សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីសារៈសំខាន់នៃផ្លូវជាតិលេខ១០ ដែលរួមចំណែកជួយកាត់បន្ថយចម្ងាយធ្វើដំណើរ និងដឹកជញ្ជូនតភ្ជាប់តំបន់ភ្នំទៅសមុទ្រ (Video inside)
01-10-2026 12:24
(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ពីអត្ថប្រយោជន៍ដ៏ធំធេងនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយចម្ងាយផ្លូវធ្វើដំណើរ និងដឹកជញ្ជូនតភ្ជាប់តំបន់ភ្នំទៅសមុទ្រ, ផ្លូវនេះនឹងជួយកាត់បន្ថយចម្ងាយប្រមាណ ៣០៦គីឡូម៉ែត្រ ប្រសិនបើគិតពីខេត្តបាត់ដំបង ទៅខេត្តកោះកុង ពីខេត្តពោធិ៍សាត់ ទៅខេត្តកោះកុង នឹងកាត់បន្ថយបានប្រមាណ ២៣០គីឡូម៉ែត្រ និងប្រមាណ ៣៧២គីឡូម៉ែត្រ ប្រសិនបើគិតពីខេត្តប៉ៃលិន ទៅខេត្តកោះកុង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេច និងលោក ជាំង ណាន ភារធារីស្ថានទូតចិនប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ដែលជាផ្លូវតភ្ជាប់រវាងខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ផ្លូវជាតិលេខ១០នេះ ត្រូវបានសាងសង់ជាប្រភេទផ្លូវ DBST និងជាប្រទេសផ្លូវចាក់បេតុងសរសៃដែកដែលមាន ២គន្លងទៅមក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ, ផ្លូវនេះក៏មានការសាងសង់ស្ពានខ្ពស់ជាងគេនៅកម្ពុជាដែលមានកម្ពស់ ៩០ម៉ែត្រ នឹងត្រូវបានប្រសិទ្ធនាមថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ» ដើម្បីគោរពដឹងគុណដ៏ជ្រាលជ្រៅដល់វីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ចំពោះការបង្រួបបង្រួមជាតិ និងដឹកនាំប្រទេសពីបាតដៃទទេ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យ។
ជុំវិញការសាងសង់ផ្លូវជាតិលេខ១០នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «គម្រោងខ្សែផ្លូវជាតិលេខ ១០នេះ កាត់បន្ថយចម្ងាយការដឹកជញ្ជូនប្រមាណ ៣០៦គីឡូម៉ែត្រ ប្រសិនគិតពីខេត្តបាត់ដំបង ទៅខេត្តកោះកុង, ប្រមាណ ២៣០គីឡូម៉ែត្រ ប្រសិនគិតពីខេត្តពោធិ៍សាត់ ទៅខេត្តកោះកុង និងប្រមាណ ៣៧២គីឡូម៉ែត្រ ប្រសិនគិតពីខេត្តប៉ៃលិន ទៅខេត្តកោះកុង នេះគឺជាចម្ងាយផ្លូវដែលត្រូវកាត់បន្ថយ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា ផ្លូវជាតិលេខ១០ ជាការតភ្ជាប់តំបន់ភ្នំ ទៅតំបន់សមុទ្រ ពោលអ្នកខេត្តបាត់ដំបង ពោធិ៍សាត់ ចង់ទៅលេងសមុទ្រ មិនចាំបាច់ធ្វើដំណើរទៅភ្នំពេញ ដើម្បីវាងទៅសមុទ្រទៀតនោះឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានធ្វើការបញ្ចប់សង្គ្រាមនៅតំបន់វាលវែង និងបានបង្កើតចក្ខុវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធមកកាន់ស្រុកវាលវែង ដែលនេះគឺជាការផ្តល់ឱកាស ផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋនៅតំបន់នេះផងដែរ។
សូមបញ្ជាក់ដែរថា ផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីប្រើប្រាស់រយៈពេលសាងសង់ ៦៦ខែ។ ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ៥៧-៧ ក្នុងខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង ដោយសាងសង់ជាប្រភេទផ្លូវ DBST មានគន្លងរថយន្ត ២គន្លងទៅមក។
ផ្លូវជាតិលេខ១០ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រ និងជាសរសៃឈាមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលតភ្ជាប់ខេត្តចំនួន ៣ គឺបាត់ដំបង ពោធិ៍សាត់ និងកោះកុង (តភ្ជាប់ពីភូមិភាគពាយ័ព្យ មកកាន់តំបន់ឆ្នេរសមុទ្រភាគនិរតី នៃប្រទេសកម្ពុជា) ព្រមទាំងភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗមួយចំនួនទៀត ការតភ្ជាប់នេះបានកាត់បន្ថយពេលវេលា និងចម្ងាយផ្លូវធ្វើដំណើរបានយ៉ាងច្រើន។ ខ្សែផ្លូវនេះបានបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុង សម្រួលដល់ការដឹកជញ្ជូនផលិតផលទំនិញ កសិកម្ម និងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ។ លើសពីនេះផ្លូវជាតិលេខ១០ ក៏បានរួមចំណែកលើកកម្ពស់សក្តានុពលទេសចរណ៍នៅតាមបណ្តោយផ្លូវ ដែលសម្បូរទៅដោយទេសភាពធម្មជាតិដ៏ទាក់ទាញផងដែរ៕
























































