ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស១៣ មានរោងចក្រសហគ្រាសជាង១ពាន់កន្លែង ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋជាង១០ម៉ឺននាក់
01-10-2026 15:03
(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ក្រោមការដឹកនាំ និងគិតគូរខ្ពស់របស់ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានធ្វើឲ្យអ្នកវិនិយោគដែលមកបណ្តាក់ទុនវិនិយោគ នៅក្នុងទឹកដីខេត្តស្វាយរៀង ទាំងការស្នើសុំចុះបញ្ជីវិនិយោគជាក្រុមហ៊ុន មានលក្ខណ:សម្បត្តិគ្រប់គ្រាន់នៅគណ:កម្មាធិការវិនិយោគកម្ពុជា ក៏ដូចជាការស្មើសុំចុះបញ្ជី នៅអនុគណ:កម្មាធិការវិនិយោគថ្នាក់ខេត្ត គឺទទួលបានការមើលថែរដូចៗគ្នា។
លោកបានបញ្ជាក់ថា ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេស១៣ មានរោងចក្រសហគ្រាសជាង ១ពាន់កន្លែង ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋជាង១០ម៉ឺននាក់។ ការថ្លែងលើកឡើងបែបនេះ នៅក្នុងឱកាសដែលលោក សរ សុដានី តំណាងលោក ប៉េង ពោធិ៍សា ប្រធានគណៈកម្មាធិការវិនិយោគខេត្ត បានដឹកនាំក្រុមការងារគណៈកម្មាធិការវិនិយោគខេត្ត អញ្ជើញចូលរួមចុះជួបសួរសុខទុក្ខ តាមបណ្តារោងចក្រដែលបានចុះបញ្ជី វិនិយោគនៅអនុគណៈកម្មាធិការខេត្ត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។
ពិធីនេះមានការចូលរួមពីលោក លោកស្រី ទីចាត់ការវិនិយោគខេត្ត និងលោកអនុប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ដើម្បីពិភាក្សាការងារ ពាក់ព័ន្ធទៅនឹងដំណើរការសង្វាក់ផលិតកម្ម តាមបណ្តារោងចក្រ ដើម្បីស្ដាប់អំពីទុក្ខកង្វល់អំពីសំណូមពរផ្សេងៗ របស់អ្នកវិនិយោគ។
លោក សរ សុដានី បានថ្លែងថា លោកអភិបាលខេត្តបានចង្អុលបង្ហាញឲ្យក្រុមការងារអនុគណ:កម្មាធិការវិនិយោគថ្នាក់ខេត្ត ត្រូវយកចិត្តទុកដាក់គាំទ្រឲ្យបានពេញទំហឹងទាំងស្មារតី និងបច្ចេកទេស ត្រូវផ្តល់សន្តិភាពផ្លូវចិត្តឲ្យបានពេញលេញ ត្រូវមើលថែរពួកគាត់បានល្អបំផុត ទាំងនេះគីជាចំណុចខ្លាំងក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ទន់ភ្លន់ បត់បែន ម៉ឺងម៉ាត់ របស់លោកអភិបាលខេត្ត ធ្វើឲ្យអ្នកវិនិយោគមានទំនុកចិត្តខ្ពស់ ក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់នៅលើទឹកដីខេត្តស្វាយរៀង ហើយពួកគាត់បានបន្តជួយផ្សព្វផ្សាយអំពីសក្តានុពល និងភាពអំណោយផលរបស់ខេត្តស្វាយរៀង ដល់គ្នាគាត់ផ្សេងទៀតផងដែរ នេះជាវិធីឆ្ពក់ទាញអ្នកវិនិយោគថ្មីៗយ៉ាងមានប្រសិទ្ធិភាពបំផុត។
លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ដើម្បីជាការលើកទឹកចិត្ត និងជំរុញឲ្យចង្វាក់ផលិតកម្មរបស់ពួកគាត់កាន់តែរីកចម្រើនថែមទៀត លោកអភិបាលខេត្ត បានណែនាំក្រុមការងារអនុគណ:កម្មាធិការវិនិយោគខេត្ត ត្រូវនៅគៀកជិតជាមួយអ្នកវិនិយោគជាប្រចាំ ដើម្បីស្តាប់អំពីទុក្ខកង្វល់ និងសំណូមពរផ្សេងៗរបស់ពួកគាត់ ហើយត្រូវរកគ្រប់មធ្យោបាយធ្វើការឆ្លើយតបដោះស្រាយជូនពួកគាត់ឲ្យបានលឿន រហ័សទាន់ចិត្ត និងមានប្រសិទ្ធភាពបំផុត។
លោកបានបន្តថា ក្នុងដំណាក់កាលដែលលោក ប៉េង ពោធិ៍សា ឡើងកាន់តំណែងជាអភិបាលខេត្ត រយៈពេល៣ឆ្នាំ ក្នុងអាណត្តិទី១ បានទាក់ទាញការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី ចំនួន៤រោងចក្រ វិនិយោគថ្មីចំនួនជាង១០០រោងចក្រ ហើយចំពោះគម្រោងវិនិយោគដែលមានដើមទុនក្រោម ៥លានដុល្លា បានមកចុះបញ្ជីនៅអនុគណ:កម្មាធិការនិយោគខេត្តមានចំនួន៨គម្រោង មានមុខសញ្ញាផលិតជាឧស្សាហកម្មធម្នតា និងកម្រិតមធ្យម ដូចជារោងចក្រផលិបរិក្ខាអគ្គីសនី រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតស្បែកជើងកីឡាជាដើម ដែលមានទុនសរុបជិត៣០លានដុល្លា។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ចំពោះគម្រោងវិនិយោគទាំងអស់នេះ បានផ្តល់ឱកាសងារជូនប្រជាពលរដ្ឋសរុបជិត ៣ពាន់កន្លែង នេះជាមោទនភាពធំបំផុតសម្រាប់ខេត្តស្វាយរៀងយើង។ ជាយុទ្ធសាស្ត្រ និងចក្ខុវិស័យច្បាស់លាស់របស់លោកអភិបាលខេត្ត គឺបានជំរុញ និងពង្រាយការវិនិយោគទៅតាមគ្រប់បណ្តាក្រុងស្រុកទាំងអស់ ដើម្បីឲ្យកាន់តែជិតលំនៅដ្ឋានប្រជាពលរដ្ឋ កាន់តែងាយស្រួលក្នុងការបំពេញការងារប្រចាំថ្ងៃ មិនលំបាកក្នុងការធ្វើដំណើរឆ្ងាយដូចមុន៕



















