FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បដិសេធព័ត៌មានបំភ័ន្តថា រដ្ឋាភិបាលអស់លុយ និងអំពាវនាវកុំឱ្យប្រជាពលរដ្ឋដកប្រាក់ពីធនាគារ តាមការបំផុសក្នុងចេតនាអាក្រក់ (Video inside)

01-10-2026 11:56

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​បដិសេធ​ចំពោះ​ព័ត៌មានដែលជនឆ្លៀសឱកាសមួយចំនួន បានដើរនិយាយនិងផ្សាយបំភ័យ និងបំភ័ន្តពលរដ្ឋ ដែលថារាជរដ្ឋាភិបាលអស់ប្រាក់​ ហើយ​ជំរុញឱ្យប្រជាពលរដ្ឋទៅដកប្រាក់ពីធនាគារ​ ដោយសម្តេចបានបញ្ជាក់ថា រដ្ឋនៅតែមានសាច់ប្រាក់ ខណៈមន្ត្រីរាជការនៅតែបន្តបើកប្រាក់បៀវត្សរ៍ទៀងទាត់ជារៀងរាល់ខែ ហើយប្រព័ន្ធធនាគារនៅកម្ពុជានៅតែមានភាពរឹងមាំ។​

​ការលើកឡើងរបស់សម្តេចបវរធិបតី ធ្វើឡើងបន្ទាប់ពីមានជនឆ្លៀតឱកាសមួយចំនួនបានយកការបោះផ្សាយ និងដាក់ឱ្យចរាចរណ៍ក្រដាសប្រាក់ថ្មីប្រភេទ ៥ម៉ឺនរៀល និង ១០ម៉ឺនរៀល​ កាលពីពេលថ្មីៗនេះ ទៅបន្លាចប្រជាពលរដ្ឋ ដោយបំផុសថា រដ្ឋាភិបាលអស់លុយ ទើបបោះពុម្ពលុយថ្មី។ ទោះបីជាធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីបំភ្លឺរួចមកហើយក្តី ក៏ការផ្សព្វផ្សាយបំភ័យនេះនៅតែបន្តបង្កការភាន់ច្រឡំ។​

សម្តេចបវរធិបតីបានកត់សម្គាល់ថា អារម្មណ៍ភ័យខ្លាចនេះអាចអាក្រក់ជាងការពិត ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតទាំងនេះ។ សម្តេចបានបញ្ជាក់ថា ការបោះផ្សាយក្រដាសប្រាក់ថ្មី គឺដើម្បីជំនួសក្រដាសប្រាក់ចាស់ដែលត្រូវបានកម្ទេចចោល និងដើម្បីបង្កើនគុណភាព និងសុវត្ថិភាពនៃក្រដាសប្រាក់ថ្មី កុំឱ្យមានការងាយក្លែងបន្លំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុង នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ។

​ឆ្លើយ​តបនឹងព័ត៌មានបន្លាចនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រាប់ដល់ប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភ ឬចាញ់បោកការញុះញង់ឱ្យទៅដកប្រាក់ពីធនាគារ​ ដោយសម្តេចបានបញ្ជាក់ថា រដ្ឋមិនអស់លុយនោះទេ ខណៈមន្ត្រីរាជការនៅតែបន្តបើកប្រាក់បៀវត្សរ៍ទៀងទាត់ជារៀងរាល់ខែ ហើយប្រព័ន្ធធនាគារនៅកម្ពុជានៅតែមានភាពរឹងមាំ ពោលគឺប្រព័ន្ធធនាគារនៅកម្ពុជានៅតែដំណើរការល្អប្រសើរ និងមានអ្នកដាក់ប្រាក់បញ្ញើជាធម្មតា។​

សម្តេចបវរធិបតី​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបញ្ជាក់រដ្ឋមិនអស់លុយទេ។ ឥលូវមន្រ្តីរាជការរបស់យើងមាន​បើកលុយយឺតដែរឬទេ? ១​ខែ២ដង ហើយខែភ្ជុំនេះ បើកតែម្តងឌុប អ៊ីចឹងបើរដ្ឋអស់លុយមិនអាចមានបើកឌុបឱ្យទេ មានតែ៣ខែបើកម្តង។[...] ហើយទាំងនឹងបើកប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀល សម្រាប់មន្រ្តីរាជការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ មន្រ្តីចូលនិវត្តន៍ ​អតីតយុទ្ធជន សមាជិកភូមិ មន្រ្តីភូមិជាដើម យើងនៅតែបើកឱ្យ ដែលយ៉ាងយូរថ្ងៃ៨ ខែ១០ខ្ញុំមិនចាំទេ ប៉ុន្តែ​នៅតែមានសាច់ប្រាក់បើកជូនដំណើរតទៅទៀត អត់មានអត់សាច់ប្រាក់ទេ»៕