សន្និសីទសារព័ត៌មានទាំងស្រុង ស្ដីពីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (Video inside)
01-10-2026 14:14
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានរៀបចំសន្និសីទសារព័ត៌មានទាំងស្រុង ស្ដីពីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ ក្រោមអធិបតី លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កសិករ និងសហគមន៍កសិកម្ម ធុរជន វិនិយោគិនជាតិ និងអន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុ អ្នកនវានុវត្តន៍ យុវជន ដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធនានា ទាំងក្នុងនិងក្រៅប្រទេស។
ព្រឹត្តិការណ៍នេះដឹកនាំរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា។ ព្រឹត្តិការណ៍ CAFE26 នឹងក្លាយជាវេទិកាដ៏រស់រវើក ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិស្បៀងអាហារនៅព្រះរាជាណាចក្រកម្ពុជា។
យោងលើភាពជោគជ័យនៃការរៀបចំលើកទីមួយនៃព្រឹត្តិការណ៍ CAFE25 វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នឹងរួមបញ្ចូល វេទិកាវិនិយោគកសិកម្មរយៈពេលពីរថ្ងៃ នៅថ្ងៃទី២៣-២៤ ខែតុលា វេទិកា នវានុវត្តន៍សម្រាប់យុវជន និងវេទិកាចែករំលែកចំណេះដឹងសម្រាប់សហគមន៍កសិកម្ម នៅថ្ងៃទី២៥ ខែតុលា និង ពិព័រណ៍កសិកម្មរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែតុលា។ ព្រឹត្តិការណ៍នេះរំពឹងថានឹងមានស្តង់ពិព័រណ៍ជាង ៤០០កន្លែង អ្នកចូលរួមទស្សនាប្រមាណ ២៥,០០០នាក់ និងកសិករជាង ២,០០០នាក់៕











