FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីឧទ្យានុរក្ស បន្តអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ដើម្បីការពារធនធានធម្មជាតិ

01-10-2026 15:18

(កំពង់ស្ពឺ)៖ ការអនុវត្តច្បាប់នៅតែបន្តធ្វើឡើងយ៉ាងតឹងរ៉ឹង នៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ដោយមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បាននិងកំពុងបន្តចុះបង្ក្រាបរាល់សកម្មភាពល្មើសច្បាប់ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងការពារដីព្រៃរបស់រដ្ឋ។ សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាព្រៃឈើ និងជីវៈចម្រុះក្នុងតំបន់ការពារធម្មជាតិដ៏សំខាន់នេះ។

ជាក់ស្តែង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះប្រតិបត្តិការបង្ក្រាបការបោះបង្គោលហ៊ុមព័ទ្ធ លើដីដែលជាទ្រព្យសម្បត្តិរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិ។

ករណីនេះបានកើតឡើងនៅចំណុចភូមិក្រាំងចេក ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ»។

ក្រុមការងារបានចុះបង្រ្កាបការលួចដាំបង្គោលរបងឈើចំនួន ៥២បង្គោល និងដំណាំចេក ៤១ដើម នៅលើផ្ទៃដីទំហំ ០.៣០ហិកតា ដែលប្រព្រឹត្តដោយអញ្ញាតជន។ បច្ចុប្បន្ន មន្ត្រីជំនាញកំពុងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធីនៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ខែសីហា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ធ្វើការបង្រ្កាបបានបទល្មើសធនធានធម្មជាតិសរុប ៣៩ករណី។ ក្នុងនោះមាន ២៨ករណីនៃការបោះបង្គោលហ៊ុមព័ទ្ធដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដោយដកហូតផ្ទៃដីប្រមាណ ១៨.៥៣ហិកតា។

ក្រៅពីនេះ ក៏មាន ៥ករណីនៃការកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដោយដកហូតផ្ទៃដីប្រមាណ ២.៥១ហិកតា។ បទល្មើសផ្សេងទៀតរួមមាន ការចាប់ដោយដាក់អន្ទាក់សត្វព្រៃចំនួន ១ករណី (ដកហូតអន្ទាក់ ១៥ខ្សែ និងសត្វស្វាងាប់ ១ក្បាល) ការកាប់រំលំ បំផ្លាញព្រៃឈើចំនួន ២ករណី (ដកហូតឈើប្រភេទលេខ២ ៦ដើម) និងការរុករានទន្ទ្រានដី សង់រោង យកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាតចំនួន ២ករណី។ សកម្មភាពបង្ក្រាបទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់បទល្មើស និងការពារធនធានធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា៕