លោកបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមលក្ខណសម្បត្តិចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន
30-09-2026 16:11
(ភ្នំពេញ)៖ លោកបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា និងជានាយកខុទ្ទកាល័យ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំអន្តរាគមន៍ការងារដ៏មានសារៈសំខាន់មួយ ដើម្បីពិនិត្យវឌ្ឍនភាព និងជំរុញការរៀបចំត្រៀមលក្ខណៈសម្បត្តិចូលរួមកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
កិច្ចប្រជុំថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធនាឱកាសនេះ ត្រូវបានរៀបចំឡើងស្របតាមរបៀបវារៈសកល និងតំបន់ ក្រោមមូលបទដ៏មានអត្ថន័យជ្រាលជ្រៅគឺ «សភាធានាឱ្យបាននូវអាស៊ានមានសន្តិភាព វិបុលភាព ដោយយកប្រជាជនជាស្នូល»។ ប្រធានបទនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់សភាបណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងការលើកកម្ពស់សុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការតម្កល់ប្រជាជនជាកណ្តាលនៃរាល់គោលនយោបាយអភិវឌ្ឍន៍។
គោលបំណងចម្បង និងជាយុទ្ធសាស្ត្រនៃកិច្ចប្រជុំនេះ គឺដើម្បីធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើការរៀបចំឯកសារ ខ្លឹមសារ កិច្ចអន្តរាគមន៍នានា ព្រមទាំងការត្រៀមលក្ខណសម្បត្តិគ្រប់ជ្រុងជ្រោយ និងល្អិតល្អន់បំផុត។ កិច្ចការទាំងអស់នេះ គឺដើម្បីធានាឱ្យបានថា រាល់បេសកកម្ម និងការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងមហាសន្និបាត AIPA លើកទី៤៧ នាពេលខាងមុខ នឹងប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាពការងារខ្ពស់ និងនាំមកនូវលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ព្រមទាំងជាការបោះជំហានយ៉ាងមុតស្រួចក្នុងការជំរុញ និងទាក់ទាញកិច្ចសហប្រតិបត្តិការអន្តរជាតិជូនជាតិមាតុភូមិ៕










