បណ្ឌិត កៅ ថាច ចុះសួរសុខទុក្ខ និងនាំយកអំណោយលើកទឹកចិត្តកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ៨ កំពុងការពារបូរណភាពទឹកដី
30-09-2026 16:20
(ព្រះវិហារ)៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការរីអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៨។
ពិធីចុះសួរសុខទុក្ខនេះ ធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីលោក គឹម ច័ន្ទបញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រីទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងតំណាងថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោ និងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា។
ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានថ្លែងអំណរគុណ និងសម្តែងការដឹងគុណចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញភារកិច្ច ដោយលះបង់កម្លាំងកាយចិត្ត និងសាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិ បូរណភាពទឹកដី ប្រជាពលរដ្ឋ និងប្រជាជននៅសមរភូមិក្រោយ។
លោកបណ្ឌិត កៅ ថាច បានថ្លែងថា ការចុះសួរសុខទុក្ខនាយទាហាន និងពលទាហានធ្វើឡើងពីរដងគឺក្នុងឱកាសបុណ្យប្រពៃណីជាតិ ដូចជាបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំខ្មែរ គឺជាស្មារតីនៃការដឹងគុណ និងការយកចិត្តទុកដាក់ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់ជីវិតដើម្បីការពារជាតិ និងប្រជាជន។
ជាមួយគ្នានេះ លោកបណ្ឌិតបានលើកទឹកចិត្តដល់នាយទាហាន និងពលទាហាន ឱ្យមានជំនឿទុកចិត្ត និងគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងគោរព និងអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំ និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ដើម្បីធានាបាននូវសាមគ្គីភាព និងប្រសិទ្ធភាពក្នុងការបំពេញភារកិច្ច។
លោកបណ្ឌិត កៅ ថាច ក៏បានផ្តាំផ្ញើដល់កងកម្លាំងឱ្យយកចិត្តទុកដាក់ចំពោះសុខភាព និងអនាម័យ ជាពិសេសការប្រើប្រាស់ទឹកស្អាតសម្រាប់បរិភោគ និងប្រើប្រាស់ប្រចាំថ្ងៃ។ លោកបានណែនាំឱ្យមានការដាំទឹកពុះ ឬប្រើប្រាស់ទឹកដែលមានសុវត្ថិភាព ប្រសិនបើប្រភពទឹកនៅតាមអង្គភាពមិនទាន់ធានាបាននូវអនាម័យ និងគុណភាព។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានថ្លែងអំណរគុណចំពោះ លោកបណ្ឌិត កៅ ថាច និងគណៈប្រតិភូ ដែលបានចំណាយពេលអញ្ជើញមកសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាននៅពេលនេះ។
ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានថ្លែងថា ការចុះសួរសុខទុក្ខ និងការឧបត្ថម្ភគាំទ្ររបស់លោកបណ្ឌិត កៅ ថាច ស្របតាមការចុះអនុស្សារណៈយោគយោល់គ្នាស្តីពី សម្ព័ន្ធមិត្តភាពរវាងអង្គភាពជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផ្តល់កម្លាំងចិត្ត និងជួយដល់អង្គភាពជាច្រើន ជាពិសេសក្នុងឱកាសបុណ្យប្រពៃណីជាតិ។
សូមរំលឹកថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្រោមការដឹកនាំរបស់លោកបណ្ឌិត កៅ ថាច បានចងសម្ព័ន្ធមេត្រីភាពជាមួយកងពលតូចអន្តរាគមន៍លេខ៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និង ជាមេបញ្ជាការរងកងទ័ពជើងគោក៕










