មជ្ឈមណ្ឌលបេះដូង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បាននិងកំពុងក្លាយជាទីពឹង និងផ្ដល់ជំនឿទុកចិត្តយ៉ាងខ្លាំងដល់អ្នកជំងឺ
30-09-2026 21:39
(សៀមរាប)៖ មជ្ឈមណ្ឌលបេះដូង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បាននិងកំពុងក្លាយជាទីពឹង និងផ្ដល់ជំនឿទុកចិត្តយ៉ាងខ្លាំងដល់អ្នកជំងឺ តាមរយៈការបំពាក់នូវគ្រឿងបរិក្ខារបច្ចេកទេសពេទ្យទំនើបៗ រួមជាមួយក្រុមគ្រូពេទ្យឯកទេសជំនាញច្បាស់លាស់ ដោយជួយសង្គ្រោះអាយុជីវិត និងកាត់បន្ថយពិការភាពជូនប្រជាពលរដ្ឋក្នុងខេត្ត និងបណ្ដាខេត្តជុំវិញ ដោយមិនចាំបាច់ធ្វើដំណើរទៅព្យាបាលដល់រាជធានីភ្នំពេញឡើយ។
លោកវេជ្ជបណ្ឌិត គីរី សំណាង វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូង និងជាប្រធានផ្នែកនៃមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញានេះថា មន្ទីរពេទ្យនេះ គឺជាផ្នែកឯកទេសព្យាបាលជំងឺបេះដូងថ្នាក់ខេត្តដំបូងគេ ដែលមានហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍សម្ភារៈបរិក្ខារទំនើបៗ ព្រមទាំងមានបំពាក់ម៉ាស៊ីនឆ្លុះសរសៃឈាមបេះដូងដ៏ទំនើប រួមជាមួយក្រុមគ្រូពេទ្យជំនាញប្រចាំការផងដែរ។
លោកវេជ្ជបណ្ឌិត គីរី សំណាង បញ្ជាក់ថា សេវាកម្មលេចធ្លោសំខាន់ៗរបស់មន្ទីរពេទ្យ មានចំនួន២ រួមមាន ១- សេវាកម្មឆ្លុះសរសៃឈាមបេះដូង (Coronary Angiography) ដែលមានបន្ទប់ឆ្លុះសរសៃឈាមបេះដូងបំពាក់ដោយម៉ាស៊ីនទំនើប ដែលអាចធ្វើរោគវិនិច្ឆ័យជំងឺសរសៃឈាមបេះដូងបានយ៉ាងច្បាស់លាស់ ត្រឹមត្រូវ និងអាចព្យាបាលជំងឺស្ទះសរសៃឈាមបានទាន់ពេលវេលា តាមរយៈការប្រើប្រាស់គ្រាប់ស្វរ ឬបាឡុង ដែលជាវិធីសាស្ត្រទំនើបនិយមប្រើប្រាស់ក្នុងបណ្ដាប្រទេសរីកចម្រើន នៅលោកខាងលិច។
ចំណែក ទី២- ផ្នែកប្រពោធនកម្មបេះដូង (CCU)៖ ទទួលបន្ទុកថែទាំអ្នកជំងឺធ្ងន់ធ្ងរ ដោយបានបំពាក់ឧបករណ៍ទន្លាក់ទំនើបៗ ម៉ាស៊ីនតាមដានសញ្ញាជីវិត និងចង្វាក់បេះដូង ឧបករណ៍សង្គ្រោះបន្ទាន់ (Emergency Trolley) ម៉ាស៊ីនឆក់បេះដូង ម៉ាស៊ីនថតសួតចល័ត ម៉ាស៊ីនអេកូ ម៉ាស៊ីនជំនួយដង្ហើម (Ventilator) និងឧបករណ៍ទំនើបដទៃទៀត ដោយយកសុវត្ថិភាពអ្នកជំងឺជាចម្បង។
លើសពីនេះ ក៏មានសេវាពិនិត្យផ្សេងៗដូចជា ការចាប់ចង្វាក់បេះដូង ២៤ម៉ោង និងម៉ាស៊ីន Stress Test ផងដែរ។
លោកវេជ្ជបណ្ឌិត បន្ថែមថា ភាពរីកចម្រើនទាំងនេះ បានផ្ដល់លទ្ធផលគួរឱ្យមោទនភាព ដោយគិតចាប់តាំងពីថ្ងៃដាក់ឱ្យសម្ពោធប្រើប្រាស់មក មជ្ឈមណ្ឌលបានធ្វើការឆ្លុះសរសៃឈាមបេះដូងចំនួន ៩ ៥៥៩ករណី និងពិនិត្យអេកូបានចំនួន ៣ ៧២៧ករណី ជោគជ័យក្នុងការជួយសង្គ្រោះអាយុជីវិត និងកាត់បន្ថយអត្រាពិការភាពរបស់អ្នកជំងឺ។ ជោគជ័យដ៏ធំធេងនេះ មិនអាចកាត់ផ្ដាច់បានឡើយពីការយកចិត្តទុកដាក់ និងការគាំទ្រពីថ្នាក់ដឹកនាំ ព្រមទាំងជំនួយឧបត្ថម្ភពីដៃគូរអភិវឌ្ឍន៍។
ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោកក៏សូមអរគុណដល់ម្ចាស់ជំនួយ គឺសមាគមនីកាយនៃសាសនាចក្រនៃព្រះយេស៊ូគ្រិស្តនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានផ្ដល់ជំនួយឧបត្ថម្ភដ៏មានតម្លៃ ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងខេត្តជុំវិញទទួលបានសេវាព្យាបាលបេះដូងយ៉ាងមានប្រសិទ្ធភាពនៅនឹងកន្លែងដោយមិនបាច់ចំណាយពេល និងថវិកាធ្វើដំណើរទៅរាជធានីភ្នំពេញ៕













