រដ្ឋមន្ត្រីសាធារណការ អំពាវនាវឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ កុំបើកបរលើសល្បឿនកំណត់ ប្រើប្រាស់គន្លងផ្លូវឱ្យបានត្រឹមត្រូវ និងប្រុងប្រយ័ត្ននៅចំណុចផ្លូវកោង ផ្លូវចំណោត និងផ្លូវឆ្លងកាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ (Video inside)
01-10-2026 10:20
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិត និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា។
ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបើកបរលើសល្បឿនកំណត់ ការប្រើប្រាស់គន្លងផ្លូវមិនត្រឹមត្រូវ ជាពិសេសរថយន្តដឹកទំនិញធំៗដឹកលើសទម្ងន់កម្រិតកំណត់ គឺជាមូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់។ ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹកឱ្យអ្នកបើកបរទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ នៅចំណុចផ្លូវកោង ផ្លូវចំណោត និងផ្លូវឆ្លងកាត់នានា ដែលជាចំណុចប្រឈមនឹងគ្រោះថ្នាក់។
លោក ប៉េង ពោធិ៍នា បានថ្លែងដូច្នេះថា «សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ ត្រូវប្រើប្រាស់គន្លងផ្លូវឱ្យបានត្រឹមត្រូវ ជាពិសេសរថយន្តដឹកទំនិញធំៗ សូមកុំដឹកលើសទម្ងន់កម្រិតកំណត់ និងសូមប្រុងប្រយ័ត្ននៅចំណុចផ្លូវកោង ផ្លូវចំណោត និងផ្លូវឆ្លងកាត់ ដើម្បីការពារនូវអាយុជីវិត និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា»។
ការចូលរួមគោរពច្បាប់ចរាចរណ៍ មិនត្រឹមតែជាការទទួលខុសត្រូវផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកដ៏សំខាន់ ក្នុងការថែរក្សាសុវត្ថិភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់សង្គមជាតិផងដែរ៕


