មានជនខិលខូចបន្លំ និងលួចបង្កេីតគណនីធនាគាររបស់សមាគមកាយឫទ្ធិនារីកម្ពុជា សម្រាប់បោកប្រាស់ថវិកាជួយជនរងគ្រោះទឹកជំនន់
01-10-2026 08:07
(ភ្នំពេញ)៖ សមាគមកាយឫទ្ធិនារីកម្ពុជា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងមួយដល់សាធារណជន និងសមាជិកា សមាជិករបស់ខ្លួន អំពីករណីក្លែងបន្លំព័ត៌មាន និងគណនីធនាគាររបស់សមាគម ដោយជនខិលខូច ដើម្បីបោកប្រាស់ថវិកាពីសប្បុរសជន ក្រោមលេសជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។
យោងតាមសេចក្តីជូនដំណឹង សមាគមកាយឫទ្ធិនារីកម្ពុជាបានបញ្ជាក់ថា ថ្មីៗនេះ មានជនខិលខូចមួយចំនួនបានឆ្លៀតឱកាសក្លែងបន្លំជាសមាជិករបស់សមាគម ដោយបានបង្កើតគណនី Telegram និង WhatsApp ព្រមទាំងក្លែងបន្លំព័ត៌មាន និង QR Code គណនីធនាគាររបស់សមាគម។
ជនទាំងនេះបានទាក់ទងទៅកាន់សមាជិករបស់សមាគម និងសាធារណជន ដើម្បីអំពាវនាវឱ្យបរិច្ចាគថវិកា ដោយលើកឡើងពីមូលហេតុជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។
ដើម្បីទប់ស្កាត់ការបោកប្រាស់នេះ សមាគមកាយឫទ្ធិនារីកម្ពុជា សូមអំពាវនាវដល់សមាជិកា សមាជិក និងសាធារណជនទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យឈ្មោះគណនីធនាគារឱ្យបានច្បាស់លាស់ មុននឹងធ្វើការផ្ទេរប្រាក់ណាមួយ។
ជាមួយគ្នានេះ សមាគមក៏បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនខិលខូចទាំងឡាយណា ដែលកំពុងបំពាន និងយកឈ្មោះសមាគមកាយឫទ្ធិនារីកម្ពុជា ទៅប្រព្រឹត្តទង្វើទុច្ចរិត បង្កឱ្យប៉ះពាល់ដល់កិត្តិយស និងជំនឿទុកចិត្តរបស់សមាគម។

