រដ្ឋមន្ត្រី ហេង សួរ៖ បើគិតទាំងអត្ថប្រយោជន៍ផ្សេងៗ តិចបំផុត ប្រាក់ឈ្នួលកម្មករឆ្នាំ២០២៧ អាចទទួលបានប្រមាណ ២៣១ ទៅ ២៤២ដុល្លារក្នុងមួយខែ
30-09-2026 16:31
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បើគិតបញ្ចូលទាំងអត្ថប្រយោជន៍ផ្សេងៗ ប្រាក់ឈ្នួលដែលកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ទទួលបានជាក់ស្តែងសម្រាប់ឆ្នាំ២០២៧ នឹងស្ថិតក្នុងចន្លោះពី ២៣១,៥ ដុល្លារ ដល់ ២៤២,៥ ដុល្លារអាម៉េរិកក្នុងមួយខែ។
ការបញ្ជាក់បែបនេះរបស់ លោក ហេង សួរ បានធ្វើឡើនៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំពិភាក្សាជាលើកចុងក្រោយ ដើម្បីពិភាក្សា និងពិនិត្យលើការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ និយោជិត ក្នុងវិស័យពាក់ព័ន្ធ សម្រាប់ឆ្នាំ២០២៧ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហេង សួរ បានលើកឡើងយ៉ាងដូច្នេះថា៖ «តួលេខនេះបូកទាំងអត្ថប្រយោជន៍ផ្សេងទៀត ប្រាក់ឈ្នួលគោល ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ទទួលបានពិតប្រាកដ សម្រាប់ឆ្នាំ២០២៧ គឺស្ថិតក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារអាម៉េរិក ដល់ ២៤២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ»។
លោករដ្ឋមន្ត្រី បានបន្ដថា បើទោះបីជាស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា ហើយប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាបានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនបងប្អូនកម្មករនិយោជិត ទោះតិចក្តីច្រើនក្តី សំដៅជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។
សូមជម្រាបដែរថា ឈរលើលទ្ធផលនៃការបោះឆ្នោត និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឱ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបន្ថែមចំនួន ២ដុល្លារអាម៉េរិក លើតួលេខដើមរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ក្នុងឆ្នាំ២០២៧ បងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងទទួលបានកំណើនប្រាក់ឈ្នួលគោលចំនួន ៤,៥ដុល្លារអាម៉េរិក ក្នុងមួយខែ ដែលក្នុងនោះរួមមានកំណើនប្រាក់ឈ្នួលអប្បបរមាចំនួន ២ដុល្លារអាម៉េរិក, ប្រាក់ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅចំនួន ២,៥ដុល្លារអាម៉េរិក៕













