គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ចូលរួមវេទិកាប្រព័ន្ធផ្សព្វផ្សាយ CICA លើកទី១ នៅរដ្ឋធានីបាគូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការតំបន់ និងការកសាងទំនុកចិត្តព័ត៌មាន
01-10-2026 15:31
(បាគូ-អាស៊ែបៃហ្សង់)៖ គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយលោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាតំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦បានអញ្ជើញចូលរួមក្នុង «វេទិកាប្រព័ន្ធផ្សព្វផ្សាយ CICA លើកទី១» (First CICA Media Forum) នៅរដ្ឋធានីបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ ដើម្បីរួមចំណែកពង្រឹងសន្តិសុខព័ត៌មាន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសារព័ត៌មានក្នុងទ្វីបអាស៊ី។
វេទិកាអន្តរជាតិកម្រិតខ្ពស់នេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ (Media Development Agency of the Republic of Azerbaijan) ក្រោមមូលបទដ៏មានសារៈសំខាន់គឺ «ការកសាងទំនុកចិត្តតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងពិភពលោកដែលមានការបែកបាក់» (“Building Trust through Media in a Polarized World”)។
វេទិកានេះបានប្រមូលផ្តុំនូវមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ថ្នាក់ដឹកនាំស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអ្នកជំនាញការទំនាក់ទំនងមកពីបណ្តាប្រទេសជាសមាជិកសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) យ៉ាងច្រើនកុះករ។
វេទិកានាពេលនេះ មានគោលបំណងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់បណ្តាញប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ព្រមទាំងពិភាក្សាផ្លាស់ប្តូរទស្សនទានជុំវិញការលើកកម្ពស់ទំនុកចិត្តសាធារណៈ ការចែករំលែកបទពិសោធន៍ក្នុងការរាយការណ៍ព័ត៌មានប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់។
បន្ថែមពីនេះ អង្គវេទិកា ក៏បានផ្តោតការពិភាក្សាយ៉ាងស៊ីជម្រៅលើវិធានការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ក៏ដូចជាការឆ្លើយតបចំពោះបញ្ហាប្រឈម និងកាលានុវត្តភាពថ្មីៗដែលកើតចេញពីការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបណ្តាញទំនាក់ទំនងសង្គម។
ពិធីបើកជាផ្លូវការនៃវេទិកា ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឥស្សរជនជាន់ខ្ពស់ រួមមាន លោក Hikmat Hajiyev ជំនួយការប្រធានាធិបតី និងជាប្រធាននាយកដ្ឋានកិច្ចការគោលនយោបាយការបរទេសនៃខុទ្ទកាល័យប្រធានាធិបតីអាស៊ែបៃហ្សង់ ឯកអគ្គរដ្ឋទូត Kairat Sarybay អគ្គលេខាធិការ CICA និង លោក Khalaf Khalafov តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ទទួលបន្ទុកបេសកកម្មពិសេស។
វេទិកាពេញមួយថ្ងៃនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើបញ្ហាប្រឈម និងកាលានុវត្តភាពនៃវិស័យព័ត៌មានក្នុងយុគសម័យឌីជីថល តាមរយៈសម័យប្រជុំតុមូលចំនួនពីរ រួមមាន៖
ទី១.សម័យប្រជុំទី១៖ «អាស៊ែបៃហ្សង់ក្នុងនាមជាប្រធានដឹកនាំ៖ គំនិតផ្តួចផ្តើម កិច្ចសហប្រតិបត្តិការ និងលទ្ធផល» (Azerbaijani Chairmanship: Initiatives, Cooperation, Results) ដែលពិនិត្យលើវឌ្ឍនភាព និងគំនិតផ្តួចផ្តើមក្នុងក្របខ័ណ្ឌតំបន់។
ទី២.សម័យប្រជុំទី២៖ «តួនាទីនៃប្រព័ន្ធផ្សព្វផ្សាយក្នុងការកសាងសាមគ្គីភាពសង្គម និងការជំរុញកិច្ច សន្ទនាអន្តរវប្បធម៌» (The Role of the Media in Strengthening Social Cohesion and Intercultural Dialogue) ដែលផ្តោតលើការប្រើប្រាស់ព័ត៌មានពិតដើម្បីបង្កើតការយោគយល់គ្នា ដែលក្នុងនោះលោក ប្រាក់ ថាវអមិដា ក៏ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសផងដែរ។
ក្រៅពីកិច្ចពិភាក្សាខាងលើ អង្គវេទិកាបានផ្លាស់ប្តូរបទពិសោធន៍យ៉ាងទូលំទូលាយលើការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន យុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ព្រមទាំងការទាញយកផលប្រយោជន៍ និងការគ្រប់គ្រងហានិភ័យពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) លើប្រព័ន្ធផ្សព្វផ្សាយទំនើប។
វត្តមានរបស់គណៈប្រតិភូកម្ពុជា ដែលរួមមានថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងព័ត៌មាន ព្រមទាំងតំណាងអ្នកសារព័ត៌មានជាតិ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមចំណែកយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ព័ត៌មាន សន្តិសុខព័ត៌មាន និងការកសាងស្ពានមិត្តភាពរវាងប្រជាជាតិទាំងឡាយតាមរយៈវិស័យព័ត៌មាន៕














