FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវស្ដ្រីម្នាក់ដែលអះអាងថាមានបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង ខេត្តពោធិ៍សាត់ ចូលមកដោះស្រាយជាមួយអាជ្ញាធរដោយភាពស្មោះត្រង់ (Video inside)

01-10-2026 11:47

(ពោធិ៍សាត់)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់ស្ដ្រីម្នាក់ឈ្មោះ សែម សុខគា ដែលអះអាងថា ខ្លួនជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋផ្សេងទៀតដែលមានបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឲ្យចូលខ្លួនមកដោះស្រាយជាមួយអាជ្ញាធរប្រកបដោយភាពស្មោះត្រង់ ហើយសម្ដេចមិនយកទោសអូសដំណើរ ឬចាប់ខ្លួនអ្វីឡើយ។

ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បែបនេះបន្ទាប់ពីសម្ដេចបានឃើញនូវវីដេអូរបស់ស្ដ្រីឈ្មោះ សែម សុខគា ដែលបីកូនតូចម្នាក់ ហើយស្រែកតវ៉ាជាបន្ដបន្ទាប់នៅមុខក្រសួងយុត្តិធម៌ ក្រោមហេតុផលថា ខ្លួនមានបញ្ហាដីធ្លីជាមួយអាជ្ញាធរនៅតំបន់អន្ទង់អាំង ខេត្តពោធិ៍សាត់។ តំបន់អន្ទង់អាំងខេត្តពោធិ៍សាត់នេះ ត្រូវបានរាជរដ្ឋាភិបាលអភិរក្ស ជាតំបន់ទេសចរណ៍ទាក់ទាញ និងសម្រួលជាមួយពលរដ្ឋនៅតំបន់ ដោយការដោះដូរទៅកាន់តំបន់ផ្សេងក្បែរនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ តភ្ជាប់រវាងខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កន្លងទៅមានរឿងមួយ មានប្អូនស្រីម្នាក់ឈ្មោះ សែម សុខគា គាត់បានទាមទារយំស្រែកនៅមុខក្រសួងយុត្តិធម៌ ពីរបីដងហើយ។ ខ្ញុំបានឲ្យឯកឧត្តម កែវ រតនៈ និងឯកឧត្តម កើត រិទ្ធ មើលស្រាវជ្រាវមានបញ្ហាអ្វី [...] ឥលូវឲ្យតែគាត់ចូលមកយើងជួយផ្ដល់ដីឲ្យគាត់នៅកន្លែងដែលប្រជាពលរដ្ឋជិត៩០គ្រួសារទៅ យើងអត់មានចាប់គាត់ទេ»។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងលោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ ដឹកនាំស្រាវជ្រាវ និងដោះស្រាយបញ្ហានេះជាមួយស្ដ្រីខាងលើ ប្រកបដោយភាពស្មោះត្រង់ និងទន់ភ្លន់ ហើយផ្ដល់តាមសំណូមពរបើសិនគាត់មានបញ្ហាពិតប្រាកដ។

ប៉ុន្ដែផ្អែកតាមលទ្ធផល ដែលសម្ដេចបានបញ្ជាឲ្យធ្វើការស្រាវជ្រាវ គឺស្ដ្រីឈ្មោះ សែម សុខគា ធ្លាប់ត្រូវបានអាជ្ញាធរអញ្ជើញឲ្យចូលមកដោះស្រាយលើបញ្ហាដីធ្លីនេះ ជាមួយប្រជាពលរដ្ឋផ្សេងទៀត ប៉ុន្ដែគាត់មិនបានចូលខ្លួននោះឡើយ ហើយដីរបស់គាត់នៅតំបន់នេះក៏មិនមានប្លង់ច្បាស់លាស់ ខណៈសមត្ថកិច្ចបានរកឃើញទៀតថា គាត់មានដីចំនួន៦កន្លែងនៅតំបន់ក្បែរនេះដែលអាជ្ញាធរមិនប៉ះពាល់អ្វីឡើយ។

បើទោះបីជាយ៉ាងនេះក្ដី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់នូវការណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចដោះស្រាយបញ្ហាជាមួយស្ដ្រីឈ្មោះ សែម សុខគា ដោយសន្ដិវិធី ប្រកបដោយតម្លាភាព និងភាពទន់ភ្លន់ ហើយអាចផ្ដល់ដីជូនគាត់នៅតំបន់ដែលប្រជាពលរដ្ឋប្រមាណជិត៩០គ្រួសារទៀតដែលព្រមព្រៀងជាមួយអាជ្ញាធរ ដើម្បីដោះដូរជាមួយដីនៅតំបន់អន្ទង់អាំងនេះ។ ខណៈរាជរដ្ឋាភិបាលមិនកំណាញ់រឿងផ្តល់ដីជូនប្រជាពលរដ្ឋ ដែលអត់ដីពិតប្រាកដនោះទេ តែទន្ទឹមគ្នានោះ ក៏ត្រូវរួមគ្នាថែរក្សាធនធានធម្មជាតិ ដែលជាសម្បត្តិរួម៕