FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៉ី រួមចំណែកយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

30-09-2026 15:04

(ភ្នំពេញ)៖ លោក ផន បូរី ទីប្រឹក្សាសមាគមនិងជាជំនួយការនាយិកាមជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងវប្បធម៍រុស្ស៊ី រួមជាមួយលោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតមកពីសូវៀត និងរុស្ស៊ី បានអញ្ជើញជូនដំណើរនិស្សិតជយលាភីអាហារូបករណ៍ចំនួន ១៩រូប ដែលត្រូវចេញទៅបន្តការសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

នៅក្នុងឱកាសនោះ លោកទាំង២ បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់និស្សិតជយលាភីទាំងអស់នូវចំណុចសំខាន់ៗ រួមមាន៖

*ពង្រឹងសមត្ថភាពភាសា៖ និស្សិតត្រូវខិតខំប្រឹងប្រែងរៀនសូត្រភាសារុស្ស៊ីនៅក្នុងថ្នាក់ត្រៀមឱ្យបានពូកែ ដើម្បីជាទុន និងបង្កលក្ខណៈងាយស្រួលក្នុងការសិក្សាជំនាញឯកទេសនាពេលខាងមុខ។

*ក្រេបជញ្ជក់ចំណេះដឹង៖ ការសិក្សានៅប្រទេសរុស្ស៊ី មិនត្រឹមតែផ្ដល់នូវចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យនិស្សិតចេះភាសាបរទេសយ៉ាងប្រាកដប្រជាទៀតផង។

*ពង្រីកទំនាក់ទំនងអន្តរជាតិ៖ និស្សិតត្រូវចេះបង្កើត និងភ្ជាប់ទំនាក់ទំនងល្អជាមួយនិស្សិតដទៃទៀតដែលមកពីជុំវិញពិភពលោក ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងវប្បធម៌។

ជាមួយគ្នានេះដែរ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ដែលបានបន្តផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជាសរុបចំនួន ៦០នាក់ សម្រាប់ឆ្នាំនេះ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។

សូមជម្រាបថា ក្នុងមួយឆ្នាំៗ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី តែងតែផ្តល់អាហារូបករណ៍ប្រមាណ៤០ ដល់ ៧០កន្លែង (ឬច្រើនជាងនេះបន្តិចតាមឆ្នាំសិក្សាជាក់ស្តែង) ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា សម្រាប់គ្រប់កម្រិតសិក្សាចាប់ពីថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ដល់ថ្នាក់បណ្ឌិត។ មាននិស្សិតជាង ៨ ០០០នាក់ បានបញ្ចប់ការសិក្សាពីប្រទេសរុស្ស៊ី តាំងពីសម័យសហភាពសូវៀតមក៕