FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ដែលប្រើហិង្សាលើកូនស្រីបង្កើតអាយុ១១ឆ្នាំ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង, មូលហេតុខឹងដើរលេងមិនសូវនៅផ្ទះ

01-10-2026 15:35

(កំពង់ឆ្នាំង)៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីប្រើប្រាស់អំពើហិង្សាលើកូនស្រីបង្កើត អាយុ១១ឆ្នាំ បណ្ដាលឲ្យរងរបួសស្នាមពេញខ្លួនប្រាណ។ ហេតុការណ៍ហិង្សាលើកូនស្រីបង្កើតនេះ បានកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងភូមិទឹក ហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទឹកហូត បានឲ្យដឹងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះថា ករណីការប្រើអំពើហិង្សាទៅលើកុមារីអាយុ១១ឆ្នាំខាងលើនេះ គឺពិតជាកើតមានប្រាកដមែន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឪពុកបង្កើតបានយកបន្ទះឫស្សីវាយទៅលើកូនស្រីរបស់ខ្លួនបណ្ដាលឲ្យរងរបួសជាច្រើនកន្លែង ដោយសារតែខឹងរូបនាងដើរមិនសូវនៅផ្ទះ។

នាយប៉ុស្តិ៍រដ្ឋបាលឃុំទឹករហូត បានបញ្ជាក់ថា ឪពុកដែលបានប្រើអំពើហិង្សាទៅលើកូនស្រីបង្កើតរបស់ខ្លួនខាងលើនេះ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ដោយឡែក កុមារីរងគ្រោះក៏ត្រូវបានលោកស្រីស្នងការរងទទួលបន្ទុកជួញដូរ និងការពារអនិកជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជូននាងទៅកាន់មន្ទីរពេទ្យ។

លោក សំ សុខា អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានឲ្យដឹងដែរថា ករណីនេះលោកបានបញ្ជូនសំណុំរឿង និងជនបង្ករទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងរួចហើយ៕