អ្នកជំនាញចាត់ទុកទេសចរណ៍ភាពយន្ដ ជាចំណែកសំខាន់ក្នុងការជួយផ្សព្វផ្សាយគោលដៅទេសចរណ៍ និងជំរុញសេដ្ឋកិច្ចកម្ពុជា
01-10-2026 14:50
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ អ៊ុង វាសនា ព្រឹទ្ធបុរសមហាវិទ្យាល័យទេសចរណ៍ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានលើកឡើងថា ទេសចរណ៍ភាពយន្ត (Film Tourism) អាចក្លាយជាមធ្យោបាយសំខាន់មួយ ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា លើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេស និងជំរុញសកម្មភាពសេដ្ឋកិច្ច។
លោកសាស្ត្រាចារ្យបានលើកឡើងបែបនេះ ក្នុងឱកាសសាកលវិទ្យាល័យជាតិគ្រប់គ្រង រៀបចំបាឋកថាស្តីពី «ទេសចរណ៍ភាពយន្ត ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងកាលានុវត្តភាពអាជីពក្នុងវិស័យទេសចរណ៍» នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងក្រោមអធិបតីភាពសាកលវិទ្យាធិការរង បណ្ឌិតសេង ប៊ុនធឿន តំណាងឯកឧត្តមសាស្ត្រាចារ្យបណ្ធិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងដោយមានការអញ្ជើញចូលរួមពីលោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ឆាយ បូរ៉ា ប្រធានក្រុមហ៊ុន Palm Film Production លោកសាស្ត្រាចារ្យអ៊ុង វាសនា ព្រឹទ្ធបុរសមហាវិទ្យាល័យទេសចរណ៍ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណ២០០នាក់។
លោកសាស្ត្រាចារ្យ អ៊ុង វាសនា បានពន្យល់ថា ទេសចរណ៍ភាពយន្ត មិនមែនមានន័យត្រឹមតែការដែលភ្ញៀវទេសចរទៅទស្សនាកន្លែង ដែលត្រូវបានថតភាពយន្តនោះទេ។ ការផលិតភាពយន្តនៅកម្ពុជា ក៏អាចក្លាយជាមធ្យោបាយផ្សព្វផ្សាយទីតាំងទេសចរណ៍ បង្កើតតម្រូវការទេសចរណ៍ អភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកផងដែរ។ លោកបានបញ្ជាក់ថា ភាពយន្តអាចជួយផ្សព្វផ្សាយកម្ពុជា ឱ្យលើសពីតំបន់អង្គរវត្ត ដោយបង្ហាញពីតំបន់ភ្នំ ឆ្នេរសមុទ្រ វប្បធម៌ ប្រពៃណី ម្ហូបអាហារ និងអត្តសញ្ញាណរបស់កម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិ។
ជាមួយគ្នានេះ លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ភាពយន្តមានសារៈសំខាន់ ក្នុងការផ្សព្វផ្សាយទេសចរណ៍ ព្រោះអាចធ្វើឱ្យអ្នកទស្សនាមានចំណាប់អារម្មណ៍លើទីតាំង ដែលបានបង្ហាញក្នុងភាពយន្ត និងជំរុញឱ្យពួកគេចង់មកទស្សនាផ្ទាល់។ លោកបានលើកឧទាហរណ៍ពីភាពយន្តដែលថតនៅកម្ពុជា ដោយមានតារាភាពយន្តអន្តរជាតិ Angelina Jolie ចូលរួម ដែលបានធ្វើឱ្យកម្ពុជាត្រូវបានស្គាល់កាន់តែទូលំទូលាយតាមរយៈភាពយន្ត។
លោកបានបន្តថា ការផ្សព្វផ្សាយទេសចរណ៍ត្រូវភ្ជាប់ជាមួយការបង្កើនជើងហោះហើរ និងការធ្វើឱ្យការធ្វើដំណើរមានចំណាយសមរម្យ ដើម្បីទាក់ទាញភ្ញៀវឱ្យមកកម្ពុជា ស្នាក់នៅបានយូរ និងចំណាយកាន់តែច្រើននៅក្នុងប្រទេស។ លោក គុជ បញ្ញាសា ក៏បានលើកឡើងពីសារៈសំខាន់ នៃការអភិវឌ្ឍធនធានមនុស្ស និងឧបករណ៍ក្នុងវិស័យភាពយន្ត ដោយការរីកចម្រើននៃ Film Tourism អាចបង្កើតឱកាសឱ្យដៃគូ និងអ្នកជំនាញក្នុងស្រុកពង្រឹងសមត្ថភាព និងធនធានរបស់ខ្លួន។
លោកបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍវិស័យនេះត្រូវការទំនុកចិត្ត និងការអនុវត្តជាក់ស្តែង ព្រមទាំងការពង្រឹងជំនាញវិជ្ជាជីវៈ និង Soft Skills របស់យុវជន ដើម្បីឱ្យពួកគេអាចចូលរួមក្នុងវិស័យភាពយន្ត និងទេសចរណ៍បានកាន់តែប្រសើរ។ លោកបានបន្ថែមថា Short Film ក៏កំពុងទទួលបានការចាប់អារម្មណ៍កាន់តែច្រើន ដោយសារការរីកចម្រើននៃការប្រើប្រាស់ទូរសព្ទដៃ និងបណ្តាញឌីជីថល ដែលធ្វើឱ្យមនុស្សអាចផលិត និងទស្សនាមាតិកាភាពយន្តបានកាន់តែងាយស្រួល។
លោកបានចាត់ទុកថា Film Tourism មានសារៈសំខាន់លើសពីការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងផលប្រយោជន៍សេដ្ឋកិច្ច ព្រោះភាពយន្តក៏អាចបង្កើតអារម្មណ៍ និងមនោសញ្ចេតនាដល់អ្នកទស្សនា។ លោកបានលើកឡើងថា ទោះបីបច្ចេកវិទ្យា និងវិទ្យាសាស្ត្ររីកចម្រើនយ៉ាងណាក៏ដោយ មនុស្សនៅតែមានអារម្មណ៍ ក្តីស្រឡាញ់ និងមនោសញ្ចេតនា ដែលភាពយន្តអាចចូលទៅដល់បាន។
ក្នុងន័យនេះ លោកសាស្ត្រាចារ្យ អ៊ុង វាសនា បានលើកឡើងថា កម្ពុជាគួរបន្តសិក្សា និងរៀបចំលក្ខខណ្ឌឱ្យបានល្អ ដើម្បីទាក់ទាញផលិតកម្មភាពយន្តអន្តរជាតិមកថតនៅកម្ពុជា។ ការដែលផលិតកម្មអន្តរជាតិជ្រើសរើសកម្ពុជា អាចជួយផ្សព្វផ្សាយប្រទេស គោលដៅទេសចរណ៍ និងចូលរួមជំរុញសេដ្ឋកិច្ចជាតិ។ លោកបានស្នើឱ្យយកចិត្តទុកដាក់លើការកាត់បន្ថយនីតិវិធីរដ្ឋបាល ដែលស្មុគស្មាញ និងការិយាធិបតេយ្យដែលអាចបង្កការលំបាកដល់ក្រុមហ៊ុនផលិតកម្ម និងអ្នកវិនិយោគ ព្រមទាំងពិចារណាផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងពន្ធដល់ក្រុមហ៊ុនផលិតកម្ម។
លោកក៏បានស្នើឱ្យលើកកម្ពស់គុណភាពសេវាកម្ម និងរៀបចំយុទ្ធនាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាដែលមានភាពសម្បូរបែប ទៅកាន់ផលិតករអន្តរជាតិ។
ជាមួយគ្នានេះ លោកបានលើកឡើងថា កម្ពុជាត្រូវយកចិត្តទុកដាក់លើបញ្ហាដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេស ជាពិសេសការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងបញ្ហាអវិជ្ជមានមួយចំនួនទៀត។ ការកាត់បន្ថយបញ្ហាទាំងនេះ អាចជួយបង្កើនទំនុកចិត្តពីផលិតករ និងអ្នកវិនិយោគអន្តរជាតិ ក្នុងការជ្រើសរើសកម្ពុជាជាទីតាំងផលិតភាពយន្ត និងជួយដល់ការផ្សព្វផ្សាយវិស័យទេសចរណ៍។
ទេសចរណ៍ភាពយន្តក៏អាចជួយបែងចែកលំហូរភ្ញៀវទេសចរទៅកាន់តំបន់ផ្សេងៗ ជាពិសេសតំបន់ជនបទ ព្រមទាំងចូលរួមលើកកម្ពស់ខ្សែសង្វាក់តម្លៃសេដ្ឋកិច្ចក្នុងស្រុក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
ដោយឡែក លោក ឆាយ បូរ៉ា ប្រធានក្រុមហ៊ុន Palm Film Production បានលើកឡើងថា ទីតាំងថត គឺជាកត្តាសំខាន់មួយក្នុងការផលិតភាពយន្ត ខណៈកម្ពុជាមានទីតាំងធម្មជាតិ និងវប្បធម៌ជាច្រើន ដែលអាចប្រើប្រាស់សម្រាប់ការផលិតភាពយន្ត និងជំរុញ Film Tourism។
លោកបានលើកឧទាហរណ៍ថា ក្រុមការងារផលិតភាពយន្តតែងស្វែងរកទីតាំងឱ្យសមនឹងសាច់រឿង ដូចជា តំបន់មានភ្នំ ដីក្រហម និងទេសភាពធម្មជាតិ ដែលអាចរកបាននៅខេត្តមណ្ឌលគិរី កំពត និងកំពង់ស្ពឺ ព្រមទាំងទីតាំងទេសចរណ៍សំខាន់ៗដូចជា កំពង់ភ្លុក ភ្នំគូលែន បូកគោ និងបាត់ដំបង។
លោកបានបញ្ជាក់ថា មុននឹងចាប់ផ្តើមថតរឿងនីមួយៗ ក្រុមការងារត្រូវស្វែងរក និងរៀបចំទីតាំង ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីស្នើសុំ និងសម្របសម្រួលការថត។ ដំណើរការនេះបង្ហាញថា ទីតាំងពិតមានតម្លៃយ៉ាងសំខាន់សម្រាប់ភាពយន្ត ទោះបីបច្ចុប្បន្នមានបច្ចេកវិទ្យា CGI និង AI ដែលអាចប្រើសម្រាប់កាត់ត និងបង្កើតបន្ថែមនូវទិដ្ឋភាពក្នុងភាពយន្តក៏ដោយ។
សូមជម្រាបថា មហាវិទ្យាល័យទេសចរណ៍ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ត្រូវបានបង្កើតឡើងមុនគេតាំងពីឆ្នាំ១៩៩៨ និងមានអតីតនិស្សិតទេសចរណ៍ជាង៥,០០០នាក់ និងបច្ចុប្បន្នមហាវិទ្យាល័យមានជំនាញ២ គឺបរិញ្ញាបត្រទេសចរណ៍ និងបរិញ្ញាបត្របដិសណ្ឋារកិច្ច៕

















