FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានថា កងទ័ពជួរមុខកម្ពុជា ហូបបាយជាមួយអំបិល, សម្តេចធានាដោះស្រាយរាល់ការខ្វះខាត (Video inside)

01-10-2026 12:26

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានថា កងទ័ពជួរមុខកម្ពុជា ហូបបាយជាមួយអំបិល ដោយចាត់ទុកការផ្សព្វផ្សាយបែបនោះថា ជាចេតនាវាយបំបាក់ទឹកចិត្តកងកម្លាំងប្រដាប់អាវុធជួរមុខ។

សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពជួរមុខរបស់កម្ពុជាមានអាហារហូបចុកគ្រប់គ្រាន់ ដោយមានទាំងស្បៀងគ្រៀមសម្រាប់ធានាទុកមួយរយៈ និងមានការផ្គត់ផ្គង់ជាប្រចាំពីក្រសួងការពារជាតិ ក៏ដូចជាការចូលរួមពីសប្បុរសជនផងដែរ។

ថ្លែងក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ១០ តភ្ជាប់រវាងខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចបានបញ្ជាក់ដូច្នេះថា៖ «នៅមិននៅ ទៅបង្ហោះទាហានហូបបាយជាមួយអំបិលបុកម្ទេស ទាហានជួរមុខផ្ទាល់ ដឹងហើយតើសម័យនេះ មានបាយជាមួយអំបិលបុកម្ទេសទេ? កន្លែងខ្លះអាចវានៅចុង គេយកមិនទាន់ មិនដឹងបានហូបរបបហ្នឹងអត់ ព្រោះសុទ្ធតែមានស្បៀងគ្រៀម ជួរមុខសុទ្ធតែមានស្បៀមគ្រៀមធានាទុកមួយរយៈ»។

ទាក់ទងនឹងរបបហូបចុក និងការឧបត្ថម្ភ សម្តេចបានគូសបញ្ជាក់ថា យោធិន និងកងកម្លាំងប្រដាប់អាវុធទទួលបានគោលរបបស្តង់ដារ ៤២០០រៀលក្នុងមួយថ្ងៃ (ស្មើនឹង ១២ម៉ឺនរៀលក្នុងមួយខែ) ដែលត្រូវបញ្ចូលទៅក្នុងផ្ទះបាយរួម។ បន្ថែមពីលើនេះ តាំងពីសម័យសម្តេចតេជោ រាជរដ្ឋាភិបាលបានបន្ថែមថវិកា ៣០០០រៀលក្នុងមួយថ្ងៃទៀតសម្រាប់ជាប្រាក់បំប៉នជូនបងប្អូននៅជួរមុខ ដែលធ្វើឱ្យការផ្គត់ផ្គង់មានកម្រិតខ្ពស់។ ចំពោះប្រាក់បៀវត្សរ៍សាច់ប្រាក់របស់កងទ័ព គឺគ្មានការបាត់បង់នោះទេ ហើយរាជរដ្ឋាភិបាលក៏មានគោលការណ៍រៀបចំឱ្យបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារឱ្យបានសម្រេចនៅពាក់កណ្តាលឆ្នាំ២០២៧ ខាងមុខនេះទៀតដែរ។

សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលមានការព្រួយបារម្ភចំពោះសុខទុក្ខកងទ័ព សូមធ្វើការស៊ើបអង្កេត និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់មុននឹងធ្វើការបង្ហោះចែកចាយបន្ត ដើម្បីជៀសវាងការទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ដែលអាចត្រូវក្រុមអគតិយកទៅប្រើប្រាស់ក្នុងការសង្កត់សតិអារម្មណ៍ និងបំផ្លាញទឹកចិត្តកងទ័ពការពារជាតិ។

ជាមួយគ្នានេះដែរ សម្តេចធិបតីបានប្រកាសបើកទ្វារស្វាគមន៍ចំពោះរាល់ព័ត៌មានពិតប្រាកដ ដោយបានអញ្ជើញបងប្អូនកងទ័ព ឬប្រជាពលរដ្ឋផ្ញើសារមកកាន់ទំព័រផេកផ្លូវការរបស់សម្តេចផ្ទាល់ ប្រសិនបើមានករណីខ្វះខាត ដើម្បីឱ្យរាជរដ្ឋាភិបាលនិងក្រសួងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ និងដោះស្រាយអន្តរាគមន៍ជាបន្ទាន់ ដោយសម្តេចបានអះអាងយ៉ាងមុតមាំថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យកងទ័ព ឬកងកម្លាំងណាម្នាក់ជួបប្រទះការដាច់បាយនោះឡើយ»៕