ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សន្តិភាពដែលមាននាពេលនេះ គឺកើតចេញពីការខិតខំរកដោយលំបាករបស់អតីតយុទ្ធជនគ្រប់រូប ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីកាពារ
30-09-2026 15:02
(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានថ្លែងថា សន្តិភាពដែលប្រជាពលរដ្ឋកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះ មិនមែនកើតឡើងដោយកត្តាចៃដន្យនោះទេ ប៉ុន្តែជាសន្តិភាពដែលបានពីការខិតខំរកដោយលំបាក និងជាផ្លែផ្កាដែលបានមកពីការលះបង់ និងការចូលរួមយ៉ាងសកម្មពីអ្នកជំនាន់មុន ជាពិសេសលោកអ៊ំ លោកពូ អ្នកមីង អតីតយុទ្ធជនគ្រប់រូប។
លោក ហ៊ុន ម៉ានី បានថ្លែងដូចនេះនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នាឱកាសអញ្ជើញសំណេះសំណាលជាមួយលោកអ៊ំ លោកពូ អ្នកមីង ដែលជាអតីតយុទ្ធជនទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ ចំនួន ២ ៣០៧នាក់ វត្តមានចូលរួមលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ មន្រ្តីរាជការជុំវិញខេត្ត អភិបាលក្រុង/ស្រុក ទាំង៩ ។
ជាកិច្ចចាប់ផ្តើមនាឱកាសនោះលោកឧបនាយករដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនចំពោះលោកអ៊ំ លោកពូ អ្នកមីង អតីតយុទ្ធជនទាំងអស់ដែលមានវត្តមានក្នុងកម្មវិធីថ្ងៃនេះ។
លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា សន្តិភាពដែលប្រជាពលរដ្ឋកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះ មិនមែនកើតឡើងដោយកត្តាចៃដន្យនោះទេ ប៉ុន្តែជាសន្តិភាពដែលយើងខិតខំរកដោយលំបាក គឺជាផ្លែផ្កាដែលបានមកពីការលះបង់ និងការចូលរួមយ៉ាងសកម្មពីអ្នកជំនាន់មុន ជាពិសេសលោកអ៊ំ លោកពូ អ្នកមីង អតីតយុទ្ធជនគ្រប់រូប ដែលបានឆ្លងកាត់ការលំបាក គ្រោះថ្នាក់ និងយកអាយុជីវិតជាដើមទុន ដើម្បីការពារជាតិ និងប្រជាជន។
លោកថា បើគ្មានអតីតយុទ្ធជន យើងជាខ្នង ឬជាខែលការពារនៅជួរមុខ និងរំដោះប្រទេសជាតិឱ្យមានសុខសន្តិភាពទេ ក៏យើងក៏មិនមានឱកាសរីកលូតលាស់ និងបានរៀនសូត្របាននោះដែរ។ ក្រៅពីការចូលរួមក្នុងការការពារជាតិ អតីតយុទ្ធជនជាច្រើនរូបក៏បានបន្តចូលរួមក្នុងការកសាង និងអភិវឌ្ឍសង្គម តាមរយៈការបំពេញការងារ ការចូលរួមក្នុងសហគមន៍ និងការផ្ទេរបទពិសោធន៍ទៅកាន់កូនចៅ និងយុវជនជំនាន់ក្រោយ។ បទពិសោធន៍ គុណតម្លៃ និងស្មារតីស្នេហាជាតិរបស់លោកអ៊ំ លោកពូ អ្នកមីង គឺជាមេរៀនដ៏មានតម្លៃសម្រាប់យុវជនជំនាន់ក្រោយ។
លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានសម្តែងការដឹងគុណ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ មិនថារូបលោកផ្ទាល់ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល មិនដែលបំភ្លេចឡើយនូវគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន របស់ លោកអ៊ុំ លោកពូ អ្នកមីង ចំពោះវីរភាព ភក្តីភាព និងការលះបង់សាច់ស្រស់ឈាមស្រស់ យុវវ័យភាព និងសុភមង្គលផ្ទាល់ខ្លួន ហែលឆ្លងកាត់ដំណាក់កាលដ៏លំបាកនៃសង្គ្រាម ដើម្បីការពារទឹកដី កសាងសន្តិភាព និងថែរក្សាសន្តិភាព ជូនមាតុភូមិ រហូតដល់យើងមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
ទន្ទឹមនឹងការចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងនេះលោក ហ៊ុន ម៉ានី បានរំលេចយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយជីវភាព និងសុខុមាលភាពរបស់អតីតយុទ្ធជន។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាបន្តបន្ទាប់ តាមរយៈការផ្គត់ផ្គង់ផ្នែកជីវភាពរស់នៅ និងតម្រូវការផ្សេងៗ ជាច្រើនទៀតដូចជា ផ្តល់ប្រាក់សោធននិវត្តន៍ និងប្រាក់របបសន្តិសុខសង្គមនានា ដែលបន្តកើនឡើងជាបន្តបន្ទាប់ រួមជាមួយនឹងប័ណ្ណថែទាំសុខភាព ការផ្តល់សម្បទានដីសង្គមកិច្ច និងការសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ក៏ដូចជាការយកចិត្តទុកដាក់ជាច្រើនផ្សេងទៀត ដែលរួមមានការបណ្តុះបណ្តាលបន្ថែមសម្រាប់ការចាប់អាជីព ពិតប្រាកដមួយនៅក្រោយពេលចូលនិវត្តន៍ និងការផ្តល់អាទិភាពដល់កូនចៅអតីតយុទ្ធជនក្នុងការចូលបម្រើការងារតាមសមត្ថភាពជំនាញ៕









































