មន្ទីរទេសចរណ៍ខេត្តសៀមរាប៖ សណ្ឋាគារ ប៉ារីស អង្គរ នៅខេត្តសៀមរាប មិនបានបិទនោះទេ និងកំពុងបន្តបើកដំណើរការធម្មតា
30-09-2026 16:33
(សៀមរាប)៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រកាសឱ្យដឹងច្បាស់ដែរថា សណ្ឋាគារ ប៉ារីស អង្គរ ដែលស្ថិតនៅក្នុងខេត្តសៀមរាប ពុំបានបិទដំណើរការអាជីវកម្មរបស់ខ្លួន ដូចការចុះផ្សាយរបស់ហ្វេសប៊ុកផេក Post News- សៀមរាបប៉ុស្ដិ៍ នោះទេ។ ការបំភ្លឺនេះធ្វើឡើងដើម្បីបញ្ជាក់ការពិត និងជៀសវាងការភាន់ច្រឡំ។
តាមរយៈបណ្តាញសង្គមនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ដូចនេះថា សូមជម្រាបជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណៈជន មេត្តាជ្រាបថា សណ្ឋាគារ ប៉ារីស អង្គរ ក្នុងខេត្តសៀមរាប ពុំបានបិទដំណើរការអាជីវកម្មរបស់ខ្លួន ដូចការចុះផ្សាយរបស់ហ្វេសប៊ុកផេក Post News- សៀមរាបប៉ុស្ដិ៍ នោះទេ ដោយបច្ចុប្បន្នម្ចាស់ថ្មី កំពុងរៀបចំស្នើសុំចុះបញ្ជីឈ្មោះថ្មីនៅក្រសួងពាណិជ្ជកម្ម។
មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងទៀតថា បច្ចុប្បន្នសណ្ឋាគារ នៅបើកដំណើរការធម្មតា និងកំពុងរៀបចំជួសជុលបន្ទប់មួយចំនួនដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិនាពេលខាងមុខ៕


