FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាមត្តេយ្យគុណភាពអប់រំបែបជប៉ុន រួមចំណែកបង្កើតគំរូថ្មី ក្នុងវិស័យអប់រំកុមារតូចនៅកម្ពុជា

01-10-2026 14:21

(ភ្នំពេញ)៖ វិស័យអប់រំកុមារតូចនៅកម្ពុជា បានបោះជំហានថ្មីមួយទៀត តាមរយៈការនាំយកស្តង់ដារ និងបទពិសោធន៍អប់រំកម្រិតខ្ពស់ពីប្រទេសជប៉ុនមកអនុវត្តជាក់ស្តែង ស្របពេលដែលសាលាមត្តេយ្យអន្តរជាតិជប៉ុនអាសារិ (Asari Japan International Kindergarten - AJIK) ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ។

វត្តមាននៃគ្រឹះស្ថានអប់រំថ្មីនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតគំរូថ្មីមួយ នៃការបណ្តុះបណ្តាលកុមារតូចឱ្យកាន់តែរឹងមាំទាំងចំណេះដឹង បញ្ញាស្មារតី និងកាយសម្បទា ស្របតាមបរិបទកម្ពុជា។

ពិធីសម្ពោធសាលាមត្តេយ្យអន្តរជាតិនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ លោក សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក Matsuda Junsaku ទីប្រឹក្សាអមស្ថានទូតជប៉ុនប្រចាំកម្ពុជា, លោក Asari Kenji ប្រធានក្រុមប្រឹក្សាភិបាលសាលាមត្តេយ្យអន្តរជាតិជប៉ុនអាសារិ ព្រមទាំងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA Cambodia) តំណាងអង្គការ CIESF និងមាតាបិតា អាណាព្យាបាលសិស្សយ៉ាងច្រើន។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក សាន វឌ្ឍនា បានវាយតម្លៃខ្ពស់ចំពោះការបង្កើតសាលា AJIK ដោយចាត់ទុកា នេះគឺជាថ្នាលអប់រំមួយដែលផ្តល់នូវបរិយាកាសបៃតង និងគុណភាពអប់រំកម្រិតខ្ពស់បែបជប៉ុន ដែលចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំកុមារតូចនៅកម្ពុជា។ លើសពីនេះ សាលានឹងផ្តល់នូវការសិក្សាប្រកបដោយសុវត្ថិភាព ក្តីកក់ក្តៅ និងទំនុកចិត្តខ្ពស់ដល់មាតាបិតា និងអាណាព្យាបាលទាំងជនជាតិខ្មែរ និងជប៉ុន ក្នុងការបញ្ជូនបុត្រធីតាមកទទួលការអប់រំ។

លោករដ្ឋលេខាធិការបានបន្ថែមទៀតថា វត្តមានរបស់សាលា AJIK នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ ព្រមទាំងជាកាតាលីករជួយលើកកម្ពស់បរិយាកាសអប់រំ និងការអភិវឌ្ឍធនធានកុមារនៅក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។

លោក Matsuda Junsaku ទីប្រឹក្សាអមស្ថានទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងអបអរសាទរចំពោះការបើកសម្ពោធសាលាមត្តេយ្យ AJIK ដោយលោកបានចាត់ទុកថា នេះជាចំណុចចាប់ផ្តើមដ៏មានអត្ថន័យ សម្រាប់ការរួមចំណែកបង្កើតគំរូថ្មីក្នុងវិស័យអប់រំកុមារតូចនៅកម្ពុជា។

លោកបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ការរួមបញ្ចូលគ្នារវាងបទពិសោធន៍ផ្នែកអប់រំកុមារតូចរបស់ Asari Educational Group មកពីប្រទេសជប៉ុន ជាមួយនឹងការអនុវត្តផ្នែកអប់រំដែលអង្គការ CIESF បានកសាងឡើងនៅកម្ពុជា ព្រមទាំងការយល់ដឹងស៊ីជម្រៅរបស់លោកគ្រូ-អ្នកគ្រូជនជាតិខ្មែរ នឹងជួយបង្កើតឱ្យមានគំរូថ្មីមួយនៃការអប់រំកុមារតូចដែលមានមូលដ្ឋានរឹងមាំ និងឆ្លើយតបចំតម្រូវការជាក់ស្តែង។ ជាពិសេស កុមារគ្រប់រូបដែលសិក្សានៅ AJIK នឹងទទួលបានចំណេះដឹងថ្មីៗរៀងរាល់ថ្ងៃ រីកចម្រើនលូតលាស់ជាមួយមិត្តភក្តិ និងពង្រីកសក្តានុពលផ្ទាល់ខ្លួនឱ្យកាន់តែទូលំទូលាយ។

ក្រុមសាលាអប់រំអាសារិ មានមូលដ្ឋាននៅកោះហុកកៃដូ ប្រទេសជប៉ុន និងកំពុងដំណើរការសាលាមតេ្តយ្យ និងទារកដ្ឋានដែលមានការទទួលស្គាល់ជាច្រើន ដោយមានកុមារប្រមាណ ១,១០០ នាក់ និងគ្រូ-បុគ្គលិកសិក្សាជាង៣២០នាក់ ចូលរួមក្នុងប្រតិបត្តិការប្រចាំថ្ងៃ។ ក្រុមសាលាអប់រំអាសារិ (Asari Education Academy Group) មកពីប្រទេសជប៉ុន មានបទពិសោធន៍ជាង៥០ឆ្នាំក្នុងថែទាំនិង ការអប់រំកុមារតូច។

លោក Asari Kenji ប្រធានក្រុមប្រឹក្សាភិបាលសាលា AJIK បានលើកឡើងថា អ្វីដែល AJIK ផ្តល់តម្លៃ និងយកចិត្តទុកដាក់បំផុតនោះ គឺ «ទឹកចិត្តចង់រៀនសូត្រ និងចង់សាកល្បង» របស់កុមារ ព្រមទាំងការជួយជំរុញឱ្យកុមារអភិវឌ្ឍសមត្ថភាពទៅតាមសក្តានុពលរៀងៗខ្លួន។ លោកបានគូសបញ្ជាក់ថា AJIK ផ្តល់តម្លៃយ៉ាងខ្លាំងលើការបណ្តុះបណ្តាលកុមារឱ្យចេះគិតដោយខ្លួនឯង ការសាកល្បងធ្វើ ហ៊ានប្រឈមមុខនឹងការបរាជ័យរួចព្យាយាមម្តងទៀត ការចេះធ្វើការងាររួមគ្នាជាមួយមិត្តភក្តិ ការយល់ដឹងពីភាពខុសប្លែកគ្នារវាងបុគ្គល និងការចេះបង្កើតភាពរីករាយរួមគ្នា។

លោកបានបន្តថា សាលា AJIK មានគោលបំណងនាំយកបទពិសោធន៍ផ្នែកអប់រំកុមារតូចដែលទទួលបានជោគជ័យនៅប្រទេសជប៉ុន មកអនុវត្តនៅកម្ពុជា ស្របពេលដែលសាលាក៏បន្តស្វែងយល់ និងរៀនសូត្រពីវប្បធម៌ខ្មែរ ក៏ដូចជាតម្រូវការ និងបំណងប្រាថ្នារបស់ក្រុមគ្រួសារសិស្សានុសិស្ស។ លោកប្រធានក្រុមប្រឹក្សាភិបាលរូបនេះ បានប្តេជ្ញាខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុករបស់កុមារ មាតាបិតា អាណាព្យាបាល និងភាគីពាក់ព័ន្ធទាំងអស់ សំដៅរួមចំណែកបណ្តុះបណ្តាលកុមារឱ្យក្លាយជាទំពាំងស្នងឫស្សីពោរពេញដោយសមត្ថភាព។

សាលាមត្តេយ្យអន្តរជាតិជប៉ុនអាសារិ បាននាំយកកម្មវិធីសិក្សាបែបទំនើបពិសេសរបស់ជប៉ុនដែលរួមមាន៖

ទី១៖ ការរៀនតាមរយៈការលេង (Learning through Play) គឺជាការលេងរបស់កុមារមិនមែនគ្រាន់តែជាពេលវេលាកម្សាន្តនោះទេ ប៉ុន្តែ វាជាច្រកផ្លូវទៅកាន់ការរៀនសូត្រ។ សាលាផ្ដល់តម្លៃលើសំណួរ "ហេតុអ្វី?" និង "ខ្ញុំចង់សាកល្បង" ដែលកើតឡើងក្នុងពេលលេងប្រចាំថ្ងៃ និងបណ្ដុះសមត្ថភាពក្នុងការគិត និងសកម្មភាពដោយឯករាជ្យ។

ទី២៖ ការរៀនសូត្រដែលកើតចេញពីស្មារតីនៃការស្វែងយល់តាមរយៈកម្មវិធី Ah!So!Bo!។ កម្មវិធី Ah!So!Bo!នេះ ដែលក្រុមសាលាអប់រំអាសារិ បានកំពុងអនុវត្តនៅជប៉ុន គឺជាទម្រង់នៃការអប់រំដែលចាប់ផ្តើមពីស្មារតីស្វែងយល់ពីខាងក្នុងខ្លួនរបស់កុមារ និងពង្រីកការរៀនសូត្រដោយធម្មជាតិតាមរយៈការលេង។ នៅសាលាមត្តេយ្យថ្មីនេះ គោលគំនិតនេះ ត្រូវបានសម្របសម្រួលឱ្យសមស្របនឹងវប្បធម៌ និងរបៀបរស់នៅរបស់កុមារនៅកម្ពុជា។

ទី៣៖ បរិយាកាសថែទាំកុមារដែលផ្ដល់តម្លៃលើទំនាក់ទំនងអន្តរបុគ្គល គឺខណៈពេលដែលផ្ដល់តម្លៃលើទំនាក់ទំនងប្រចាំថ្ងៃរវាងកុមារ និងកុមារ ក៏ដូចជា រវាងកុមារ និងគ្រូ សាលាក៏បណ្ដុះនូវភាពរស់រវើកក្នុងសង្គម សេចក្តីមេត្តាករុណា ក្រមសីលធម៌ និងសុខភាព ក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព។ សាលាគោរពនូវប្រវត្តិវប្បធម៌ចម្រុះ និងបណ្ដុះឥរិយាបថនៃការទទួលយកគ្នាទៅវិញទៅមកក្នុងជីវភាពប្រចាំថ្ងៃ។

ទី៤៖ បរិយាកាសសិក្សាដែលកុមារអាចសិក្សាជាមួយ៣ភាសា គឺភាសាខ្មែរ ជប៉ុន និងអង់គ្លេស។ សាលាមត្តេយ្យស្តង់ដារជប៉ុននេះ បង្កើតបរិយាកាសដែលកុមារអាចសិក្សាជាមួយភាសាជប៉ុន និងអង់គ្លេសដោយធម្មជាតិក្នុងជីវភាពរស់នៅ និងការលេង ខណៈពេលដែលរក្សាភាសាខ្មែរជាគ្រឹះ។ ជាជាងការផ្ដោតលើការទទួលបានភាសា សាលាផ្ដល់តម្លៃលើការធ្វើឱ្យកុមារស៊ាំនឹងវប្បធម៌ និងតម្លៃខុសៗគ្នា និងការបណ្តុះឥរិយាបថគោរពអ្នកដទៃ៕