ក្រសួងបរិស្ថាន បន្តចាត់វិធានការទប់ស្កាត់ការបំពុលបរិស្ថាន ករណីលេចធ្លាយប្រេងនៅបាត់ដំបង
01-10-2026 08:52
(បាត់ដំបង)៖ ក្រុមការងារក្រសួងបរិស្ថាន បានបន្តចាត់វិធានការយ៉ាងសកម្ម ដើម្បីឆ្លើយតបទៅនឹងករណីឧបទ្ទវហេតុលេចធ្លាយប្រេងចេញពីទូរថភ្លើង ដែលបានក្រឡាប់ធ្លាក់ផ្លូវកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងភូមិអណ្តូងចេញ សង្កាត់អូចារ ក្រុងបាត់ដំបង។
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញបានបន្តអនុវត្តវិធានការច្បាប់ និងបច្ចេកទេសយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន។
ក្រុមការងារបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនដឹកជញ្ជូន ដើម្បីពន្លឿនសកម្មភាពសម្អាតសំណល់ប្រេង។
វិធានការចាំបាច់រួមមាន ការបន្ថែមចំនួនកម្លាំងពលកម្មពីក្រុមហ៊ុន ដើម្បីកាយយកសំណល់រុក្ខជាតិងាប់ដែលមានជាប់សំណល់ប្រេងចេញពីដីចំណីផ្លូវរថភ្លើង។ ជាមួយគ្នានេះ ក្រុមការងារក៏បានកាយដីលើកជាទំនប់ដើម្បីទប់ជាប្រឡោះៗ និងដាក់បន្ថែមចំបើងដើម្បីស្រូបយកសំណល់ប្រេងទាំងនោះ។
លទ្ធផលបឋមនៃការងារសម្អាតបានបង្ហាញថា សំណល់ប្រេងនៅក្នុងប្រឡាយខាងជើង និងខាងត្បូងផ្លូវរថភ្លើង សម្រេចបានប្រមាណ ៥០ភាគរយ។
លើសពីនេះ របាំងក្តារចំនួនបីទីតាំងទៀតត្រូវបានដាក់បន្ថែមនៅក្នុងប្រឡាយផ្នែកខាងត្បូងផ្លូវរថភ្លើង ដើម្បីទប់ស្កាត់ការរីករាលដាលនៃប្រេង។ ដោយឡែក សំណល់ប្រេងនៅលើដីចំណីរថភ្លើង ត្រូវបានក្រុមការងារសម្អាតបានប្រមាណ ៣០ភាគរយ។
ក្រុមការងារនឹងបន្តសហការបន្ថែមជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ព្រមទាំងណែនាំឱ្យក្រុមហ៊ុនធ្វើការស្តារប្រឡាយ ប្រមូលសំរាម និងសម្អាតតាមប្រឡាយសងខាងផ្លូវរថភ្លើងឱ្យបានស្អាតល្អ ដើម្បីធានាបាននូវបរិស្ថានស្អាត និងជួយរំដោះទឹកនៅពេលមានភ្លៀងធ្លាក់៕






















