រាជរដ្ឋាភិបាលបន្តជំរុញប្រព័ន្ធគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាពពលរដ្ឋ និងពង្រឹងភាពធន់នឹងវិបត្តិ ដែលជា «ខែលការពារសន្តិសុខប្រាក់ចំណូលដ៏រឹងមាំ» សម្រាប់ពលរដ្ឋ
30-09-2026 15:48
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមយ៉ាងសកម្ម ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សមិទ្ធផលដ៏ប្រសើរនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម និងកម្មវិធីគោលនយោបាយអាទិភាព ក្នុងគោលដៅធានាសមធម៌សង្គម និងពង្រឹងសាមគ្គីភាពជាតិ។
ក្នុងឱកាសក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រកាសបើក «សប្តាហ៍គាំពារសង្គម ឆ្នាំ២០២៦» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការប្រតិបត្តិសម្រាប់អនុវត្តគោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦-២០៣០» ក្រោមមូលបទ «គាំពារសង្គមក្នុងអំឡុងពហុវិបត្តិ ក្នុងបរិបទកម្ពុជា និងតំបន់៖ នវានុវត្តន៍, កិច្ចសហប្រតិបត្តិការ, ភាពធន់ និងចីរភាព», អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម សមិទ្ធផលនេះ មិនត្រឹមតែជាការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាពក្នុងសង្គម និងជា «ខែលការពារសន្តិសុខប្រាក់ចំណូលដ៏រឹងមាំ» សម្រាប់ប្រជាពលរដ្ឋ តាមរយៈការចូលរួមទប់ស្កាត់ មិនឱ្យមានការធ្លាក់ចូលកាន់តែជ្រៅ ទៅក្នុងភាពក្រីក្រ និងការទប់កម្រិតជីវភាពពលរដ្ឋ កុំឱ្យធ្លាក់ទាបជាងមុន ក្នុងពេលជួបវិបត្តិ ឬគ្រោះអាសន្នផ្សេងៗ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសង្ខេបនូវកន្សោមសមិទ្ធផលចម្បងចំនួន៣ ក្នុងរយៈពេល ៣ឆ្នាំដំបូង នៃនីតិកាលទី៧នេះ ពោលគឺចាប់ពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ រហូតដល់ខែ សីហា ឆ្នាំ២០២៦ ដូចខាងក្រោម៖
ទី១៖ កម្មវិធីថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល បានពង្រីកការគ្របដណ្តប់លើពលរដ្ឋ ពីចំនួនប្រមាណ ៤,៧លាននាក់ ក្នុងខែសីហា ឆ្នាំ២០២៣ រហូតដល់ប្រមាណ ៨,៥លាននាក់ គិតត្រឹមខែសីហា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្នុងនោះអ្នកទទួលផល ពីមូលនិធិសមធម៌សុខាភិបាល បានកើនពី ប្រមាណ ២,៨លាននាក់ រហូតដល់ ចំនួនប្រមាណ ៤,៨លាននាក់ ពោលគឺមានកំណើនប្រមាណ ៧១%, ខណៈអ្នកទទួលផលពីរបបថែទាំសុខភាព របស់ ប.ស.ស. បានកើនពី ចំនួនប្រមាណ ១,៩លាននាក់ រហូតដល់ប្រមាណ ៣,៧លាននាក់, ពោលគឺមានកំណើនប្រមាណ ៩៥% ។
ទី២៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ឆ្នាំ បានគ្របដណ្តប់លើស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ មកពីក្រុមគោលដៅចំនួន ៦រួមមាន១) ស្ត្រីជាកម្មករនិយោជិតក្នុងប្រព័ន្ធ (សមាជិក ប.ស.ស.), ២) ស្ត្រីមកពីគ្រួសារមានបណ្ណសមធម៌; ៣) ស្ត្រីជាមន្ត្រីរាជការ, មន្ត្រីជាប់កិច្ច-សន្យា និងមន្ត្រីកម្មសិក្សា ៤) ស្ត្រីជាមន្ត្រីនគរបាលជាតិ និង មន្ត្រីពន្ធនាគារ, ៥) ស្ត្រីជាជនជាប់ឃុំ និង៦) ស្ត្រីជាក្រុមប្រឹក្សារាជធានី-ខេត្ត, ក្រុង-ស្រុក-ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់។ ស្ត្រី និងកុមារ ដែលបានទទួលផលពីកម្មវិធីនេះបានកើនពីប្រមាណ ១,១លាននាក់ ក្នុងខែសីហា ឆ្នាំ២០២៣ រហូតដល់ចំនួនប្រមាណ ២,២៥លាននាក់ គិតត្រឹមខែសីហា ឆ្នាំ ២០២៦ ពោលគឺមានកំណើនប្រមាណជាង ១០០%។
និងទី៣៖ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ត្រូវបានដាក់ឱ្យអនុវត្ត និងគ្របដណ្តប់លើគ្រួសារក្រីក្រ ចំនួនជាង ៧៩ម៉ឺនគ្រួសារ, ដោយក្រសោបសមាជិក ចំនួនប្រមាណ ៣,៥លាននាក់ គិតត្រឹមខែសីហា ឆ្នាំ២០២៦។ អត្ថប្រយោជន៍នៃកម្មវិធីនេះរួមមាន៖ ការផ្ដល់ប្រាក់ឧបត្ថម្ភគោល ដល់គ្រួសារនីមួយៗ និង ការផ្តល់ប្រាក់ឧបត្ថម្ភដល់សមាជិកដែលជាជនងាយរងគ្រោះ តួយ៉ាងសមាជិកជាសិស្សានុសិស្សនៅកម្រិតបឋមសិក្សាដល់មធ្យមសិក្សា, ជនចាស់ជរា, ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ។
បន្ថែមលើនេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា សមិទ្ធផលដែលបានកើតចេញពីការអនុវត្ត និងការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ក៏ជាកាតាលីករមួយដ៏សំខាន់ផងដែរ ដែលចូលរួមជួយជំរុញដំណើរឆ្ពោះទៅការសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជាឆ្នា២០៥០»។ សមិទ្ធផលដ៏ប្រសើរខាងលើដែលកើតចេញពីការដាក់ឱ្យអនុវត្ត និងការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម បង្ហាញឱ្យឃើញច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ជាមួយនឹងគោលដៅច្បាស់លាស់ក្នុងការបន្តជំរុញអនុវត្ត និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ស្របតាមគោលនយោបាយជាតិគាំពារសង្គម និងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ក្នុងអំឡុងនៃវិបត្តិជាសកល ដែលបង្កកម្មវិបាកយ៉ាងធ្ងន់ធ្ងរ មកលើជីវភាពពលរដ្ឋ ក្នុងរយៈកាលកន្លងទៅ, រាជរដ្ឋាភិបាល បានប្រើប្រាស់ប្រព័ន្ធគាំពារសង្គម ដើម្បីឆ្លើយតបនឹងគ្រោះអាសន្ន ជាបន្តបន្ទាប់ដូចជា៖ វិបត្តិសុខភាពសាធារណៈ និងការប្រែប្រួលអាកាសធាតុ ជាដើម តាមរយៈការដាក់ចេញនូវកម្មវិធីមួយចំនួនរួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងមានសម្ពាធអតិផរណានិងកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដោយក្នុងនោះរាជរដ្ឋាភិបាល បានចាយថវិការដ្ឋចំនួនប្រមាណ ១,៤ប៊ីលានដុល្លារអាម៉េរិក។
ដោយឡែកក្នុងឆ្នាំ ២០២៥-២០២៦, ស្របពេលដែលកម្ពុជា កំពុងទទួលរងនូវកម្មវិបាកផ្ទួនៗ ពីភាពតានតឹងនៃភូមិសាស្ត្រនយោបាយ, សង្គ្រាមឈ្លានពាន និង ការ-រំលោភបំពាន មកលើអធិបតេយ្យភាព និងបូរណភាពទឹកដី, និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា, រាជរដ្ឋាភិបាល ក៏មានភាពបុរេសកម្ម ក្នុងការកំណត់, ការដាក់ចេញ និងការជំរុញអនុវត្តនូវ វិធានការអន្តរាគមន៍នានា ជាពិសេសកម្មវិធីអន្តរាគមន៍គាំពារសង្គម, ជាបន្តបន្ទាប់, បានទាន់ពេល និងចំទិសដៅ ប្រកបដោយភាពទន់ភ្លន់, ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ជាពិសេសតាមរយៈការដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ៕

















