កុមាររងគ្រោះដោយឪពុកចុងវាយធ្វើបាបនៅកំពង់ឆ្នាំង ទទួលបានអំណោយ និងថវិកាពីថ្នាក់ដឹកនាំ
30-09-2026 16:17
(កំពង់ឆ្នាំង)៖ លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៩ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយរួមទាំងថវិការបស់ លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រីជាភរិយា ព្រមទាំងបុត្រ និងអំណោយរបស់លោកអភិបាលខេត្តកំពង់ឆ្នាំង ផ្ដល់ជូនកុមារា សាន ផានិត អាយុ១១ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយសារឪពុកចុងវាយធ្វើបាប។
អំណោយដែលបានផ្ដល់ជូនកុមាររងគ្រោះ រួមមានគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៥០ម៉ឺនរៀល។ ក្នុងឱកាសទទួលអំណោយ និងថវិកានេះ កុមាររងគ្រោះ និងម្ដាយរបស់គេ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំទាំងអស់ ដែលបានគិតគូរអំពីសុខទុក្ខ និងបានជួយសម្រាលបន្ទុកគ្រួសាររបស់គាត់ ដែលបានរងគ្រោះដោយសារឪពុកចុងចិត្តកំណាចវាយធ្វើបាបបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ។
បច្ចុប្បន្ននេះ កុមាររងគ្រោះមានអាការៈធូរស្បើយច្រើនហើយ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ ដែលបានជួយមើលថែទាំ និងព្យាបាលប្រកបដោយវិជ្ជាជីវៈ។ គួររំលឹកថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ កុមារា សាន ផានិត ដែលមានទីលំនៅក្នុងភូមិប៉ាហ៊ី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានឪពុកចុងវាយធ្វើបាប បណ្ដាលឱ្យរងរបួស ដោយសារតែឪពុកចុងខឹងនឹងកុមាររងគ្រោះយកគោទៅចងចោល ហើយរូបគេរវល់ដើររកជីកជន្លេនយកមកលក់យកប្រាក់ទៅរៀន។
ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ គឺជាការបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការការពារ និងលើកកម្ពស់សុខុមាលភាពកុមារ ក៏ដូចជាការផ្ដល់ភាពកក់ក្ដៅដល់ជនរងគ្រោះក្នុងសង្គម៕











