បណ្ឌិត កៅ ថាច និងភរិយា អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៥ នៅវត្តប្រាសាទគោកបេង ខេត្តព្រះវិហារ ឧទ្ទិសបុណ្យកុសល ជូនវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ
01-10-2026 12:59
(ព្រះវិហារ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកស្រី សួរ សុខគីម បានដឹកនាំក្រុមគ្រួសារ និងសហការី អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៥ នៅវត្តប្រាសាទគោកបេង ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារនៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះ បណ្ឌិត កៅ ថាច និងលោកស្រី សួរ សុខគីម បានដឹកនាំក្រុមគ្រួសារ និងសហការី អញ្ជើញអុជទៀនធូបបូជាថ្វាយព្រះពុទ្ធបដិមា ក្រាបថ្វាយបង្គំប្រគេនចង្ហាន់ទេយ្យទានផ្សេងៗ និងបច្ច័យបួនចំពោះ ព្រះគ្រូចៅអធិការវត្ត និងព្រះភិក្ខុសង្ឃ ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះបុព្វការីជន ញាតកាទាំង៧សណ្ដាន និងវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ។
ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គឺជាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃនៃការដឹងគុណ ការគោរពបុព្វបុរស និងសាមគ្គីភាពក្នុងសង្គម។ ការបន្តគោរពនិងប្រតិបត្តិពិធីបុណ្យប្រពៃណីនេះ គឺជាការចូលរួមថែរក្សា និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ខ្មែរ និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស និងបន្តពីជំនាន់មួយទៅជំនាន់មួយ៕










