FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប បើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារ និងការអនុវត្តការងារនាពេលកន្លងមក

30-09-2026 16:23

(សៀមរាប)៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកយកកិច្ចការចាំបាច់ពាក់ព័ន្ធ នឹងការអនុវត្តការងាររបស់ អ.ន.ក ក្រុង ស្រុក។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ និងយន្តការគាំទ្រដល់អតីតមន្ត្រីរាជការស៊ីវិល អតីតយោធា និងអតីតនគរបាលដែលបានចូលនិវត្តន៍ ព្រមទាំងជំរុញការផ្តល់អត្ថប្រយោជន៍នានាជូនសមាជិកឱ្យបានទាន់ពេលវេលា និងចំគោលដៅ។

លោក នាក់ ណេរ៉ុន អនុប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តសៀមរាប មានប្រសាសន៍ថា តាមបណ្តាក្រុងស្រុកទាំង១៣ ត្រូវបន្តធ្វើបច្ចុប្បន្នភាព និងស្រង់ទិន្នន័យសមាជិកឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសការស្វែងរកអតីតមន្ត្រីរាជការស៊ីវិល នគរបាល និងយោធាដែលទើបចូលនិវត្តន៍ ដើម្បីបំពេញបែបបទ និងបញ្ចូលជាសមាជិកសមាគម។ ត្រូវពន្លឿនការរៀបចំសំណុំឯកសារ និងពាក្យសុំចូលជាសមាជិកតាមទម្រង់ណែនាំថ្មី ដើម្បីសម្រួលដល់ដំណើរការទទួលបានអត្ថប្រយោជន៍នានាដែលពាក់ព័ន្ធ។

លោក នាក់ ណេរ៉ុន បានបញ្ជាក់ថា ទន្ទឹមនឹងការគ្រប់គ្រងទិន្នន័យ សមាគមក៏ត្រូវបន្តយកចិត្តទុកដាក់លើការងារសង្គមធម៌ និងការដោះស្រាយការលំបាករបស់សមាជិក តាមរយៈការចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន។ ការងារនេះមានគោលបំណងឱ្យសមាគម អ.ន.ក អាចស្វែងយល់ពីស្ថានភាព និងតម្រូវការជាក់ស្ដែង ដើម្បីចាត់វិធានការគាំទ្រឱ្យសមស្របតាមលទ្ធភាព និងយន្តការដែលមាន។

លោកបានសង្កត់ធ្ងន់ថា ក្នុងនាមមន្ត្រីរាជការទទួលបន្ទុកកិច្ចការក៏មានអត្ថន័យនេះ ត្រូវបន្តពង្រឹងយន្តការនាំយកថវិកាបេឡាមរណសង្គ្រោះ និងថវិកាឧបត្ថម្ភផ្សេងៗទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនឱ្យបានឆាប់រហ័ស និងចំគោលដៅ។ មិនតែប៉ុណ្ណោះត្រូវរអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់ និងទាន់ពេលវេលា ក៏ជាផ្នែកមួយនៃការបន្តពង្រឹងប្រព័ន្ធគាំទ្រ និងការថែទាំសុខទុក្ខរបស់អតីតយុទ្ធជន និងនិវត្តជននៅមូលដ្ឋាន ដែលកិច្ចការនេះធ្វើឡើងដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពការងារ។

លោក នាក់ ណេរ៉ុន ក៏បានជំរុញឱ្យសមាគមក៏ត្រូវបន្តរៀបចំអាទិភាពការងារ កំណត់សូចនាករវាស់ស្ទង់លទ្ធផល និងរៀបចំប្រព័ន្ធរាយការណ៍វឌ្ឍនភាពការងារឱ្យបានទៀងទាត់ ដើម្បីងាយស្រួលតាមដានលទ្ធផល និងកំណត់បញ្ហាប្រឈមដែលកើតមាននៅតាមមូលដ្ឋាន។ ការពង្រឹងកិច្ចសហការរវាងគណៈកម្មាធិការ អ.ន.ក. ក្រុងស្រុក មន្ទីរអង្គភាព និងភាគីពាក់ព័ន្ធ ក៏ជាកត្តាសំខាន់ក្នុងការធានាឱ្យការងាររបស់សមាគមអាចអនុវត្តបានជាបន្តបន្ទាប់ និងមានប្រសិទ្ធភាពផងដែរ។

ជាមួយនេះ លោកសង្ឃឹមថា តាមរយៈការពង្រឹងការគ្រប់គ្រងទិន្នន័យ ការតាមដានសុខទុក្ខ ការរៀបចំឯកសារឱ្យបានត្រឹមត្រូវ ការផ្ដល់អត្ថប្រយោជន៍ទាន់ពេលវេលា និងការពង្រឹងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ នឹងជួយឱ្យការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋានថែមមួយកម្រិតទៀត៕