម ម៉ាច ជាប្រជាពលរដ្ឋម្នាក់ដែលបានទទួលផលប្រយោជន៍យ៉ាងធំធេងពីកម្មវិធីបណ្ណសមធម៌របស់រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ប័ណ្ណសមធម៌ពិតជាបានជួយសង្គ្រោះជីវិតគ្រួសារអ្នកស្រី ពិសេសនៅពេលជួបប្រទះនឹងបញ្ហាសុខភាព។ អ្នកស្រីបានលើកឡើងថា បណ្ណសមធម៌នេះបានលុបបំបាត់ការព្រួយបារម្ភរបស់គ្រួសារអ្នកស្រីទាំងស្រុង ចំពោះការចំណាយថ្លៃព្យាបាលនៅមន្ទីរពេទ្យ។
យោងតាមការបញ្ជាក់របស់អ្នកស្រី សែម ម៉ាច គ្រួសារអ្នកស្រីទទួលបានប្រាក់ឧបត្ថម្ភជាប្រចាំពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈប័ណ្ណសមធម៌នេះ។ ជំនួយហិរញ្ញវត្ថុនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារ។ អ្វីដែលកាន់តែសំខាន់នោះ គឺនៅពេលដែលសមាជិកគ្រួសារមានជំងឺឈឺថ្កាត់ ប័ណ្ណសមធម៌បានអនុញ្ញាតឱ្យពួកគេទៅទទួលការព្យាបាលនៅមន្ទីរពេទ្យដោយមិនចាំបាច់បារម្ភពីបញ្ហាខ្វះខាតថវិកាឡើយ ព្រោះរាជរដ្ឋាភិបាលជាអ្នករ៉ាប់រងថ្លៃចំណាយជំនួស។
សូមជម្រាបថា ដើម្បីធានានិរន្តរភាព និងភាពធន់ នៃប្រព័ន្ធគាំពារសង្គមកម្ពុជា រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខ័ណ្ឌគោលនយោបាយ ជាតិគាំពារ សង្គម ឆ្នាំ២០២៤-២០៣៥» សំដៅលើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន៕













