ផ្ទះវប្បធម៌រុស្ស៉ី រៀបចំសកម្មភាពមនុស្សធម៌ នៅមណ្ឌលកុមារកំព្រាខេត្តតាកែវ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
01-10-2026 11:56
(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យជាតិដ៏សំខាន់មួយនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារផ្ទះវប្បធម៌រុស្ស៉ី បានចុះរៀបចំសកម្មភាពមនុស្សធម៌នៅមណ្ឌលកុមារកំព្រាខេត្តតាកែវ។
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពេលវេលាប្រកបដោយសេចក្តីរីករាយ និងការចងចាំដ៏មានអត្ថន័យ។ ក្នុងអំឡុងពេលនេះ ប្រជាជនខ្មែរតែងតែសម្តែងនូវកតញ្ញូកតវេទិតាធម៌ចំពោះបុព្វការីជន និងញាតិសន្តានដែលបានចែកឋានទៅ ដោយបានយកចង្ហាន់ និងបច្ច័យទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម។
អំឡុងពេលនេះក៏ចំរដូវវស្សាផងដែរ ដែលជារឿយៗបង្កឱ្យមានជំនន់ទឹកភ្លៀង និងខ្យល់ព្យុះ។ ជាក់ស្តែងនៅក្នុងខែកញ្ញានេះ មានភ្លៀងច្រើន និងការកើនឡើងនៃកម្រិតទឹកទន្លេ បានបង្កឱ្យមានគ្រោះទឹកជំនន់នៅក្នុងក្រុង-ស្រុកចំនួន ៥៣ ទូទាំងប្រទេសកម្ពុជា។
មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី តែងតែប្រកាន់ខ្ជាប់នូវប្រពៃណីដ៏ល្អប្រពៃ ក្នុងការជួយជ្រោមជ្រែងដល់អ្នកដែលកំពុងជួបប្រទះការលំបាកក្នុងជីវិត។ សកម្មភាពមនុស្សធម៌នាពេលនេះ គឺជាបេសកកម្មលើកទី ៣៦ ហើយរបស់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី ប្រចាំរាជធានីភ្នំពេញ។ លើកនេះ ក្រុមការងារបាននាំមកនូវស្នាមញញឹមដល់ទីតាំងថ្មីមួយទៀត គឺមណ្ឌលកុមារកំព្រាខេត្តតាកែវ ដែលជាកន្លែងស្នាក់នៅរបស់កុមារកំព្រា និងកុមារមកពីគ្រួសារមានជីវភាពខ្វះខាត ចាប់ពីអាយុ ៣ដល់ ១៨ឆ្នាំ។
លោក អ៊ុច សុវណ្ណ នាយកមណ្ឌល បានឱ្យដឹងថា បច្ចុប្បន្នមណ្ឌលមានកុមារក្នុងបន្ទុកចំនួន ៧២ នាក់ ក្នុងនោះក៏មានកុមារពិការផងដែរ។ ទោះបីជាទទួលបានថវិកាឧបត្ថម្ភពីរដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏មណ្ឌលនៅតែប្រឈមនឹងការខ្វះខាតខ្លះៗ។ ដោយសារហេតុនេះ លោកគ្រូអ្នកគ្រូ និងកុមារទាំងអស់បានរួមគ្នាដាំដំណាំបន្លែបន្តិចបន្តួច រៀបចំថែរក្សាបរិស្ថានជុំវិញមណ្ឌល រៀនភាសាអង់គ្លេស និងខិតខំបង្កើតបរិយាកាសរស់នៅឱ្យកាន់តែមានន័យ និងស្រស់បំព្រងដោយដៃរបស់ពួកគេផ្ទាល់។
នៅក្នុងឱកាសនោះ ក្រុមការងារផ្ទះរុស្ស៊ីបាននាំយកនូវសម្ភារសិក្សា សៀវភៅកុមារ សៀវភៅរៀន សៀវភៅអក្សរសិល្បិ៍ កាតាបស្ពាយ អាហារចាំបាច់ និងនំចំណី ទៅប្រគល់ជូនដល់កុមារទាំងអស់ក្នុងមណ្ឌល។
«យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមក្នុងសកម្មភាពសប្បុរសធម៌របស់ផ្ទះរុស្ស៊ីប្រចាំរាជធានីភ្នំពេញ រួមមាន ភ្នាក់ងារ Rossotrudnichestvo និងបងប្អូនជនជាតិរុស្ស៊ីទាំងអស់ដែលកំពុងរស់នៅកម្ពុជា»។ ក្រុមការងារផ្ទះរុស្ស៊ី បញ្ជាក់៕










