FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កុំជឿពាក្យចចាមអារ៉ាម! Facebook មិនតម្រូវឱ្យបង្ហោះឬដាក់អត្តសញ្ញាណប័ណ្ណជារូប Profile ឡើយ

30-09-2026 19:31

(ភ្នំពេញ)៖ ថ្មីៗនេះ មានការចែករំលែកព័ត៌មានមិនពិតមួយចំនួននៅលើបណ្ដាញសង្គម Facebook ដែលបានលើកឡើងថា Facebook តម្រូវឱ្យអ្នកប្រើប្រាស់ដាក់រូបអត្តសញ្ញាណប័ណ្ណជារូប Profile ដើម្បីជៀសវាងការបិទគណនីនៅពេលអនាគត។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចាត់ទុកថា ព័ត៌មានបែបនេះអាចបង្កឱ្យមានការភាន់ច្រឡំ និងហានិភ័យនៃការបែកធ្លាយទិន្នន័យផ្ទាល់ខ្លួនដោយមិនដឹងខ្លួនដល់សាធារណជន។

យោងតាមព័ត៌មានផ្លូវការរបស់ក្រុមហ៊ុន Meta ដែលជាម្ចាស់ Facebook បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការប្រកាសណាមួយតម្រូវឱ្យអ្នកប្រើប្រាស់ដាក់រូបអត្តសញ្ញាណប័ណ្ណជារូប Profile នោះទេ។ Facebook អាចនឹងស្នើសុំឱ្យមានការបញ្ជាក់អត្តសញ្ញាណតែក្នុងករណីជាក់លាក់ប៉ុណ្ណោះ ដូចជាការស្ដារគណនីដែលត្រូវបានបិទ ឬការផ្ទៀងផ្ទាត់ម្ចាស់គណនីពិតប្រាកដតាមរយៈប្រព័ន្ធសុវត្ថិភាពផ្លូវការរបស់ខ្លួន។

ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន និងជៀសវាងការបោកប្រាស់ សូមបងប្អូនប្រជាពលរដ្ឋកុំបង្ហោះរូបអត្តសញ្ញាណប័ណ្ណជាសាធារណៈ ឬផ្ញើរូបភាពទាំងនោះទៅឱ្យជនមិនស្គាល់មុខ។ បន្ថែមពីនេះត្រូវពិនិត្យព័ត៌មានពីប្រភពផ្លូវការរបស់ Facebook ឬ Meta ជានិច្ច មុននឹងជឿ ឬចែករំលែកព័ត៌មានណាមួយដែលគ្មានប្រភពច្បាស់លាស់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ដើម្បីបង្កើនសុវត្ថិភាពទូរស័ព្ទដៃបន្ថែម និងទប់ស្កាត់ការខល ឬសារបោកប្រាស់ សូមបងប្អូនប្រជាពលរដ្ឋទាញយក និងដំឡើងកម្មវិធី Kapea Scams លើទូរស័ព្ទដៃទាំងអស់គ្នា។ កម្មវិធីនេះនឹងជួយការពារការហៅចូលបោកប្រាស់ និងអាចឱ្យលោកអ្នករាយការណ៍បឋមមកសមត្ថកិច្ចបានទាន់ពេលវេលា៕