FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

៩ខែ ឆ្នាំ២០២៦ ក្រសួងបរិស្ថាន ទប់ស្កាត់សំណល់រាវកខ្វក់ជិត ២០លានម៉ែត្រគូប មិនឱ្យហូរចូលទៅបំពុលតំបន់ទឹកធម្មជាតិ

30-09-2026 17:35

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានបន្តទប់ស្កាត់ការបញ្ចេញសំណល់រាវកខ្វក់ ចេញពីរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ក្នុងរយៈពេល៩ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ ចំនួន ១៩ ៦៨៥ ០៨៥ម៉ែត្រគូប។

ដោយឡែកគ្រាន់តែក្នុងខែកញ្ញា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន (https://www.google.com/goto?url=CAESSgHrOzAVFCEs​​CJADf4NWbaLmMF2NfMVZGDbjQE6T4xhhm0Q3p_ekgd71G4if7bKiDpnMtlEI8Y8WEJzZ_4ZYWZ7i9bwOMhSM0i)អនុវត្តយ៉ាងសកម្ម ទប់ស្កាត់ទឹកកខ្វក់បានចំនួនជាង ២,២២លានម៉ែត្រគូប។

ក្រសួងបរិស្ថាន សម្រេចបានលទ្ធផលនៅក្នុងយុទ្ធនាការ​ «ផ្ទៃទឹកស្អាត»នេះ ដោយបាននិងកំពុងជំរុញយ៉ាងសកម្ម នូវវិធានការច្បាប់ ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសនានានៅកម្ពុជា ធ្វើការដំឡើងឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ (Automatic Wastewater Quality Monitoring) ដើម្បីតាមដានគុណភាពទឹកកខ្វក់ពីចម្ងាយក្នុងពេលជាក់ស្តែង (Real-time) បានចំនួន ៧២ក្រុមហ៊ុន និងរោងចក្រ រួចមកហើយ គិតត្រឹមខែកញ្ញា ឆ្នាំ២០៦។

ចំនួននេះមានការកើនឡើងជាលំដាប់បើប្រៀបធៀបទៅនឹងចុងឆ្នាំ២០២៥ ដែលមានត្រឹមតែ ៥៦កន្លែង។

អ្នកនាំពាក្យក្រសួអបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា យោងតាមរបាយការណ៍ខាងលើ ទឹកកខ្វក់ប្រមាណ៧០ម៉ឺនម៉ែត្រគូប ត្រូវបានទប់ស្កាត់ជារៀងរាល់ថ្ងៃ មិនឱ្យហូរចូលទៅបំពុលតំបន់ទឹកធម្មជាតិ ប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ។

អ្នកនាំពាក្យក្រសួអបរិស្ថាន បានថ្លែងអំណរគុណដល់ម្ចាស់រោងចក្រ សហគ្រាស ដែលបានចូលរួមអនុវត្តច្បាប់ និងការលើកកម្ពស់ភាពស្អាតនៅកម្ពុជា។

លោកបានបន្តថា ក្រសួងបរិស្ថាន នឹងបន្តទប់ស្កាត់ការបញ្ចេញសំណល់រាវ បំពុលទឹកធម្មជាតិបន្ថែមទៀត ដោយបន្តជំរុញលើកទឹកចិត្តដល់រោងចក្រ សហគ្រាសនានា ដែលមានសក្តានុពលប្រភពបំពុល បន្តបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ដើម្បប្រសិទ្ធភាពការងារទប់ស្កាត់ការបំពុលបរិស្ថាន និងជួយឱ្យរោងចក្រ និងក្រុមហ៊ុន ខ្លួនឯងអាចគ្រប់គ្រងសំណល់រាវ បានត្រឹមត្រូវតាមស្តង់ដារបរិស្ថាន និងស្របតាមក្របបរិស្ថាននិងធនធានធម្មជាតិ និងដើម្បីធានាថាការបញ្ចេញសំណល់រាវ មិនប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ៕