FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ដចាត់តំណាងចុះសួរសុខទុក្ខ ពីស្ថានភាពជំងឺរបស់វីរកងទ័ព ស្រា ទ្រី ដែលត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង

30-09-2026 20:07

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងក្រុមការងារ ចុះទៅទទួលផ្ទាល់ និងសួរសុខទុក្ខ ព្រមទាំងពិនិត្យស្ថានភាពសុខភាពរបស់លោក ស្រា ទ្រី ដែលត្រូវបានបញ្ជូនពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មកសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យអង្គឌួង រាជធានីភ្នំពេញ។

ការចុះសួរសុខទុក្ខនេះ ធ្វើឡើងបន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជ្រាបអំពីស្ថានភាព និងប្រវត្តិរបស់លោក ស្រា ទ្រី ដែលជាអតីតយោធិនមួយរូប។ លោក ស្រា ទ្រី មានអាយុ ២៤ឆ្នាំ មានស្រុកកំណើតនៅស្រុកស្រីស្នំ ខេត្តសៀមរាប និងបានចូលបម្រើយោធានៅឆ្នាំ២០២០។ កំឡុងពេលមានជម្លោះតាមព្រំដែន លោកបានឈរជើងនៅទិសប្រាសាទតាមាន់ធំ ហើយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោយការអនុវត្តបទឈប់បាញ់ លោកស្រា ទ្រី ត្រូវបានទ័ពថៃ លបបាញ់បណ្តាលឱ្យរបួសត្រង់ក្បាលធ្ងន់ធ្ងរ ។

ដោយបេះដូងពោរពេញដោយមនុស្សធម៌ និងក្តីអាណិតអាសូរជាពន់ពេក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ចែងឱ្យមន្ត្រីកាកបាទក្រហមកម្ពុជា ចុះជួយឧបត្ថម្ភជាបន្តបន្ទាប់។ ក្នុងជំហានដំបូង សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញចុះទៅដល់ផ្ទះរបស់លោក ស្រា ទ្រី ដោយបាននាំយកអំណោយជាស្បៀងអាហារ និងថវិកាមួយចំនួនជូនដល់គ្រួសារ ដើម្បីជួយសម្រាលជីវភាពរស់នៅ។ រហូតមកដល់ថ្ងៃនេះ ដោយមានការយកចិត្តទុកដាក់ និងក្តីបារម្ភយ៉ាងខ្លាំងពីសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ដើម្បីឱ្យរូបលោកឆាប់បានជាសះស្បើយ កាកបាទក្រហមកម្ពុជា បានសម្រួល និងទទួលបន្តការមើលថែទាំព្យាបាលលោក ស្រា ទ្រី នៅមន្ទីរពេទ្យអង្គឌួង រាជធានីភ្នំពេញ។

បច្ចុប្បន្ន លោក ស្រា ទ្រី កំពុងតែត្រូវបានលោកគ្រូ អ្នកគ្រូពេទ្យ ធ្វើការពិនិត្យតាមដានស្ថានភាពសុខភាពយ៉ាងយកចិត្តទុកដាក់ ដើម្បីបន្តទិសដៅព្យាបាលជាបន្តទៀត។

លោក ស្រា ទ្រី ព្រមទាំងក្រុមគ្រួសារ បានសម្តែងនូវក្តីរំភើប និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ អាណិតអាសូរ និងខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងយោធិន ដោយបានផ្តល់ទាំងអំណោយ ស្បៀងអាហារ ថវិកា និងការជួយសង្គ្រោះព្យាបាលភ្លាមៗនាពេលនេះ៕