FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហជីព៖ ការដំឡើងប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៧នេះ គឺរក្សាបាននូវការងារ និងកំណើនរោងចក្រមិនឱ្យរើចេញពីកម្ពុជា

30-09-2026 17:12

(ភ្នំពេញ)៖ ​តំណាងសហជីពធំៗនៅកម្ពុជា​បានលើកឡើងថា ប្រាក់ឈ្នួលអប្បបរមាកើនឡើងដល់ចំនួន ២១២ដុល្លារ​ក្នុងមួយ​ខែ​សម្រាប់​ឆ្នាំ២០២៧ នឹងធានាបាននូវស្ថិរភាពការងារ និងកំណើនរោងចក្រមិនឱ្យរើចេញពីកម្ពុជា ​ក្រោយពីបានប្រជុំពិភាក្សា ពិចារ​ណា​យ៉ាង​ម៉ត់ចត់​ឱ្យ​ស្របទៅនឹងស្ថានភាពសេដ្ឋកិច្ច សង្គម ជីវភាពកម្មករនិយោជិត និងសមត្ថភាពរបស់វិស័យផលិតកម្ម។

ការលើកឡើងនេះ បន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសម្រេចដំឡើង ​២១២ដុល្លារ​សម្រាប់​កម្មករនិយោជិត​ក្នុងវិស័យ​វាយន​ភណ្ឌ កាត់​ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៧។ ក្រុមប្រឹក្សា​បានឯកភាព​ប្រើ​ប្រាស់ទិន្នន័យ​តាមល​ក្ខណៈ​​វិនិច្ឆ័យ​ទាំង៧ រួមមាន ស្ថានភាពគ្រួសារ អតិផរណា ថ្លៃរស់នៅ ផលិតភាព ភាពប្រកួតប្រជែង ស្ថានភាពទីផ្សារការងារ និង​ប្រាក់​ចំណេញ​របស់​វិស័យ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា លោកគាំទ្រចំពោះការសម្រេចរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ព្រោះជាការ​សម្រេច ទៅតាមមតិភាគច្រើនដែលបានបោះឆ្នោតគាំទ្រ។ លោកបានបន្ដថា ការសម្រេចជារួមចុងក្រោយនេះ ​អាចធានាបាន​ទាំងផល​ប្រយោ​ជន៍​របស់កម្មករនិយោជិត និងកំណើនរោងចក្រមិនឱ្យរើចេញពីក​ម្ពុជា។

លោកបានយល់ថា ការកំណត់ប្រាក់​ឈ្នួលមិន​បានផ្អែក​តែលើ​តម្រូវការ​របស់ភាគី​ណាមួយ​នោះ​ទេ ប៉ុន្តែ​ត្រូវបាន​ពិនិត្យ​មើលទិន្នន័យជាក់ស្តែង ព្រម​ទាំងស្ថានភាពសេដ្ឋកិច្ច និងសមត្ថភាពប្រកួតប្រជែងរបស់វិស័យផលិតកម្ម។ លើសពីនេះ អាចធានានិរន្តរភាពការងារជូនពលរដ្ឋ និងបង្កើន​ការ​វិនិ​យោគនៅកម្ពុជា។

ថ្នាក់ដឹកនាំសហជីពរូបនេះថា៖ «ខ្ញុំយល់ស្របទៅតាមមតិភាគច្រើន ព្រោះខ្ញុំក៏បានគិតដែរថា យើង​គួរតែរក្សាបាននូវតុល្យភាពរវាងជីវភាពកម្មករ និងសមត្ថភាពរបស់សហគ្រាស។ ប្រសិនបើអាចកំណត់បានក្នុងកម្រិតសមរម្យនេះ នោះនឹងជួយលើក​កម្ពស់ជីវភាពកម្មករ រក្សាការ​ងារ​ដែល​មាន​ស្រាប់ និងបង្កើតលក្ខខណ្ឌល្អ​សម្រាប់ការពង្រីកអាជីវកម្ម និងការវិនិយោគ​បន្ថែម»។

ជាមួយគ្នានេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានបន្ថែមថា ប្រាក់ឈ្នួលដែល​សមស្រប​អាចជួយ​ឱ្យកម្មករ​និយោ​ជិត​មានស្ថិរភាពផ្នែកជីវភាព និងបង្កើនការលើកទឹកចិត្តក្នុងការងារ។ តាមទស្សនៈរបស់លោក ការពិភាក្សាប្រាក់ឈ្នួលគួរតែផ្អែកលើទិន្នន័យ និង​ស្ថាន​ភាពជាក់ស្តែង ដោយគិតគូរទាំងអត្ថប្រយោ​ជ​ន៍របស់កម្មករ និងសមត្ថភាពរបស់និយោជក។

បើតាមលោក ស៊ីណា បានបញ្ជាក់ថា៖ «​ខ្ញុំសូមបញ្ជាក់ជាមួយបងប្អូនថា មានបងប្អូនយើងមួយចំនួនមិនសូវជារីករាយចំពោះតួលេខនេះទេ ប៉ុន្ដែ​បង​ប្អូន​ត្រូវយល់ថា ការដែលរក្សាបាននូវឱកាសការងារ រក្សានូវការប្រកួតប្រជែងនូវការនាំចេញសម្លៀកបំពាក់នេះ មិនមែន​មានតែ​កម្ពុជា​មួយ​នោះទេ គឺមានដៃគូជាច្រើនដែលជាដៃគូររបស់យើង ហើយប្រទេសទាំងនោះមានប្រាក់ឈ្នួលតិចជាងយើងថែមទៀត។ ដូច្នេះ​បើយើង​មិន​ប្រុង​ប្រយ័ត្ន​ក្នុ​ងការដំឡើងទេ គឺយើងអាចមានឧបសគ្គ ដែលធ្វើឱ្យអ្នកវិនិយោគងាកចេញពីកម្ពុជានៅថ្ងៃក្រោយ»។

ថ្នាក់ដឹកនាំសហជីពទាំងពីរបានសង្កត់ធ្ងន់ថា ការកំណត់ប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៧ ត្រូវបានជជែកវែកញែក​ដោយឈរលើ​មូលដ្ឋានទិន្នន័​យ​ច្បា​ស់​លាស់ និងការពិភាក្សាដោយសុចរិតភាព ដើម្បីសម្រេចបាននូវកម្រិតប្រាក់ឈ្នួលដែលអាចជួយលើកកម្ពស់ជីវភាពកម្មករ ខណៈរក្សា​បាន​នូវ​ការងារ ស្ថិរភាពផលិតកម្ម និងបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជានាពេលអនាគត៕