FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា៖ ផ្លូវជាតិលេខ១០ សមិទ្ធផលជាតិថ្មី ប្រែក្លាយតំបន់ភ្នំ ជ្រោះជ្រង ជ្រលងដងអូរ ដែលជាសមរភូមិសង្រ្គាមពីអតីតកាល ទៅជាតំបន់មានការអភិវឌ្ឍ (Video inside)

01-10-2026 10:38

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវជាតិលេខ១០ សមិទ្ធផលជាតិថ្មី ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺជាការបង្ហាញពីសមិទ្ធផលថ្មីមួយបន្ថែម ដែលបានកើតចេញក្រោយពីកម្ពុជា បានបិទបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី នាពេលបច្ចុប្បន្ន។

លោករដ្ឋមន្ត្រីបន្ថែមថា ការកសាងផ្លូវនេះ យើងបានប្រែក្លាយតំបន់ភ្នំ ជ្រោះជ្រង ជ្រលងដងអូរ ដែលជាសមរភូមិសង្រ្គាមស៊ីវិលកាល ពីអតីតកាលទៅជាតំបន់មានការអភិវឌ្ឍ ដូចជា ការស្ថាបនាខ្សែផ្លូវបត់បែន រួមទាំងស្ពានដែលខ្ពស់ជាងគេផងដែរ ដើម្បីបម្រើដល់សកម្មភាពសេដ្ឋកិច្ច និងសង្គម ជាពិសេសទុកជាចំណងដៃថ្មីដ៏ពិសិដ្ឋថ្លៃថ្លា ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស សម្រាប់ប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។

តាមរយៈសមិទ្ធផលជាតិថ្មីនេះ លោករដ្ឋមន្ត្រីសាធារណការ សូមគោរពដឹងគុណ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាណត្តិមុន រួមមាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានណែនាំចង្អុលបង្ហាញជាទិសដៅយុទ្ធសាស្រ្ត និងសម្រេចឱ្យមានការសាងសង់ខ្សែផ្លូវនេះ, ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានជំរុញឱ្យមានការសិក្សាគ្រប់ទិដ្ឋភាព លើដំណើរការសាងសង់ខ្សែផ្លូវនេះ និងឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អតីតរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងដំណើរការចុះពិនិត្យមើលទីតាំង ដែលមានចំណោតខ្ពស់ខ្លាំងជាងគេ ដើម្បីរកទីតាំងតម្រាយខ្សែផ្លូវថ្មី ក្នុងការកាត់បន្ថយចំណោត និងផលប៉ះពាល់ផ្សេងៗ ដែលជាលទ្ធផលខ្សែផ្លូវនេះ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅក្នុងអាណត្តិទី៦ កន្លងទៅ។

លោកបានថ្លែងអំណរគុណសារជាថ្មីម្តងទៀត ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាមិត្តដ៏ល្អ និងជាដៃគូដ៏សំខាន់មិនអាចខ្វះបាន ដែលតែងតែគាំទ្រកម្ពុជាគ្រប់កាលៈទេសៈ និងបានផ្តល់ឥណទានសម្បទាន ជំនួយឥតសំណង និងជំនួយបច្ចេកទេសជាបន្ដបន្ទាប់សម្រាប់ការសាងសង់ ស្ដារ និងអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា និងវិស័យផ្សេងៗទៀត ដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងវឌ្ឍនភាពសង្គម។

លោករដ្ឋមន្ត្រីបន្ថែមថា «ដំណើរការសាងសង់ផ្លូវមួយខ្សែនេះ គឺពិតជាមិនងាយស្រួលនោះទេ បើធៀបជាមួយនឹងបណ្តាញខ្សែផ្លូវផ្សេងៗ ដោយសារខ្សែផ្លូវនេះ មុនពេលសាងសង់ត្រូវពិនិត្យយ៉ាងលម្អិតលើផលប៉ះពាល់សំខាន់ៗ ជាពិសេសតំបន់អភិរក្សផ្នែកបរិស្ថាន ហើយត្រូវបានសាងសង់កាត់តំបន់ភ្នំ ជ្រោះជ្រងជ្រលងដងអូរជាច្រើន»។

ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុប ១៩៨. ៥១៨គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់គីឡូម៉ែត្រលេខ ៣៥+៩០០ ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង មានប្រវែង ៣២.១០គីឡូម៉ែត្រ ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានប្រវែង ៩៨.៩០គីឡូម៉ែត្រ រហូតដល់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែង ៦៧.៥១៨គីឡូម៉ែត្រ។

គម្រោងនេះត្រូវបានសាងសង់ឡើងជាប្រភេទផ្លូវ DBST ក្នុងនោះ ផ្លូវក្រាលកៅស៊ូ DBST មានប្រវែង ១៩៣.៨១៨គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ ២គន្លងទៅមក និងផ្លូវចាក់បេតុងសរសៃដែក មានប្រវែង ៤ ៧០០ម៉ែត្រ ទទឹង ៩ម៉ែត្រ និងនៅចំណុចផ្លូវបត់បែនខ្លាំង និងផ្លូវចំណោទឡើងចុះមួយចំនួនត្រូវពង្រីករហូតដល់ ១៨ម៉ែត្រ ដែលរថយន្តសណ្តោងរ៉ឺម៉កប្រវែង ២១ម៉ែត្រ អាចទៅមកក្នុងពេលតែមួយបាន។ ដោយសារគម្រោងនេះបានជួបនឹងផលប៉ះពាល់បរិស្ថានជាច្រើន ដូច្នេះតម្រូវឱ្យមានការផ្លាស់ប្តូរគន្លងផ្លូវថ្មីពីខ្សែខាងកើត មកខ្សែខាងលិចវិញ ត្រង់គីឡូម៉ែត្រលេខ ១១១+៨៦០ ដល់គីឡូម៉ែត្រលេខ ១៧៧+៦០០ មានប្រវែង ៦៥,៧៦គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាជាតិ ចំនួនប្រមាណ ៥៩,៣៦លានដុល្លារអាម៉េរិក។

បន្ថែមពីនេះ គម្រោងនេះ ក៏មានការសាងសង់ស្ពានថ្មី និងពង្រីកស្ពានបេតុងចាស់ សរុបចំនួន ៣២កន្លែង ប្រវែងសរុប ២ ៣២៥ម៉ែត្រ រួមមាន ស្ពានសង់ថ្មីចំនួន ២០កន្លែង និងពង្រីកស្ពានចាស់ចំនួន ១២កន្លែង។ នៅក្នុងចំណោមស្ពានសរុបទាំង ៣២នេះ មានស្ពានមួយដែលត្រូវបានសាងសង់ឡើងជាស្ពានខ្ពស់ជាងគេនៅកម្ពុជា និងត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»។ លក្ខណៈបច្ចេកទេសរបស់ស្ពាននេះ រួមមាន តួស្ពានទាំងមូលមានប្រវែង ៥៣៧ម៉ែត្រ និងទទឹង ១០ម៉ែត្រ និង ១៥ម៉ែត្រនៅផ្នែកកណ្តាលស្ពាន ចែកចេញជា ១២ប្រឡោះ និងមានកម្ពស់ ៩០ម៉ែត្រ គិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពាននៅត្រង់ចំណុចកណ្តាល និងមានសាងសង់កន្លែងសំចតថតរូបអនុស្សាវរីយ៍ នៅចំផ្នែកកណ្តាលនៃស្ពាន។

ចំពោះការអនុវត្តគម្រោងទាំងមូលវិញ ក៏មានរួមបញ្ចូលនូវការដាក់លូគ្រប់ប្រភេទចំនួន ៦២៨កន្លែង និងការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ របាសុវត្ថិភាព បង្គោលសុវត្ថិភាព ផ្លាកសញ្ញាកំណត់ព្រំប្រទល់ខេត្តនិងស្រុក រួមទាំងការសាងសង់ស្ថានីយថ្លឹងរថយន្តអចល័ត ចំនួន ២កន្លែង ដោយ ១កន្លែងនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង និង ១កន្លែងទៀតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៦៦ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២៥ ដែលមានក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ទទួលបន្ទុកសាងសង់ និងមានក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ទទួលបន្ទុកលើកិច្ចការបច្ចេកទេស។

គម្រោងនេះបានចំណាយថវិកាសរុបប្រមាណ ២៥២លានដុល្លារអាម៉េរិក រួមមាន ថវិកាជាប្រភពឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ចំនួនប្រមាណ ១៩២.៧១លានដុល្លារអាម៉េរិក និងប្រភពថវិកាជាតិចំនួនប្រមាណ ៥៩.៣៦លានដុល្លារអាម៉េរិក រួមទាំងថវិកាបដិភាគរាជរដ្ឋាភិបាលមួយចំនួនផ្សេងទៀត សម្រាប់ចំណាយលើការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

ផ្លូវជាតិលេខ១០នេះ គឺជាខ្សែផ្លូវថ្មីមួយ បានលេចចេញជារូបរាងឡើង យ៉ាងស្រស់ត្រកាលនៅក្នុង សម័យកាលតេជោធិបតី ជាខ្សែផ្លូវយុទ្ធសាស្រ្ត និងជាសរសៃឈាមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលត្រូវបានសាងសង់តភ្ជាប់ពីស្រុកសំឡូត នៃខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែងនៃខេត្តពោធិ៍សាត់ និងភ្ជាប់ទៅក្រុងខេមរភូមិន្ទ នៃខេត្តកកោះកុង ព្រមទាំងបានតភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗ រួមមាន ផ្លូវជាតិលេខ៥៧-៧ ផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ៤៨ និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវផ្សេងៗ នៅក្នុងភូមិសាស្រ្តនៃខេត្តទាំង៣នេះ។

ជាក់ស្តែង ការតភ្ជាប់ប្រទាក់ក្រឡានៃខ្សែផ្លូវនេះ ពិតជាបានកាត់បន្ថយពេលវេលា និងចម្ងាយផ្លូវធ្វើដំណើរបានយ៉ាងច្រើន ដូចជា ពីខេត្តបាត់ដំបងមកខេត្តកោះកុងចំណេញ ៣០៦គីឡូម៉ែត្រ ពីខេត្តពោធិ៍សាត់ចុះមកខេត្តកោះកុង តាមផ្លូវជាតិលេខ៥៥ (វាលវែង) ចំណេញ ២៣០គីឡូម៉ែត្រ និងពីខេត្តប៉ៃលិនមកខេត្តកោះកុង (តាមសំឡូត) ចំណេញ ៣៧២គីឡូម៉ែត្រ ដែលពីមុនមក នៅពេលមិនទាន់មានខ្សែផ្លូវនេះ បងប្អូនប្រជាពលរដ្ឋយើងត្រូវធ្វើដំណើរចូលរាជធានីភ្នំពេញសិន ទើបបន្តទៅគោលដៅទាំងនេះបាន។

នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម ខ្សែផ្លូវនេះបាន និងកំពុងបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជា ឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសបម្រើដល់ការដឹកជញ្ជូនផ្សេងៗ ដូចជា ផលិតផលទំនិញ ផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម និងការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រនៃខេត្តទាំង៣នេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានកាន់តែល្អប្រសើរ។

ជាងនេះទៀត ខ្សែផ្លូវនេះ បាននិងកំពុងរួមចំណែកលើកកម្ពស់សក្ដានុពលទេសចរណ៍ នៅតាមបណ្ដោយផ្លូវជាតិនេះ ដែលសម្បូរទៅដោយទេសភាពធម្មជាតិដ៏ទាក់ទាញ តំបន់ជ្រោះភ្នំ ជ្រលង ដងអូរជាច្រើន ដែលបងប្អូនប្រជាពលរដ្ឋភាគច្រើន មិនធ្លាប់បានមកដល់ទីនេះពីមុនមក។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ការសម្រេចបាននូវការសាងសង់ផ្លូវជាតិលេខ១០នេះ និងខ្សែផ្លូវនានា ព្រមទាំងសមិទ្ធផលសំខាន់ៗ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូននៅទូទាំងប្រទេស គឺជាលទ្ធផលការងាររបស់ក្រសួងដែលត្រូវបានអនុវត្តឡើង ស្របតាមផែនការយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនៅគ្រប់ដំណាក់កាលទាំងអស់ ដើម្បីបម្រើដល់ការរីកចម្រើនរបស់កម្ពុជា ដូចនាពេលបច្ចុប្បន្ននេះ។

លោកបន្ថែមទៀតថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានគិតគូរ និងកំពុងខិតខំជំរុញបន្ថែមទៀត លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា រវាងតំបន់ភាគកណ្តាល ភាគខាងជើង ភាគនិរតី និងភាគឦសានរបស់កម្ពុជា ដែលជាតំបន់មានសក្ដានុពល ក្នុងការជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការទាក់ទាញទេសចរ និងវិនិយោគ សំដៅរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕