FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មករចង់បានការដំឡើងប្រាក់ឈ្នួលដែលរក្សាបានស្ថិរភាព និងកំណើនការងារ ដើម្បីផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ

30-09-2026 15:06

(ភ្នំពេញ)៖ កម្មករនិយោជិតនៅកម្ពុជាបានបង្ហាញពីការចង់បានការដំឡើងប្រាក់ឈ្នួល ដែលមានកម្រិតសមរម្យ និងអាចរក្សាបាននូវស្ថិរភាពការងារ ព្រមទាំងជំរុញការបង្កើតឱកាសការងារថ្មីៗ សម្រាប់យុវជនជំនាន់ក្រោយចូលទីផ្សារការងារ។

លោក សុខ ផានិត ធ្វើការនៅរោងចក្រមួយក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួលពិតជាមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅ ប៉ុន្តែការកំណត់កម្រិតប្រាក់ឈ្នួលក៏គួរតែគិតគូរដល់សមត្ថភាពរបស់សហគ្រាស និងស្ថិរភាពការងារ ដើម្បីធានាថា ការដំឡើងប្រាក់ឈ្នួលអាចដំណើរការបានយូរអង្វែង ដោយមិនប៉ះពាល់ដល់ការរក្សាការងារដែលមានស្រាប់ និងការបង្កើតការងារថ្មី។

លោកបានថ្លែងថា៖ «សូមអរគុណដល់សម្តេចបវរធិបតីហ៊ុន ម៉ាណែត ដែលគាត់តែងតែរិះរកធ្វើម៉េច ឱ្យប្រជាជនយើងទាំងអស់រស់ស្រួល មិនថាតែខ្ញុំទេគឺទូទាំងប្រទេសទាំងអស់ [ការដំឡើងប្រាក់ឈ្នួល] ល្អត្រង់ថា ខ្ញុំក៏មានការងារធ្វើ បងប្អូនផ្សេងៗទៀតក៏មានការងារធ្វើ»។

អ្នកស្រី សុខា លីនដា កម្មការិនីនៅរោងចក្រមួយកន្លែងនៅរាជធានីភ្នំពេញ បានយល់ថា ការរក្សាបាននូវរោងចក្រ សហគ្រាស និងការងារដែលមានស្ថិរភាព គឺជាកត្តាសំខាន់មួយសម្រាប់កម្មករនិយោជិតនាពេលបច្ចុប្បន្ន និងជួយបើកផ្លូវឱ្យយុវជនដែលទើបបញ្ចប់ការសិក្សា ឬកំពុងស្វែងរកការងារ មានឱកាសចូលទីផ្សារការងារកាន់តែច្រើន។

អ្នកស្រីបានប្រាប់ថា៖ «នាងខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ទោះបីជាបច្ចុប្បន្នមានវិបត្តិសាកល ហើយប្រទេសខ្មែរយើងនៅតែមានបញ្ហាព្រំដែនជាមួយថៃ ប៉ុន្តែរដ្ឋាភិបាលនៅតែគិតគូរ បានដំឡើងប្រាក់ខែរាល់ឆ្នាំ ហើយឆែកមើលទៅប្រទេសនានាគឺអត់បានឡើងទេ ឡើងតែប្រទេសខ្មែរទេ»។

ជាមួយគ្នានេះ លោក កាន់ ស៊ីថន ធ្វើការងារនៅក្នុងរោងចក្រមួយនៅរាជធានីភ្នំពេញដែល បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួលគួរតែធ្វើឡើងដោយផ្អែកលើការពិភាក្សារវាងភាគីពាក់ព័ន្ធ និងពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើស្ថានភាពសេដ្ឋកិច្ច ផលិតភាពការងារ សមត្ថភាពរបស់សហគ្រាស និងតម្រូវការជីវភាពរបស់កម្មករនិយោជិត។

លោកបញ្ជាក់ថា៖ «យើងត្រូវសម្លឹងមើលថាតើស្ថិរភាពការងារហ្នឹងវាស្ថិតស្ថេរឬអត់ វាមាននិរន្តរភាពការងារឬអត់ អញ្ចឹងបើទោះបីតិចឬក៏ច្រើនយើង ទាមទារយកស្ថិរភាពការងារ និរន្តរភាពការងារវិញល្អប្រសើរជាង»។

កម្មករនិយោជិតនៅកម្ពុជាចាត់ទុកថា ការរក្សាតុល្យភាពរវាង ប្រាក់ឈ្នួលសមរម្យ ការរក្សាការងារ និងការបង្កើតការងារថ្មី គឺមានសារៈសំខាន់ ដើម្បីធានាថា កម្មករជំនាន់បច្ចុប្បន្ន អាចទទួលបានអត្ថប្រយោជន៍ពីការកើនឡើងប្រាក់ឈ្នួល ខណៈយុវជនជំនាន់ក្រោយក៏នៅតែមានឱកាសស្វែងរកការងារធ្វើ និងបង្កើតអនាគតរបស់ខ្លួនផងដែរ៕