FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមហាផ្ទៃ ដាក់ដំណើរការប្រព័ន្ធស្នើសុំលិខិតអនុញ្ញាតបើកក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន តាមប្រព័ន្ធឌីជីថល

30-09-2026 19:34

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំ «លិខិតអនុញ្ញាតបើកក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន» ទៅក្នុង «ថ្នាលសេវាសាធារណៈឌីជីថលក្រសួងមហាផ្ទៃ»ដើម្បីសម្រួលដល់ ការស្នើសុំ និងការផ្តល់សេវា សាធារណៈក្នុងវិស័យសន្តិសុខឯកជនឱ្យកាន់តែមានប្រសិទ្ធភាព ងាយស្រួល ឆាប់រហ័ស តម្លាភាព និងគណនេយ្យភាព។

ការដាក់ដំណើរការប្រព័ន្ធនេះ ស្របតាមនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីសម្រេចបានកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកបច្ចេកវិទ្យាឌីជីថលជាអាទិភាពដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ព្រមទាំងការធ្វើទំនើបកម្មស្ថាប័ន និងការផ្តល់សេវាសាធារណៈ។ ទន្ទឹមនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញជាគោលការណ៍ក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ជាមួយនឹងការកែទម្រង់ស៊ីជម្រៅលើការផ្ដល់សេវាសាធារណៈសម្រាប់ MSMEs តាមរយៈការបញ្ចូលសេវាអាទិភាព ពាក់ព័ន្ធនឹង MSMEs ទៅក្នុងប្រព័ន្ធអេកូឡូស៊ី នៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)។

អ្នកដែលមានបំណងបើកក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន អាចដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញបានយ៉ាងងាយស្រួល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយគ្រាន់តែបំពេញព័ត៌មានលើពាក្យស្នើសុំបញ្ចូលឯកសារតម្រូវតាមការកំណត់ ព្រមទាំងអាចតាមដានស្ថានភាពនៃពាក្យស្នើសុំ និងទទួលបានព័ត៌មានពាក់ព័ន្ធនឹងដំណើរការផ្តល់សេវា រហូតដល់ទទួលបានលិខិតអនុញ្ញាត តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

សូមចូលទៅកាន់អាសយដ្ឋានដែលមានតំណភ្ជាប់ https://ppsm.interior.gov.kh ដើម្បីស្នើសុំ «លិខិតអនុញ្ញាតបើកក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន»។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖ ១២៨៩ ឬ ០៨១ ៨៨៨ ២៩៦៕