អភិបាលស្រុកតាំងគោក ចុះពិនិត្យការប្រមូលផលដំឡូងមីរបស់កសិករ និងដាស់តឿនអាជ្ញាធរជួយតាមដានតម្លៃទីផ្សារ
01-10-2026 13:57
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរឃុំច្រនាង និងឃុំស្វាយភ្លើង ចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពបង្កបង្កើនផល និងការប្រមូលផលចម្ការដំឡូងមីរបស់ប្រជាកសិករនៅក្នុងមូលដ្ឋាន។ ការចុះពិនិត្យនេះធ្វើឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ដែលបានបង្កឱ្យមានការដក់ទឹកនៅតំបន់ទំនាប និងប្រឈមនឹងហានិភ័យរលួយដើម និងមើមដំឡូង។
ដើម្បីចៀសវាងការខូចខាត និងការបាត់បង់ប្រាក់ចំណូល ប្រជាពលរដ្ឋបានរួសរាន់ប្រមូលផល (ដកដំឡូង) នៅតាមតំបន់ទំនាប និងទីតាំងដែលមានចង្ហក់ទឹកហូរ។ ផ្អែកលើការចុះពិនិត្យជាក់ស្តែងកសិករអាចប្រមូលផលទទួលបានទិន្នផលជាមធ្យមប្រមាណ ២០តោន ក្នុងមួយហិកតា។ ដោយឡែកចំពោះទីផ្សារបច្ចុប្បន្ន ដំឡូងមីទទួលបានតម្លៃចន្លោះពី ៤៣០ ដល់ ៤៤០រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះបានធ្វើឱ្យប្រជាកសិករសម្តែងនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង ដោយសារតែអាចទូទាត់ថ្លៃដើម និងទទួលបានប្រាក់ចំណេញសមរម្យ។
ក្នុងឱកាសនោះដែរ លោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏បានដាក់បទបញ្ជា និងដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរឃុំ-ភូមិ និងផ្នែកពាក់ព័ន្ធ ឱ្យបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពដំណាំរបស់ប្រជាពលរដ្ឋ។
ជាពិសេសលោកបានសង្កត់ធ្ងន់លើការត្រួតពិនិត្យ និងតាមដានតម្លៃទីផ្សារជាប្រចាំ ដើម្បីទប់ស្កាត់កុំឱ្យមានក្រុមឈ្មួញកណ្តាលភូតភរ ឬកេងបន្លំតម្លៃលើកសិករឡើយ ក្នុងគោលបំណងការពារផលប្រយោជន៍ស្របច្បាប់ និងលើកកម្ពស់ជីវភាពរបស់កសិករនៅក្នុងស្រុកឱ្យកាន់តែប្រសើរឡើង៕





























