ស្ថានទូតជប៉ុន រៀបចំពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូធុរកិច្ចរបស់ JETRO និង JAXA មកកាន់កម្ពុជា ដើម្បីផ្សារភ្ជាប់បច្ចេកវិទ្យាជប៉ុន និងធុរកិច្ចកម្ពុជា!
30-09-2026 16:54
(ភ្នំពេញ)៖ ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរបេសកកម្មធុរកិច្ចរវាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងទីភ្នាក់ងាររុករកអវកាសជប៉ុន(JAXA) មកកាន់កម្ពុជា។ ពិធីនេះបានធ្វើឡើងនាល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានស្ថានទូតជប៉ុន។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ហាក់ សុខហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក WAKABAYASHI Kohei ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំរាជធានីភ្នំពេញ និងលោក OCHIAI Osamu នាយកមជ្ឈមណ្ឌលស្រាវជ្រាវសង្កេតការណ៍ផែនដី នៃភ្នាក់ងាររុករកអវកាសជប៉ុន (JAXA)។
ក្រុមហ៊ុនជប៉ុន ដែលធ្វើការលើវិស័យផ្កាយរណប បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាកាត់បន្ថយការបំភាយកាបូន បានធ្វើការផ្លាស់ប្តូរយោបល់ជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា ក្រុមធរុកិច្ចនិងភាគីពាក់ព័ន្ធនានា លើកិច្ចសហការធុរកិច្ចនិងបច្ចេកវិទ្យានាពេលខាងមុខ រវាងប្រទេសទាំងពីរ។ តាមរយៈការផ្លាស់ប្តូរយោបល់នេះនឹងឈានទៅរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងជប៉ុន និងកម្ពុជា ក្នុងវិស័យធុរកិច្ចនិងបច្ចេកវិទ្យានាពេលអនាគត។
បើតាមលោក មិស៊ូមិ តាកាហ៊ីតុ (MISUMI Takahito) ភារធារីស្តីទីស្ថានទូតជប៉ុន មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានរៀបចំពិធីលៀងសាយភោជន៍នាយប់នេះ រួមគ្នាជាមួយ JETRO និង JAXA។ លោកពិតជាមានសេចក្តីរីករាយដែលបានស្វាគមន៍ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងធុរកិច្ចជាច្រើនរូបមកពីប្រទេសជប៉ុនផងដែរ។
ភារធារីស្តីទីស្ថានទូតជប៉ុន ជឿជាក់ថា អ្នកចូលរួមទាំងអស់បានពិភាក្សាយ៉ាងផុសផុលលើប្រធានបទយ៉ាងទូលំទូលាយពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព រួមមានបច្ចេកវិទ្យាសព្វាវុធ, ផ្កាយរណប, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាកាត់បន្ថយកាបូន ជាដើម។ លោកក៏យល់ដែរថា ជំនួបផ្គូរផ្គងធុរកិច្ចនារសៀលនេះ បានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ក្រុមហ៊ុនជប៉ុន និងកម្ពុជា ក្នុងការផ្លាស់ប្តូរទស្សនៈ និងស្វែងរកដៃគូសហការដែលមានសក្ដានុពល។
តាមរយៈការពិភាក្សានាថ្ងៃនេះ ភារធារីស្តីទីស្ថានទូតជប៉ុន សង្ឃឹមថា អ្នកចូលរួមទាំងអស់បានទទួលស្គាល់នូវសក្ដានុពលដ៏អស្ចារ្យនៃបច្ចេកវិទ្យា និងដំណោះស្រាយជឿនលឿនរបស់ជប៉ុន ព្រមទាំងបានពិចារណាថា តើបច្ចេកវិទ្យាទាំងនោះអាចរួមចំណែកយ៉ាងដូចម្តេចក្នុងការដោះស្រាយបញ្ហាសង្គមនៅកម្ពុជា និងការសម្រេចបាននូវអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ២០៥០។
ជាមួយគ្នានេះដែរ ភារធារីស្តីទីស្ថានទូតជប៉ុន បានគូសបញ្ជាក់ថា ដើម្បីប្រែក្លាយសក្ដានុពលទាំងនោះឱ្យទៅជាលទ្ធផលជាក់ស្តែង និងបង្កើតតម្លៃថ្មីៗរួមគ្នា ការទទួលបានបច្ចេកវិទ្យាជឿនលឿនតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់នោះទេ ប៉ុន្តែការស្វែងរកដៃគូដែលគួរឱ្យទុកចិត្តដើម្បីប្រើប្រាស់បច្ចេកវិទ្យាទាំងនោះរួមគ្នាក៏ជារឿងខានមិនបានដែរ។ ក្រុមហ៊ុនជប៉ុនដែលប្រមូលផ្តុំគ្នានាថ្ងៃនេះ កំពុងស្វែងរកដៃគូ «បង្កើតថ្មីរួមគ្នា» ក្នុងចំណោមក្រុមហ៊ុនកម្ពុជា និងអង្គភាពពាក់ព័ន្ធនានា ដែលមានឆន្ទៈក្នុងការកសាងទំនាក់ទំនង ដែលមានផលប្រយោជន៍ទៅវិញទៅមក និងរួមចំណែកដោះស្រាយបញ្ហាសង្គមនៅក្នុងប្រទេសកម្ពុជា។
លោកសង្ឃឹមយ៉ាងមុតមាំថា ពិធីលៀងសាយភោជន៍នាយប់នេះ នឹងផ្តល់ឱកាសឱ្យយើងទាំងអស់គ្នាក្នុងការរឹតចំណងទំនាក់ទំនងដែលយើងបានបង្កើតឡើង ដើម្បីផ្គូរផ្គងធុរកិច្ចនាថ្ងៃនេះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ហើយទំនាក់ទំនងទាំងនេះនឹងនាំទៅរកកិច្ចសហការដៃគូថ្មីៗ និងឱកាសធុរកិច្ចជាក់ស្តែង។ វាក៏មានសារៈសំខាន់ផងដែរក្នុងការទទួលបានការយល់ដឹង និងការគាំទ្រចាំបាច់ពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គភាពពាក់ព័ន្ធ ដើម្បីធានាបាននូវជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនជប៉ុន និងកម្ពុជា។
លោកបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការធុរកិច្ច និងការលើកកម្ពស់ការ «បង្កើតថ្មីរួមគ្នា» ផ្នែកសេដ្ឋកិច្ចរបស់យើងបន្ថែមទៀត៕



























