FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស

30-09-2026 21:18

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានប្រគល់ធុងសំរាម ចំនួន ១២៩០ធុង ជូនដល់តំណាងអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដើម្បីផ្តល់ជូនមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ក្នុងការចូលរួមលើកកម្ពស់ភាពស្អាត សុខុមាលភាពសាធារណៈ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

កិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ មិនត្រឹមតែជួយកែលម្អសោភ័ណភាព និងបរិស្ថាននៅក្នុងពន្ធនាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងធំធេងដល់ការថែទាំសុខភាពរបស់មន្ត្រីអនុរក្ស និងជនជាប់ឃុំផងដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ សំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ជាមួយនឹងការបង្កើនគម្របបៃតងឱ្យបានច្រើន។

អនុលោមតាមយុទ្ធសាស្រ្តខាងលើ ក្រសួងបរិស្ថាន បានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ផ្តោតលើសរសរស្តម្ភចំនួន៣ គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ថែលផ្តោតលើការកាត់បន្ថយ ការបំពុល ការលើកកម្ពស់សេដ្ឋកិច្ចបៃតង និងការធានាចីរភាពបរិស្ថាន។

ក្នុងការជំរុញភាពស្អាត ក្រសួងបរិស្ថាន បានផ្តល់ធុងដាក់សំរាមសម្រាប់ញែកសំណល់ ជាពិសេសសំណល់ប្លាស្ទិក ដល់សាលារៀន មូលដ្ឋានសុខាភិបាល វត្តអារាម និងមណ្ឌលសុវត្ថិភាព ជនភៀសសឹកសរុប ៤១ ៥៧២ធុង។

តាមការគ្រោងទុក ក្រសួងបរិស្ថាន នឹងផ្តល់ជូនធុងសំរាម ឱ្យបានដល់គ្រប់សាលារៀន វត្តអារាម និងមណ្ឌលសុខភាពនៅទូទាំងប្រទេសចំនួន ៥៥ ៥០០ធុង និងសម្រាប់ប្រើប្រាស់ក្នុងការទុកដាក់ សំរាមឱ្យបានត្រឹមត្រូវ ហើយការផ្តល់ធុងសំរាមនេះ គឺជាកិច្ចការសំខាន់ដែលអាចអប់រំប្រជាពលរដ្ឋឱ្យចេះ ទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម ដែលផ្តល់តម្លៃសេដ្ឋកិច្ចបន្ថែមទៀត៕