ភរិយាលោករដ្ឋមន្ត្រី នេត្រ ភក្រ្តា ដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងព័ត៌មានអញ្ជើញកាន់បិណ្ឌវេនទី៥ នៅវត្តព្រះវិហារធំ សសរ១០០ ខេត្តក្រចេះ
01-10-2026 15:04
(ក្រចេះ)៖ លោកស្រី ទុយ សិរីរតនៈនេត្រ ភក្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន រួមព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងព័ត៌មានជាច្រើនរូប នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមរាប់បាត្រ និងកាន់បិណ្ឌវេនទី៥ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តព្រះវិហារធំ សសរ១០០ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។
ការអញ្ជើញចូលរួមពិធីបុណ្យដ៏ពិសិដ្ឋនេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនដែលបានចែកឋានទៅកាន់លោកខាងមុខ ក៏ដូចជាបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនដល់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដ៏សំខាន់ និងធំជាងគេបំផុតក្នុងចំណោមពិធីបុណ្យទាំងអស់សម្រាប់ពុទ្ធបរិស័ទខ្មែរ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
ក្នុងឱកាសនោះ លោកស្រី ទុយ សិរីរតនៈនេត្រ ភក្រ្តា បានសម្តែងនូវសេចក្តីរីករាយយ៉ាងក្រៃលែង ដែលបានឃើញពុទ្ធបរិស័ទគ្រប់ទិសទីបានមកជួបជុំគ្នាប្រកបដោយសទ្ធាជ្រះថ្លា ដើម្បីបំពេញបុណ្យកុសលតាមប្រពៃណីព្រះពុទ្ធសាសនា។ វត្តព្រះវិហារធំ សសរ១០០ គឺជាទីអារាមដ៏ចំណាស់មួយដែលជាទីសក្ការៈបូជា និងជាមជ្ឈមណ្ឌលវប្បធម៌ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។
ការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងព័ត៌មាន គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការថែរក្សា និងលើកស្ទួយតម្លៃវប្បធម៌ ប្រពៃណី និងជំនឿសាសនារបស់ជាតិ ព្រមទាំងរួមចំណែកពង្រឹងសាមគ្គីភាពក្នុងសង្គម។ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាឱកាសនៃការធ្វើបុណ្យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពេលវេលាដ៏មានតម្លៃសម្រាប់ការជួបជុំគ្រួសារ និងពង្រឹងចំណងមិត្តភាពផងដែរ៕

















