FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ជំរុញឱ្យមន្ត្រីជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ខិតខំស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រឿងញៀនករណីធំៗ ឱ្យបានទាន់ពេល និងឲ្យដល់ប្ញសគល់

01-10-2026 14:46

(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្តខែតុលា របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចបានល្អ ប្រកបដោយសាមគ្គីភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការ បង្រ្កាបបទល្មើសគ្រឿងញៀននាពេលកន្លងមក។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក បានណែនាំដល់មន្ត្រីជំនាញទាំងអស់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវគោរពបទវិន័យនគរបាលជាតិកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន និងបន្តអនុវត្តតាមផែនការ របស់អគ្គស្នងដ្ឋានការនគបាលជាតិ និងអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ខិតខំស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រឿងញៀនករណីធំៗ ឱ្យបានទាន់ពេលនិងឲ្យដល់ប្ញសគល់។

លោកជំរុញឱ្យត្រូវបង្កើនការអប់រំ និងរំលឹកដល់មន្ត្រីអនុវត្តច្បាប់ នូវក្រមសីលធម៌ វិជ្ជាជីវៈ អនុវត្តឱ្យបានត្រឹមត្រូវតាមជំនាញ នីតិវិធីនិងច្បាប់ ដើម្បីលុបបំបាត់នូវភាពអវិជ្ជមាន និងបញ្ចៀសការរិះគន់អំពីសំណាក់ប្រជាពលរដ្ឋ៕