លោកបណ្ឌិត កៅ ថាច ជំរុញការអភិវឌ្ឍន៍កសិកម្មនៅខេត្តព្រះវិហារ ផ្តោតលើភូមិតាកឹងបៃតង លើកកម្ពស់ជីវភាពរស់នៅជនភៀសសឹក
30-09-2026 21:47
(ព្រះវិហារ)៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយនៅខេត្តព្រះវិហារ ដើម្បីពង្រឹងរចនាសម្ព័ន្ធបណ្តាញកសិករតេជោ និងជំរុញគម្រោងអភិវឌ្ឍន៍តំបន់កសិកម្មនៅភូមិតាកឹងបៃតង។ កិច្ចប្រជុំនេះមានការចូលរួមពីលោក អ៊ុក គឹមសាន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងអនុប្រធាន និងសមាជិកសមាគមមកពីអនុវិស័យកសិកម្មជាច្រើន។
គោលបំណងចម្បងនៃកិច្ចប្រជុំ គឺដើម្បីពិភាក្សាអំពីទិសដៅការងាររបស់សមាគម ការរៀបចំ និងពង្រឹងរចនាសម្ព័ន្ធបណ្តាញកសិករតេជោនៅតាមមូលដ្ឋាន។ លើសពីនេះ ក៏មានការពិភាក្សាលើគម្រោងអភិវឌ្ឍន៍នានាដែលអាចចូលរួមលើកកម្ពស់ផលិតកម្មកសិកម្ម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលជាជនភៀសសឹកនៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងបណ្តាញកសិករដែលប្រកបរបរកសិកម្មលើគ្រប់វិស័យ។ លោកបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគម្រោងអភិវឌ្ឍន៍តំបន់កសិកម្មនៅភូមិតាកឹងបៃតង ដោយលើកឡើងថា ការអភិវឌ្ឍវិស័យកសិកម្មនៅតំបន់នេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងខេត្ត និងតំបន់ជុំវិញ។ តាមរយៈគម្រោងនេះ សមាគមរំពឹងថានឹងបង្កើតឱកាសការងារ បង្កើនចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលជាជនភៀសសឹកឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត តាមរយៈការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព។










