FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ក្រុមការងារ ចុះផ្ដល់ស្បៀង និងថវិកាមួយចំនួន សម្រាលបន្ទុកដល់ប្រជាជនរងគ្រោះទឹកជំនន់ជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព

30-09-2026 23:08


(បន្ទាយមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សចំនួន ១,៥០០គ្រួសារ ក្នុងក្រុងប៉ោយប៉ែត ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពចំនួន ៩កន្លែង ក្នុងនោះក្រុមការងារបានរៀបចំពិធីចែកអំណោយនៅលើទីទួលសុវត្ថិភាពចំនួន២កន្លែង ដោយទីតាំងទី១៖នៅច្រកស្ទឹងបត់ និងទីតាំងទី២៖ នៅសាលាបឋមសិក្សា ហ៊ុន សែន ព្រហ្មនិម្មិត ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ពិធីចែកអំណោយនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហហមកម្ពុជា ខេត្តបន្ទាយមានជ័យនិងលោកស្រី ព្រមទាំងវត្តមានចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមការងារមកពីទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ជាច្រើនរូប។

ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយក្នុងចំណោមខេត្តដែលរងផលប៉ះពាល់ពីទឹកជំនន់រហ័សនេះ យោងតាមរបាយការណ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ខេត្តបន្ទាយមានជ័យ មាន៦ក្រុងស្រុក ដែលរងផលប៉ះពាល់ រួមមាន ស្រុកមង្គលបូរី ស្រុកភ្នំស្រុក ស្រុកម៉ាឡៃ ក្រុងសិរីសោភ័ណ ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត ដោយគ្របដណ្តប់លើ ១៦៥ភូមិ ៣១ឃុំ មាន៧,៩០៣គ្រួសារ ៧,៨២៩ខ្នងផ្ទះ ស្មើនឹង ២៨,២៤៤នាក់។
ក្រុងប៉ោយប៉ែតនេះមាន២សង្កាត់ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ រួមមានសង្កាត់អូរជ្រៅ និងសង្កាត់ផ្សារកណ្តាល។

តាមការបញ្ជាក់បន្ថែមរបស់លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលនៃគណៈអភិបាលខេត្ត បានឱ្យដឹងថាស្ថានភាពគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ប្រជាជនរងគ្រោះជាង ២,៥០០គ្រួសារ ត្រូវបានជន្លៀសទៅកាន់ទីទួលសុវត្ថិភាព និងទទួលបានការឧបត្ថម្ភស្បៀងអាហារជំហានដំបូងពីអាជ្ញាធរ ដោយពុំមានប្រជាពលរដ្ឋណាម្នាក់បាត់បង់ជីវិតឡើយ។ ទន្ទឹមនេះក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត (ដែលបានចុះពិនិត្យផ្ទាល់នៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៨ ខែកញ្ញា) និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ខ្ពស់ និងមិនបោះបង់ប្រជាពលរដ្ឋណាចោលឡើយ។ លោកបានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំជួយសង្គ្រោះ និងមើលថែទាំសុខទុក្ខប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

នាឱកាសនោះផងដែរ លោក យូ ឡាណា អគ្គលេខាធិការរងទី២ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋងាយរងគ្រោះខាងលើ ពិសេសសារគន្លឹះពីការថែរក្សាសុខភាព ក្នុងអំឡុងទឹកជំនន់នេះ។

លោកបានថ្លែងបន្តទៀតថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជួបការលំបាកឬវិបត្តិភ័យ ដែលបណ្តាលមកពីគ្រោះមហន្តរាយនានា ដោយមិនប្រកាន់និន្នាការឬទុកនរណាម្នាក់ចោលឡើយ។ លោកក៏បានគូសបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លោកបានតាមដានជាប់ជាប្រចាំពីស្ថានភាពទឹកជំនន់នៅតាមបណ្តាខេត្តនានា និងណែនាំមន្ត្រី ចុះអប់រំសុខភាព និងរៀបចំ ក្នុងការសហការជាមួយអាជ្ញាធរជួយសង្គ្រោះប្រជាពលរដ្ឋ។

ដូច្នេះទើបឱកាសនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានចាត់លោកចុះមកសួរសុខទុក្ខ និងផ្តល់អំណោយជាជំហានដំបូង សម្រាប់ពលរដ្ឋរងគ្រោះ ដែលត្រូវជម្លៀសចេញពីលំនៅឋានជាមុន និងផ្តល់ជូនតាមខ្នងផ្ទះដែលរងផលប៉ះពាល់ខ្លាំង ពិសេសជនងាយរងគ្រោះ ជនពិការ ស្ត្រី កុមារ និងជនចាស់ជរា។ ជាងនេះទៅទៀតកាកបាទក្រហមកម្ពុជា និងបន្តសហការជាមួយអាជ្ញាធរ រាជរដ្ឋាភិបាល តាមដានស្ថានភាពបន្តទៀតដើម្បីឆ្លើយតបបានទាន់ពេលវេលា។

ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារចុះមកជួយដោយផ្ទាល់ភ្លាមៗដល់គ្រួសាររងគ្រោះខាងលើនេះ គឺបានផ្ដល់នូវអំណោយសម្រាលការលំបាក ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប និងឃីតចំនួន ១ (សារុង ក្រមា មុង ភួយ)។ បន្ទាប់ពីផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះទាំង ១,៥០០គ្រួសាររួចមក លោកនិងក្រុមការងារក៏បាននាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួនពីរ ដែលរងផលប៉ះពាល់ដោយទឹកជំនន់រហ័សនេះ រួមមានវត្ត ពោធិសុវណ្ណសិលារាម (ហៅវត្តអណ្តូងថ្មមាស) និងវត្តច័ន្ទស៊ីសុទ្ធាវាស កូបធំ (ចាស់) ដោយក្នុងមួយវត្តទទួលបាន៖ អង្ក ១២០គីឡូក្រាម មី៥កេស ត្រីខ ៥យួរ ទឹកបរិសុទ្ធ ៥កេស ទឹកស៊ីអ៊ីវ ៥យួរ និងបច្ច័យសម្រាប់វត្ត និងប្រគេនព្រះគ្រូចៅអធិការវត្ត ព្រមទាំងព្រះសង្ឃ នូវបច្ច័យមួយចំនួន៕