សម្តេចនាយករដ្ឋមន្ត្រី៖ ការបោះក្រដាសប្រាក់ថ្មី ៥ម៉ឺនរៀល និង១០ម៉ឺនរៀល មិនមែនរាជរដ្ឋាភិបាលអស់សាច់ប្រាក់នោះទេ តែជាការពង្រឹងសុវត្ថិភាព និងបំពេញក្រដាសប្រាក់ចាស់ ទក់ រហែក ដែលកម្ទេចចោល (Video inside)
01-10-2026 11:52
(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ បានថ្លែងបញ្ជាក់ឱ្យកាន់តែច្បាស់បន្ថែម ពីលើការពន្យល់របស់ធនាគារជាតិនៃកម្ពុជា អំពីការដែលរាជរដ្ឋាភិបាលបោះ និងដាក់ឱ្យចរាចរណ៍ប្រើប្រាស់ ក្រដាសប្រាក់ប្រភេទថ្មី គឺ ៥ម៉ឺនរៀល និង១០ម៉ឺនរៀល ថា មែនរាជរដ្ឋាភិបាលអស់សាច់ប្រាក់នោះទេ ប៉ុន្តែដើម្បីពង្រឹងសុវត្ថិភាព និងបំពេញបន្ថែមក្រដាសប្រាក់ចាស់ ដែលត្រូវកម្ទេចចោលរាប់លានសន្លឹកក្នុង១ខែៗ។
ការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងឆ្លើយតបចំពោះក្រុមប្រឆាំងមួយចំនួនតូច ដែលឃោសនាគ្មានការពិតថា ការបោះក្រដាសប្រាក់ថ្មីនេះ ដោយសាររដ្ឋអស់សាច់ប្រាក់ ហើយសេដ្ឋកិច្ចកម្ពុជាជិតដួលរលំជាដើម។
សម្តេចបញ្ជាក់ថា ការបញ្ចេញក្រដាសប្រាក់ថ្មីនេះ ដើម្បីពង្រឹងសោភ័ណភាព និងសុវត្ថិភាព ការពារការក្លែងបន្លំ និងជំនួសក្រដាសប្រាក់ចាស់ ដែលទក់ រហែក ខូចរូបរាង ដែលត្រូវកម្ទេសចោល។
តាមទិន្នន័យធនាគារជាតិចាប់ពីខែឧសភា ដល់ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រដាសប្រាក់ចាស់ប្រមាណ ៤៣៥លានសន្លឹក ត្រូវបានកម្ទេសចោល និងបញ្ចូលក្រដាសថ្មីជំនួសវិញ។
ការថ្លែងរបស់សម្តេចបវរធិបតី ធ្វើឡើងក្នុងឱ្យអញ្ជើញសម្ពោធផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុង។
សម្តេចបានថ្លែងដូច្នេះថា៖ «សុំកុំបារម្ភរដ្ឋអត់មានអស់លុយទេ។ ការបោះលុយថ្មីនេះ ដោយសារលុយទាំងពីរនេះ ចេញលើសពី១០ឆ្នាំហើយ ដូច្នេះត្រូវការលម្អ និងពង្រឹងប្រព័ន្ធសុវត្ថិភាព ដើម្បីកុំឱ្យមានការក្លែងបន្លំ»។
សម្តេចបញ្ជាក់ទៀតថា ប្រសិនបើរដ្ឋអស់លុយ តើមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ មានបើកប្រាក់បៀវត្សយឺតដែរ ឬទេ? គឺគ្មានទេ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បើកបៀវត្សយ៉ាងទៀងទាត់ ១ខែ២ដង ហើយថែមទាំងមានប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យទានថែមទៀត។ ដូច្នេះសម្តេចអំពាវនាវដល់បងប្អូន កុំជឿតាមការឃោសនា របស់ក្រុមមនុស្សមួយចំនួនតូច ដែលប្រឆាំងរាជរដ្ឋាភិបាល។
សូមរំលឹកថា ក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ ដែលកំពុងចរាចរ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦តទៅ។ ក្រដាសប្រាក់ទាំងពីរនេះ បង្កប់នូវលក្ខណៈពិសេសមួយចំនួន ដែលការពារបាននូវការក្លែងបន្លំនានា៕
























































