FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយទាហាន និងនាយទាហានរងចំនួន ១១៦នាក់ នៃទីបញ្ជាការយោធភូមិភាគទី១ ត្រូវបានតែងតាំងផ្លាស់ប្ដូរមុខងារ និងបំពាក់ឋានន្តរស័ក្តិ

30-09-2026 21:53

(ស្ទឹងត្រែង)៖ នាយទាហាន និងនាយទាហានរងចំនួន ១១៦នាក់ នៃទីបញ្ជាការយោធភូមិភាគទី១ ត្រូវបានតែងតាំងផ្លាស់ប្ដូរមុខងារ និងបំពាក់ឋានន្តរស័ក្តិ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារ វិន័យ និងសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទនៅតាមអង្គភាព។

ពិធីនេះបានរៀបចំឡើងនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦នេះក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ចន ចាយ មេបញ្ជាការរងយោធភូមិភាគទី១ តំណាងឱ្យ ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងយោធិនពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ចន ចាយ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និងយោធិន ដែលកន្លងមកបានចូលរួមបំពេញភារកិច្ចស្នូលរបស់ខ្លួនយ៉ាងសកម្ម និងសម្រេចបានលទ្ធផលល្អប្រសើរ ស្របតាមបទបញ្ជា និងការណែនាំរបស់ថ្នាក់លើ។

ជាមួយគ្នានេះ លោកបានផ្តាំផ្ញើដល់នាយទាហាន និងនាយទាហានរង ដែលទទួលការតែងតាំងផ្លាស់ប្ដូរមុខងារ និងបំពាក់ឋានន្តរស័ក្តិនាពេលនេះ ត្រូវយកការទទួលខុសត្រូវ និងកិត្តិយសនៃមុខងារថ្មីជាមូលដ្ឋាន ដើម្បីបន្តបំពេញភារកិច្ចឱ្យបានល្អប្រសើរ ដោយផ្តោតលើចំណុចសំខាន់ៗមួយចំនួន។

លោកឧត្តមសេនីយ៍ បានក្រើនរំលឹកឱ្យរក្សាភាពស្មោះត្រង់ចំពោះជាតិ និងមាតុភូមិ ព្រមទាំងគោរពវិន័យ និងបទបញ្ជារបស់ថ្នាក់លើឱ្យបានម៉ឺងម៉ាត់។ ទន្ទឹមនឹងនេះ ត្រូវខិតខំចូលរួមហ្វឹកហ្វឺន និងលើកកម្ពស់សមត្ថភាពជំនាញ សមត្ថភាពប្រតិបត្តិការ និងការត្រៀមលក្ខណៈបំពេញភារកិច្ច ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់បុគ្គល និងអង្គភាព។

លោកឧត្តមសេនីយ៍ ក៏បានសង្កត់ធ្ងន់លើការពង្រឹង និងពង្រីក សាមគ្គីភាពរវាងមិត្តរួមអាវុធ ព្រមទាំងការរក្សាទំនាក់ទំនងល្អរវាងកងទ័ព និងប្រជាពលរដ្ឋនៅជុំវិញមូលដ្ឋានដែលអង្គភាពឈរជើង។ ការរួបរួម និងការសហការល្អរវាងកងទ័ព និងប្រជាពលរដ្ឋ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់មួយក្នុងការរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងភាពរឹងមាំរបស់មូលដ្ឋាន។

បន្ថែមពីនេះ នាយទាហាន និងនាយទាហានរង ត្រូវចូលរួមយ៉ាងសកម្មក្នុងការបង្កបង្កើនផល និងលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព ព្រមទាំងយកចិត្តទុកដាក់កសាងអង្គភាពឱ្យមានភាពរឹងមាំ គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពក្នុងការអនុវត្តភារកិច្ច។

ចំពោះសម្ភារៈ និងបរិក្ខារយោធា លោកបានណែនាំឱ្យមានការគ្រប់គ្រង ថែរក្សា និងប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងការត្រៀមលក្ខណៈរបស់អង្គភាព។ បន្ថែមពីនេះលោកបានក្រើនរំលឹកឱ្យនាយទាហាន និងនាយទាហានរងទាំងអស់ ចៀសវាងដាច់ខាតនូវការប្រព្រឹត្តបទល្មើស និងអំពើដែលផ្ទុយនឹងច្បាប់រដ្ឋ ព្រមទាំងត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ និងកិត្តិយសរបស់កងយោធពលខេមរភូមិន្ទ។ក្នុងនោះ ការពាក់ព័ន្ធនឹង គ្រឿងញៀន ត្រូវចៀសវាងជាដាច់ខាត ដើម្បីរក្សាបាននូវភាពស្អាតស្អំ និងសេចក្តីថ្លៃថ្នូររបស់កងទ័ព និងអង្គភាព។

ការតែងតាំងផ្លាស់ប្ដូរមុខងារ និងបំពាក់ឋានន្តរស័ក្តិនេះ មិនត្រឹមតែជាការទទួលស្គាល់ចំពោះភារកិច្ច និងតួនាទីថ្មីរបស់នាយទាហាន នាយទាហានរងប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់នូវការទទួលខុសត្រូវថ្មី ដែលតម្រូវឱ្យយោធិនម្នាក់ៗបន្តពង្រឹងសមត្ថភាព វិន័យ សាមគ្គីភាព និងការប្តេជ្ញាចិត្ត ដើម្បីបំពេញភារកិច្ចរបស់ខ្លួនជូនអង្គភាព និងជាតិមាតុភូមិឱ្យបានកាន់តែល្អប្រសើរ៕