FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UN សម្លឹងឃើញការងារអាទិភាពចំនួន៣​​ ដើម្បីបន្តគាំទ្ររដ្ឋាភិបាលកម្ពុជា លើវិស័យគាំពារសង្គម

30-09-2026 16:28

(ភ្នំពេញ)៖ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានឱ្យដឹងថា​ UN បានសម្លឹងឃើញការងារអាទិភាពចំនួន ដើម្បីបន្តគាំទ្ររដ្ឋាភិបាលកម្ពុជា លើវិស័យគាំពារសង្គម។ UN នៅតែឈរជិតជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយសារតែកម្ពុជា រងគ្រោះនៃជម្លោះព្រំដែនជាមួយប្រទេសថៃ។

ការលើកឡើងបែបនេះរបស់លោកស្រី Vladanka Andreeva​ បានធ្វើឡើងក្នុងឱកាសថ្លែងសន្ទករថាពិធីប្រកាសបើក «សប្តាហ៍គាំពារសង្គម ឆ្នាំ២០២៦» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការប្រតិបត្តិសម្រាប់អនុវត្តគោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦-២០៣០» ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ។

ពិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា, លោក Derek Yip, ឯកអគ្គរដ្ឋទូតអូស្ដ្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា​, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, តំណាងអង្គទូត និងតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។ «សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦» បានធ្វើឡើងក្រោមមូលបទ «គាំពារសង្គមក្នុងអំឡុងពហុវិបត្តិ ក្នុងបរិបទកម្ពុជា និងតំបន់៖ នវានុវត្តន៍, កិច្ចសហប្រតិបត្តិការ, ភាពធន់ និងចីរភាព»។

លោកស្រី Vladanka Andreeva​ បានបញ្ជាក់យ៉ាងដូច្នេះថា៖​ «សម្រាប់ខ្ញុំទៅថ្ងៃខាងមុខ ខ្ញុំសម្លឹងមើលឃើញថាការងារអាទិភាពចំនួន៣ ដែលខាងអង្គការសហប្រជាជាតិ គឺបន្តគាំទ្រទៅដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យគាំពារសង្គម»។

ការងារអាទិភាពទាំង៣នេះ ដែលសម្របសម្រួល UN ប្រចាំកម្ពុជា លើកឡើងរួមមាន៖

*ទី១៖ គឺការដែលធ្វើឱ្យការងាររបស់យើងកាន់តែរលូន កាន់តែមានភាពទាន់ពេលវេលា តាមនវានុវត្តន៍​ដែលយើងមានថ្នាលឌីជីថល ដែលអាចធ្វើឱ្យកាន់តែមានភាពឆាប់រហ័ស​ កាន់តែមានសុវត្ថិភាព ហើយងាយស្រួលក្នុងការតភ្ជាប់ប្រព័ន្ធពាក់ព័ន្ធដទៃទៀត។
*ទី២៖ គោលការណ៍មិនទុកនរណាម្នាក់ចោល គឺយើងព្យាយាមធ្វើយ៉ាងម៉េចស្ត្រី កុមារ ជនមានពិការភាព មនុស្សចាស់ កម្មករ នៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម ត្រូវបានដាក់បញ្ចូលតាំងពីដំណាក់កាលនៃការរៀបចំប្រព័ន្ធមិនមែនគិតគូរដល់ពួកគេជាក្រោយនៅពេលមានវិបត្តិកើតឡើងនោះទេ។
*ទី៣៖ ការងធានាហិរញ្ញប្បទាន សម្រាប់រយៈពេលវែង ដូច្នេះ​ដើម្បីធ្វើកិច្ចការងារនេះទៅបានដោយមាននិរន្តភាព​​ ស្ថេរភាព គឺយើងត្រូវធានាថាធនធានអាចព្យាករណ៍ទៅបាន​​ និងស្ថិតនៅក្រោមភាពជាម្ចាស់របស់ប្រទេសក្នុងវិស័យគាំពារសង្គម។

លោក Vladanka Andreeva បានគូសបញ្ជាក់ថា យើងមិនអាចបញ្ឈប់រាល់បញ្ហានោះទេ ប៉ុន្តែ យើងអាចត្រៀមខ្លួន យើងអាចរៀបចំប្រព័ន្ធមួយដែលអាចឆ្លើយតបនឹងវិបត្តិដែលកើតឡើង ដើម្បីបតផែនបានទាន់ពេលវេលា។​ «យើង UN នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា បន្តទៅមុខទៀត»។ នេះជាការអះអាងរបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា។

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានឱ្យដឹងថា UN បានគូសបញ្ជាក់ជាបន្តថាប្រព័ន្ធគាំពារសង្គមដែលមានភាពរឹងមាំ មានភាពបតបែន​ គឺជាឧបករណ៍មួយដ៏មានសារៈសំខាន់ដែលត្រូវបានរកឃើញថា មានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពក្រីក្រ។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, ​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សូមសម្តែងនូវការវាយតម្លៃខ្ពស់ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ កិច្ចខិតខំរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ជាពិសេសកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា, ចំពោះការចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំផែនការប្រតិបត្តិដ៏មានសារៈសំខាន់នេះឱ្យលេចចេញជារូបរាងឡើង។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តកសាងប្រព័ន្ធគាំពារសង្គមដែលមានលក្ខណៈប្រមូលផ្តុំ និងមានសង្គតិភាព ស្របតាមអភិក្រមនៃវដ្តជីវិត និងស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»។ ទិសដៅនេះត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤–២០៣៥ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាព កាត់បន្ថយភាពក្រីក្រ និងវិសមភាព ព្រមទាំងពង្រឹងសាមគ្គីភាព និងសមធម៌ក្នុងសង្គម។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ប្រព័ន្ធគាំពារសង្គមដើរតួនាទីជា «ខែលការពារសន្តិសុខប្រាក់ចំណូលដ៏រឹងមាំ» សម្រាប់ប្រជាពលរដ្ឋ ដោយរួមចំណែករក្សាលំនឹងជីវភាព និងទប់ស្កាត់ការធ្លាក់ចូលកាន់តែជ្រៅក្នុងភាពក្រីក្រ នៅពេលប្រឈមនឹងវិបត្តិ ឬគ្រោះអាសន្ន។ ក្នុងរយៈកាលកន្លងទៅ រាជរដ្ឋាភិបាលបានចំណាយថវិការដ្ឋប្រមាណ ១,៤ ប៊ីលានដុល្លារអាម៉េរិក សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ឆ្លើយតបនឹងជំងឺកូវីដ១៩ សម្ពាធអតិផរណា និងគ្រោះទឹកជំនន់។ ផែនការប្រតិបត្តិឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦–២០៣០ ដែលប្រកាសដាក់ឱ្យអនុវត្តក្នុងឱកាសនេះគឺជាជំហានបន្ថែមក្នុងការធ្វើស្ថាប័នូបនីយកម្មប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមឆ្លើយតបនឹងគ្រោះអាសន្ន និងវិបត្តិនានា។

ផែនការនេះកំណត់សកម្មភាពអាទិភាពក្រសួង-ស្ថាប័នទទួលបន្ទុក និងក្របខណ្ឌពេលវេលាច្បាស់លាស់ ដោយផ្តោតលើបណ្តុំជាមូលដ្ឋានចំនួន៥ គឺ៖ ក្របខណ្ឌគោលនយោបាយ និងស្ថាប័ន យន្តការអនុវត្តកម្មវិធី ប្រព័ន្ធបើកផ្តល់ ប្រព័ន្ធទិន្នន័យ និងព័ត៌មាន និងយន្តការហិរញ្ញប្បទាន ព្រមទាំងគិតគូរអំពីបរិយាបន្ន និងយេនឌ័រ។​ គោលដៅសំខាន់នៃផែនការនេះ គឺធានាឱ្យការផ្តល់កិច្ចគាំពារដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ មានលក្ខណៈជាប្រព័ន្ធ អាចព្យាករទុកជាមុន ទាន់ពេល និងមានប្រសិទ្ធភាព ទាំងក្នុងអំឡុងគ្រោះអាសន្ន ដើម្បីរក្សាលំនឹងជីវភាព និងក្រោយគ្រោះអាសន្ន ដើម្បីស្តារជីវភាពឡើងវិញ។ល៕