FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តព្រះសីហនុ បង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យ៣៤នាក់ (Video inside)

01-10-2026 11:37

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៥:១៣នាទី កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ១ទីតាំង នៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះធ្វើឡើងតាមអនុសាសន៍នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

ឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់លោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាត ស្នងការរង ផែនការងារសន្តិសុខ ដឹកនាំកម្លាំងចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងខាងលើ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានរកឃើញមនុស្សសរុបចំនួន ៣៤នាក់ (ស្រី ១នាក់) ដែលមាន ៤សញ្ជាតិ រួមមាន៖ ជនជាតិចិន ២៦នាក់, ជនជាតិម៉ាឡេស៊ី ១នាក់, ជនជាតិកូរ៉េ ៥នាក់ (ស្រី ១នាក់) និងជនជាតិខ្មែរ ២នាក់។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតសម្ភារសង្ស័យមួយចំនួន ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៣៤នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីបន្ត។